បទយកការណ៍ / បទសម្ភាសន៍
ទ្រឹស្តី​ព្រះពុទ្ធ​ជំរុញ​ចិត្ត​ព្រះអង្គ យ៉​ន សេង​យៀ​ត ឲ្យសិក្សា​រហូតដល់​ថ្នាក់​ក្រោយ​បណ្ឌិតនៅ Harvard
17, Sep 2016 , 1:30 pm        
រូបភាព
ដោយ៖ រឿន ភារុន​

ភ្នំពេញ​៖ ព្រះ​តេជគុណ យ៉​ន សេង​យៀ​ត ជា​បេក្ខជន​ខ្មែរ​មួយអង្គ​គត់​ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​ស្រាវជ្រាវ​ក្រោយ​ថ្នាក់បណ្ឌិត (Postdoctoral research)   នៅ សាកលវិទ្យាល័យ Harvard ក្នុង​ឆ្នាំ ២០១៦​។ ព្រះអង្គ​នឹង​ស្រាវជ្រាវ​ពី​ទស្សនវិជ្ជា ព្រះពុទ្ធ រយៈពេល​មួយឆ្នាំ ក្នុង​សហរដ្ឋអាមេរិក ដោយ​ផ្តោតលើ​តួនាទី​ព្រះសង្ឃ ក្នុង​ការរក្សា​សន្តិភាព នៅ​កម្ពុជា​ចាប់​ឆ្នាំ​១៩៩២ មកទល់​សព្វថ្ងៃ​។



​ព្រះអង្គ យ៉​ន សេង​យៀ​ត ពុំបាន​បញ្ឈប់​ការសិក្សា​ស្រាវជ្រាវ​ទាំង​ក្នុង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​នៅត្រឹម​ថ្នាក់បណ្ឌិត​ឡើយ ទោះបីជា​ព្រះសង្ឃ​បាន​បួស​សិក្សា​រៀនសូត្រ​ទាំង ក្នុង និង​ក្រៅប្រទេស​ជ្រៅជ្រះ​ហើយ​ក្តី​។ ព្រះសង្ឃ​បួស​ក្នុង​វិស័យ​ពុទ្ធចក្រ​ជាង ២០​ឆ្នាំ​មកនេះ បាន​លះបង់​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត ដើម្បី​រួមចំណែក​លើកកម្ពស់​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​រដ្ឋ ក្នុងប្រទេស​កម្ពុជា​។​

​មុនពេល​ព្រះអង្គ​បន្ត​ការសិក្សា​ស្រាវជ្រាវ​ពី​ទស្សនវិជ្ជា​ព្រះពុទ្ធ​ថ្នាក់​ក្រោយ​បណ្ឌិត តាមរយៈ​អាហារូបករណ៍​សាកលវិទ្យាល័យ Harvard នៅ​អាមេរិក ព្រះអង្គ​បាន​សិក្សា​ស្រាវជ្រាវ និង​ចូលរួម​សន្និសីទ​សាសនា​អន្តរជាតិ​ជាង ៥០​ប្រទេស​ទូទាំង​ពិភពលោក ដើម្បី​ផ្សព្វផ្សាយ​លើកតម្កើង​សាសនាព្រះពុទ្ធ​នៅ​កម្ពុជា​។​



​លេខា​ផ្ទាល់ និង​ជា​អ្នកបកប្រែ​ភាសា​ថ្វាយ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស អង្គ​នេះ បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ទស្សនវិជ្ជា ពី​សាកលវិទ្យាល័យ​ពុទ្ធសាសនា និង​បាលី​ភាសា និង​អនុបណ្ឌិត​ទស្សនវិជ្ជា ពី​សាកលវិទ្យាល័យ​កល្យាណី​យ៍ (Kelaniya) និង​សញ្ញាបត្រ ទំនាក់ទំនង​អន្តរជាតិ ពី​មជ្ឈមណ្ឌល Badaranaike Center for International Studies (BCIS), Colombo ប្រទេស​ស្រីលង្កា ព្រមទាំង​ថ្នាក់បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ទៀតផង​។​

