អន្តរជាតិ
ចិន​ដោះលែង​ជនជាតិ​កាណាដា​ម្នាក់ ក្រោយ​នាយករដ្ឋមន្ត្រី Trudeau អន្តរាគមន៍​
16, Sep 2016 , 5:18 pm        
រូបភាព
​ជនជាតិ​កាណាដា​ម្នាក់ ដែល​ត្រូវ​អាជ្ញាធរ​ចិន​ចាប់ឃុំខ្លួន​ជាច្រើន​ឆ្នាំ​មក​នោះ ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​។ ការដោះលែង​នេះ ជា​ជោគជ័យ​មួយ​របស់​នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau ដែល​បានមក​អន្តរាគមន៍​ដោយផ្ទាល់​ជាមួយ​មេដឹកនាំ​ចិន ក្នង​ពេល​លោក​ទស្សនកិច្ច​នៅ​ក្រុង​ហាង​ចូ​វ ដើម្បី​ចូល​រូ​ម​ប្រជុំ G-20​។​



​បុរស​កាណាដា Kevin Garratt ដែល​ត្រូវ​ចិន​ឃុំខ្លួន​ពីរ​ឆ្នាំ​ក្រោម​ការ​បទ​ចោទ​លួច​ធ្វើ​ចារកម្ម បាន​ទៅដល់​កាណាដា​វិញ​ហើយ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា បន្ទាប់ពី​ត្រូវបាន​ដោះលែង​។ លោក Kevin Garratt ត្រូវ​ដោះលែង ក្រោយពេល​នាយករដ្ឋមន្ត្រី Justin Trudeau ស្នើ​ទៅ​មេដឹកនាំ​ចិន​ឲ្យ​លើកលែងទោស​លោក​រួចមក​។

​នាយករដ្ឋមន្ត្រី Trudeau បានធ្វើ​ទស្សនកិច្ច​នៅ​ចិន​កាលពីដើម​ខ​ខែកញ្ញា ដើម្បី​ចូលរួម​កិច្ចប្រជុំ​ប្រទេស​ជឿនលឿន​ទាំង​២០ (G-20) ហើយ​លោក​ក៏​ឆ្លៀត​ពេលនោះ លើកយក​ករណី​លោក Kevin Garratt ឡើងមក​។ ជាមួយគ្នា​នោះ លោក​ក៏​លើកឡើង​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​លើ​ផ្នែក​ពាណិជ្ជកម្ម ក៏ដូចជា​បញ្ហា​សិទ្ធិមនុស្ស​ដែរ​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា គ្រួសារ​របស់លោក Kevin Garratt បានចេញ​សេចក្ដីប្រកាស​ពី​ការ​ទៅដល់​កាណាដា​របស់លោក​។ ចំណែក​រដ្ឋាភិបាល​កាណាដា​បញ្ជាក់ដែរថា លោក Garratt ត្រូវបាន​កាត់ទោស​នៅ​ដើម​សប្ដាហ៍​នេះ ហើយក៏​ត្រូវ​លើកលែងទោស​តែម្ដង​។ បន្ទាប់មក​លោក​ក៏ត្រូវ​បញ្ជូន​ទៅកាន់​ទីក្រុង Vancouver ហើយ​លោកនាយក​រដ្ឋមន្ត្រី Trudeau ក៏​អបអរ​ការដោះលែង​នេះដែរ​។

Kevin Garratt និង​ប្រពន្ធ​របស់លោក ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែមេសា ឆ្នាំ​២០១៤ នៅក្បែរ​ព្រំដែន​ចិន និង​កូរ៉េខាងជើង​។ ប្រពន្ធ​របស់លោក ត្រូវបាន​ដោះលែង តែ​លោក​ត្រូវ​ជាប់ចោទ​ពីបទ​ធ្វើ​ចារកម្ម និង​លួច​ព័ត៌មាន​ជាតិ​របស់​ចិន​។ តាមពិតទៅ ការដោះលែង​រូបលោក បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​គេ​មិន​នឹកស្មានថា ក្រុង​ប៉េកាំង​អាច​យល់ព្រម​លើ​សំណើ​របស់​នាយករដ្ឋមន្ត្រី Trudeau ដែរ​។​

​ដោយឡែក​យោងសេចក្ដី​ប្រកាស​របស់​ក្រសួងការបរទេស​ចិន Kevin Garratt ត្រូវបាន​កាត់ក្ដី​ដោយ​តុលាការក្រុង Dandong នៅ​ថ្ងៃទី​១៣ ខែកញ្ញា​។ សេចក្ដីប្រកាស​ដដែល​ប​ន្ត​ថា ចិន គឺជា​ប្រទេស​ដែល​គោរព​គោរព​នីតិរដ្ឋ ហើយ​ចិន​ដោះស្រាយ​ករណីនេះ យ៉ាង​ដិតដល់ និង​យោងតាម​ច្បាប់ ដោយ​គោរព​សិទ្ធិ​ជនជាប់ចោទ​៕


Tag:
 ចិន​
 ​ កាណាដា​
© រក្សាសិទ្ធិដោយ thmeythmey.com