​ឱកាស​សិក្សា និង​ការចង់​ចេះ​ចង់ដឹង​ពី​ព្រះពុទ្ធ និង​ការកសាង​សន្តិភាព នៅ​ជំរំ​ជនភៀសខ្លួន​
​ប្រធាន​ពុទ្ធិ​សមាគម​កម្ពុជរដ្ឋ​មាន​ព្រះ​ជន្មាយុ​៣៩​ឆ្នាំ​ព្រះវស្សា​អង្គ​នេះ ពុំ​ភ្លេចគុណ​ញោមប្រុស​ស្រី និង​ពុទ្ធបរិស័ទ​ដែល​ជួយ​ជ្រោមជ្រែង​ឧបត្ថម្ភ​ព្រះអង្គ​ឲ្យ​បាន​បួស​សិក្សា​រៀនសូត្រ​បាន​ជ្រៅជ្រះ មកទល់​បច្ចុប្បន្ន​ឡើយ​។ ព្រះអង្គ​ប្រសូត្រ​ក្នុង​ត្រកូល​គ្រួសារ​កសិករ​នៃ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង​អង្គ​នេះ បាន​មាន​ដីកា​រម្លឹក​ពី​ការសិក្សា​ក្នុង​អតីតកាល​ថា ព្រះអង្គ​បាន បួស​សិក្សា​រៀនសូត្រ ក្នុង​ជំរំ​ជនភៀសខ្លួន ចាប់ពី​ឆ្នាំ ១៩៩១ រហូតមកទល់​បច្ចុប្បន្ន​។​

​ព្រះអង្គ​មាន​ដីកា​ថា កាលនោះ ព្រះអង្គ​មានឱកាស​សិក្សា​ទាំង​ព្រះធម៌ ភាសាបាលី និង​ភាសា​អង់គ្លេស ក្នុង​ជំរំ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ​។ «​កាលនោះ អាត្មា​តែង​លឺ​អ្នក​នៅក្នុង​ជំរំ​និយាយ​ពី​ប្រទេស​អភិវឌ្ឍ​ថា ដូច​ឋាន​ទេវតា​។ ដូច្នេះ​អាត្មា​តែង​ស្រមៃ​រហូតដល់​មានឱកាស​ទៅ​បន្ត​ការសិក្សា នៅ​ស្រីលង្កា​»​។ ព្រះអង្គ យ៉​ន សេង​យៀ​ត កំពុងមាន​ដីកា​បញ្ជា​ក់មួយៗ ក្នុង​កុដិ និង​បណ្ណាល័យ​ផ្ទុក​សៀវភៅ​សិក្សា​ជាង ៣​ពាន់​ក្បាល​របស់​ព្រះអង្គ​ក្នុង​វត្ត​ឧណ្ណាលោម នៅ​រាជធានី​ភ្នំពេញ​។ អំឡុងពេល​សិក្សា​ក្នុង​ឆ្នាំ ២០០៣ ដល់ ២០០៦ ព្រះអង្គ​មាន​តួនាទី​ជា​ប្រធាន​ពុទ្ធិ​សមាគម​សមណ​និស្សិត​ខ្មែរ ស្រីលង្កា​ផងដែរ​។​



​ព្រះអង្គ​ពុំបាន​បញ្ឈប់​ការសិក្សា​ត្រឹម​កម្រិត​នេះឡើយ ក្រោយ​ព្រះអង្គ​បានបញ្ចប់​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម និង​ក្រោយ​ឧ​ត្ត​ម​សិក្សា​ជាង ៦​ឆ្នាំ​នៅ​ស្រីលង្កា​រួច​និមន្ត​ត្រឡប់មក​មាតុភូមិ​កំណើត​វិញ​។ ក្នុង ២០១០ ព្រះអង្គ​ស្វះស្វែង​រហូត​ទទួល​សញ្ញាបត្រ​កម្រិត​ឧ​ត្ត​ម នៅ​សាលា​ភូមិន្ទ​រដ្ឋបាល និង​ឆ្នាំ ២០០៨ គ្រូ​ពុទ្ធិក​ឧ​ត្ត​ម​សិក្សា​ទស្សនវិជ្ជា នៃ​ក្រសួង​ធម្មការ និង​សាសនា និង​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ នៅ​រាជបណ្ឌិត្យសភាកម្ពុជា ក្នុង​ឆ្នាំ ២០១៤​។​

​ការព្យាយាម​សិក្សា​ស្រាវជ្រាវ​ចង់​ចេះ​ចង់ដឹង​ជ្រៅជ្រះ​ទាំង​ថ្ងៃ​យប់​ក្នុង​វិស័យ​ពុទ្ធចក្រ​តាំងពី​កុមារភាព​រហូតមក នាំ​ឲ្យ​ព្រះអង្គ​បណ្ឌិត យ៉​ន សេង​យៀ​ត មានចំណេះ​ជំនាញ និង​សមត្ថភាព​កាន់​កិច្ចការ​សិក្សាអប់រំ​ព្រះសង្ឃ​កម្រិត​ឧ​ត្ត​មសិ​ក្សា ក្នុង​ក្រសួង​ធម្មការ និង​សាសនា​។ ក្នុង​ឆ្នាំ ២០០៦ ដល់ បច្ចុប្បន្ន ព្រះអង្គ​បាន​ចូលកាន់​តួនាទី​ជា សាកលវិទ្យាធិការរង​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​។ លើសពីនេះ ពី​ឆ្នាំ ២០១៣ ដល់​បច្ចុប្បន្ន ព្រះអង្គ​ព្រឹទ្ធបុរស​រង​ភាសា​អង់គ្លេស នៅ សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ថែមទៀត​។​

​ក្រៅពី​តួនាទី​ក្នុង​វិស័យ​អប់រំ​នេះ ព្រះអង្គ​មាន​តួនាទី​ការងារ​ផ្សេងទៀត ក្នុងនោះ រួមមាន ជា​អគ្គលេខា​ក្រុមប្រឹក្សា​អន្តរ​សាសនា​សមាជិក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​សាសនា​ពិភពលោក ដើម្បី​សន្តិភាព ទទួលបន្ទុក បរិស្ថាន បុរី​ញ៉ូ​យ៉​ក សហរដ្ឋអាមេរិក លេខា​ផ្ទាល់ និង​ជា​អ្នកបកប្រែ​ភាសា​ថ្វាយ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ និង​ប្រធាន​ពុទ្ធិ​សមាគម​កម្ពុជរដ្ឋ​។​



​វា​ពុំមែន​ជាការ​ចៃដន្យ​ដែល​នាំ​ឲ្យ​ព្រះអង្គ​មានចំណេះ​វិជ្ជា​ជ្រៅជ្រះ​ខ្ពង់ខ្ពស់ ក្នុង​វិស័យ​សាសនា​នោះទេ​។ ព្រះអង្គ​មាន​ដីកា​ពី​មូលហេតុ​នាំ​ឲ្យ​ព្រះអង្គ​មាន​ឆន្ទៈ​ស្វះស្វែង​សិក្សា​រៀនសូត្រ​រហូតមក ពីព្រោះ​ព្រះអង្គ​ចង់​រួមចំណែក​លើកកម្ពស់​ពុទ្ធ​សាសនា និង​អប់រំ​ពុទ្ធបរិស័ទ​ទាំង​ក្នុង និង​ក្រៅប្រទេស​។ «​យើង​ឃើញ​មនុស្ស​លង់ទឹក​ហើយ យើង​មិនចេះ​ហែល​ទឹក តើ​យើង​ចុះទៅ​ជួយ​មនុស្ស​ម៉េច​កើត​»? នេះ​ជា​ដីកា​របស់​ព្រះអង្គ​បណ្ឌិត យ៉​ន សេង​យៀ​ត​។​

​យ៉ាងណាមិញ កូន​ទី​ពីរ​ចំណោម​បងប្អូន​៥​នាក់ មាន​ដីកា​បន្ត​លើកឡើង​ពី​ពុទ្ធឱវាទ​យ៉ាង​ដូច្នេះ​ថា​៖«​ព្រះពុទ្ធ​ចង់​ឲ្យ​អ្នកបួស​ក្នុង​ពុទ្ធសាសនា ព្រះសង្ឃ​ចេះដឹង​ក្លាយជា​វិញ្ញូ​ជន​។ ព្រះសង្ឃ​ត្រូវតែ​អភិវឌ្ឍ​ខ្លួន​ឲ្យ​ចេះដឹង ជា​មនុស្ស​មាន​បញ្ញា ដើម្បី​ចូលរួម​ជួយ អភិវឌ្ឍន៍​សង្គម​លើ​វិស័យ​ពុទ្ធសាសនា ដើម្បី​បង្រៀន​ព្រះសង្ឃ​ក្មេង បង្រៀន​ពុទ្ធបរិស័ទ​។ អាត្មា ខ្លួនឯង​ត្រូវតែ​ចេះ​»​។ តែ​យ៉ាងណា ព្រះអង្គ​បាន​បន្ត​ដីកា​សង្កត់ធ្ងន់ថា​៖«​ព្រះពុទ្ធ​មិន​បង្រៀន​ព្រះសង្ឃ ឲ្យ​ទៅជា​មនុស្ស​សម្បូរ​សប្បាយ ខាង​ទ្រព្យសម្បត្តិ​ទេ​»​។​

​សាកលវិទ្យាល័យ Harvard បណ្តុះ​មនុស្ស​ឲ្យ​មានចំណេះដឹង និង​គុណធម៌​
​ព្រះអង្គ​បណ្ឌិត យ៉​ន សេង​យៀ​ត នឹង​ចាក​ចេញពី​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក នៅ​ដើមខែ​តុលា ឆ្នាំ​២០១៦​នេះ ដើម្បី​បន្ត​ការសិក្សា​ស្រាវជ្រាវ​ថ្នាក់​ក្រោយ​បណ្ឌិត រយៈពេល​មួយឆ្នាំ នៅ​សាកលវិទ្យាល័យ Harvard​។ វា​ពុំមែន​ជាការ​ចៃដន្យ​ឡើយ​ដែល​ព្រះសង្ឃ​ខ្មែរ​អង្គ​នេះ​មានឱកាស ទៅ​បន្ត​ការសិក្សា​ក្រោយ​ថ្នាក់បណ្ឌិត​នៅ​គ្រឹះស្ថានសិក្សា​ល្បីល្បាញ​មួយ​នៅលើ​ពិភពលោក​។​



​ព្រះអង្គ​មាន​ដីកា​ពី​ដំណើរ​ស្នើ​អាហារូបករណ៍​នេះ​ថា ព្រះអង្គ​បាន​សរសេរ​គម្រោង​សិក្សា​ស្រាវជ្រាវ​ជាង ៣០​ទំព័រ អំពី​តួនាទី​ព្រះសង្ឃ​ក្នុងការ​រក្សា​សន្តិភាព​នៅ​កម្ពុជា មុនពេល​ព្រះអង្គ​ដាក់​ឯកសារ​ទាំងនោះ ស្នើ​សាកលវិទ្យាល័យ តាម Online ចំនួន ២​លើក​។​

​ព្រះអង្គ​ពុំបាន​បោះបង់ចោល​ឱកាស​អាហារូបករណ៍​សាកលវិទ្យាល័យ​ល្បី​នេះឡើយ​។ ផ្នែក​សិក្សា​សាសនា​នៃ​សាកលវិទ្យាល័យ Harvard បាន​លើកទឹកចិត្ត​ឲ្យ​ព្រះអង្គ​ដាក់ពាក្យ​ស្នើ​ជា​លើក​ទី​ពីរ​។ ក្រៅពី​ការ​ផ្តល់ឱកាស​ពី​ខាង​សាលា​ហើយ​នោះ ទ្រឹស្តី​ព្រះពុទ្ធ​ក៏​ជួយ​ជំរុញ​លើក ចិត្ត​ព្រះអង្គ​ផងដែរ​។

​ទោះបីជា​មិន​ជោគជ័យ​ការស្នើ​លើកដំបូង ព្រះអង្គ​មាន​ដីកា​តាម​ទ្រឹស្តី​ព្រះពុទ្ធ​ដែល​ជំរុញ​ឲ្យ​ព្រះអង្គ​ដាក់​អាហារូបករណ៍​ថា​៖«​អ្វីៗ​ទាំងអស់ វា​មិន​ទៀង​។ ទ្រឹស្តី​«​មិន​ទៀង​»​នេះ ជួយ​អាត្មា​ច្រើនណាស់ កាលណា​យើង​ស្ថិតក្នុង​ការងារ​កាន់តែ​ធំ ទ្រឹស្តី​នេះ ជួយ​យើង​កាន់តែខ្លាំង មានន័យថា យើង​រស់​នៅតាម​ដំណាក់កាល​។ យើង​ត្រូវ​ប្រកាន់​គោលការណ៍​របស់​យើង កាលណា​យើង​ចង់​គិតពី​អ្វី វា​ត្រូវមាន​មូលដ្ឋាន​នៃ​ការគិត​»​។​

​ដូច​ការស្នើ​អាហារូបករណ៍​សិស្ស​និស្សិត​អាហារូបករណ៍​ដទៃ​ដែរ ព្រះអង្គ​ត្រូវដាក់​ឯកសារ​សិក្សា គម្រោង​សិក្សា និង​បទពិសោធន៍​នានា​ជា​លើក​ទី​ពីរ រហូត​សាកល​វិទ្យា​សម្រេច​ផ្តល់ អាហារូបករណ៍​ប្រគេន​ព្រះអង្គ​ក្នុង​ឆ្នាំ ២០១៦​នេះ​។ ព្រះអង្គ​បាន​បង្ហើប​ថា ការងារ​សង្គម រួម ទាំង​ចំណេះ​ជំនាញ និង​បទពិសោធន៍​ការងារ​ជាង​២០​ឆ្នាំ ជួយ​ព្រះអង្គ​ឲ្យ​ទទួលបាន​អាហា​រូបកណ៍​នេះ​។​



«​មតិយោបល់​អាត្មា សម្រាប់​អ្នកសិក្សា​ដែល​ប្រាថ្នា​ចង់ទៅ​កាន់​សាលា​ធំ​លើ​ពិភពលោក​គួរ ណាស់​តែ​រក្សា​កំណត់ត្រា​ប្រចាំថ្ងៃ ហើយ​ប្រឡូក​ឲ្យ​មែនទែន​ក្នុង​កិច្ចការ​សង្គម ជួយ​សង្គម តាម​រូបភាព​ណាក៏ដោយ​។ បាន​តិចក្តី ច្រើនក្តី​។ កិច្ចការ​សង្គម​ជា​ចំណែក​មួយ ជួយ​អាត្មា​ឲ្យ​ទទួល​អាហារូបករណ៍​»​។ នេះ​ជា​ដីកា​ណែនាំ​របស់​ព្រះអង្គ​បណ្ឌិត យ៉​ន សេង​យៀ​ត​។​

​ព្រះអង្គ​មាន​ដីកា​សង្កត់ធ្ងន់​តាម​ទស្សនៈ​យល់ឃើញថា​៖«​សាលា​ធំៗ​គេ​ឲ្យ​តម្លៃ​លើ​ការងារ​ទាំង នេះ ព្រោះ​គេច​ង់​បណ្តុះ​មនុស្ស​ឲ្យ​មានចំណេះដឹង​ហើយ មានគុណ​ធម៌​ទៀត​។ គេ​សួរថា ពេល​រៀន​ចប់​តើ​យើង​មាន​អ្វី​ជួយ​សង្គមជាតិ​វិញ​»?

​ក្រៅពី​ការងារ​សាសនា​ព្រឹក ព្រះអង្គ​តែង​សិក្សា​ស្រាវជ្រាវ​ពេល​រសៀល ជាពិសេស​ពេលយប់​អធ្រាត្រ​។ «​ដំណើរ​កន្លងមក អាត្មា​ព្យាយាម​។ សម្រាប់​អាត្មា ការសិក្សា​រៀនសូត្រ គឺ​យើង​អនុវត្តតាម​ដំបូន្មាន របស់លោក​គ្រូ​។ លោកគ្រូ​ប្រាប់ថា ក្នុង​ពុទ្ធសាសនា ពេលវេលា​នេះ វា​ទំពា​ស៊ីម​នុស្ស មានន័យថា ពេលវេលា​គ្រប់​វិនាទី​ទាំងអស់ មានតម្លៃ​។ បើ​យើង​ប្រើពេល​វេលា​គ្រប់​វិនាទី​ទាំងអស់​ឲ្យ​មាន​ប្រយោជន៍ វា​នឹង​ឲ្យ​ផល​»​។ ព្រះអង្គ យ៉​ន សេង​យៀ​ត មាន​ដីកា​ពី​ការព្យាយាម​ទាញ​ប្រយោជន៍​ពី​ពេលវេលា​។​



​ក្រៅពី​ការស្វែងរក​ព័ត៌មាន​អាហារូបករណ៍​តាម Online នានា ព្រះអង្គ​តែង​អាន​ព័ត៌មាន​អន្តរជាតិ​ធំៗ លើ​សកលលោក​តាម Online ដែរ ដួច​ជា សារព័ត៌មាន CNN BBC The Diplomate និង​Channel news Asia ជាដើម ដើម្បី​បង្កើន​ចំណេះ និង​ទទួលបាន​គំនិត​នានា​ជុំវិញ​ពិភពលោក តាមរយៈ​ព័ត៌មាន​ទាំងនេះ​។

​ព្រះអង្គ​នឹង​ទៅ​បន្ត​ការសិក្សា​ស្រាវជ្រាវ ពី​ទស្សនវិជ្ជា​ព្រះពុទ្ធសាសនា ក្នុង​ដំណើរ​រក្សា​សន្តិភាព​។ ព្រះអង្គ​នឹង​ផ្តោត​ការស្រាវជ្រាវ​ពីស​ម្ដេច​ព្រះមហា​ឃោស​ន​ន្ទ ក្នុង​ដំណើរ​សន្តិភាព ចាប់ពី​ឆ្នាំ ១៩៩២ រហូតមក​សព្វថ្ងៃ​។​

«​ព្រះសង្ឃ​ចូលរួម​ក្នុង​កិច្ចការ​សន្តិភាព និង​ការផ្សះផ្សារ​ជាតិ​ផុសផុល​។ តែ​ហាក់ដូចជា មិនទាន់មាន​អ្នក​ជីក​កកាយ រឿង​ច្រើន​។ ដូចនេះ​អាត្មា​សរសេរ​រឿងនេះ​ឲ្យ​ពលរដ្ឋ​យើង​ដឹងថា តាំងពី​ឆ្នាំ ១៩៩២ មក ព្រះសង្ឃ​ដើរតួនាទី​អ្វី​សំខាន់ ក្នុងការ​ផ្សះផ្សារ​ជាតិ ព្រោះ​ខ្មែរ​យើង​បែកបាក់​គ្នា​»​។ នេះ​ជា​ដីកា​របស់​ព្រះអង្គ សេង​យៀ​ត ដែល​តាំងចិត្ត ព្យាយាម​សិក្សា រៀនសូត្រ និង​ផ្សព្វផ្សាយ​សាសនា និង​វប្បធម៌​ខ្មែរ​ឲ្យ​ដល់​លើ​ឆាក​អន្តរជាតិ​ដូច​កាល​ទស្សវត្ស​ទី ៦០ ។

​ព្រះអង្គ​បាន​លើក​ទ្រឹស្តី​ព្រះពុទ្ធ​មួយ​ឃ្លា ក្នុង​ការរក្សា​សន្តិភាព​ផ្លូវចិត្ត​យ៉ាងណា​ដូច្នេះ​ថា​៖«​ព្រះពុទ្ធ​លោក​ថា យើង​រស់នៅក្នុង​សង្គម​ធ្វើ​ឲ្យ​ល្អ តែបើ​មាន​ហេតុផល​ណាមួយ កើតឡើង​នោះ អ្នក​ត្រូវ​ចាត់ទុក​របស់​ទាំងពីរ​ឲ្យ​ស្មើគ្នា ទាំង​ការពេញចិត្ត និង​មិន​ពេញចិត្ត​។ ទីមួយ ក្នុង​ចិត្ត​របស់​យើង​ផ្តើម​គិតថា អ្វីៗ​ទាំងអស់​មិន​ទៀង​ឡើយ​។ រឿង​ហ្នឹង​ពិតមែន​»​។​

​ក្រោយពី​ព្រះអង្គ​បញ្ចប់​ការសិក្សា​ព្រះអង្គ​នឹង​និមន្ត​ត្រឡប់មក​បង្រៀន​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​វិញ​៕




Tag:
 យ៉​ន សេង​យៀ​ត​
  ពុទ្ធសាសនា​
  សន្តិភាព
© រក្សាសិទ្ធិដោយ thmeythmey.com