ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក អាច​សម្លាប់​ជីវិត​ផ្លូវភេទ​អ្នក​បាន​
17, Sep 2016 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលណា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មួយ​មាន​ដែន​កំណត់​ត្រឹមត្រូវ វា​ពិតជា​អាច​បង្កើន​ចំណង់​ផ្លូវភេទ​អ្នក​បាន​។ យ៉ាងណាមិញ មិនមាន​មនុស្ស​ច្រើន​ទេ​ដែល​ដឹង​អំពី​ការពិត​ត្រង់​ថា គ្រឿង​ស្រវឹង​អាច​នាំ​ឲ្យ​មាន​បញ្ហា​មួយចំនួន​ចំពោះ​ជីវិត​ផ្លូវភេទ​ទេ​បើសិនជា​ញ៉ាំ​ច្រើនពេក​។ ដូច្នេះហើយ ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយចំនួន​ដែល​បញ្ជាក់ថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក​អាច​ផ្តល់​គ្រោះថ្នាក់​ដល់​ជីវិត​ផ្លូវភេទ​អ្នក​បាន​។​



​ប៉ះពាល់​ដល់​ការផលិត​អ័រម៉ូន​ភេទ​ប្រុស​តេ​ស្តូ​ស្តេ​រ៉ូ​ន​
​បើសិនជា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ ឬ​ញ៉ាំ​ញឹកញាប់ នោះ​វា​នឹង​ប៉ះពាល់​ដល់​ការផលិត​អ័រម៉ូន​ភេទ​ប្រុស​តេ​ស្តូ​ស្តេ​រ៉ូ​ន​ជាមិនខាន​។ គ្រឿង​ស្រវឹង​ក៏​អាច​បង្ក​ជា​ប្រតិកម្ម​គីមី​នៅក្នុង​ខួរក្បាល និង​ទប់ស្កាត់​ការផលិត​អ័រម៉ូន​នេះ​បានដែរ​។​

​បង្កបញ្ហា​ច្រើន​ចំពោះ​ការឡើង​រឹង​របស់​លិង្គ​
​ផល​រំខាន​មួយ​ដ៏​ញឹកញាប់​នៃ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​ពេក​គឺ លិង្គ​មិនអាច​ឡើង​រឹង​កើត​តែម្តង​។ រឿងនេះ​ដោយសារតែ​ការពុល​ស្រួចស្រាវ ឬ​រ៉ាំរ៉ៃ​នៃ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​តែម្តង​។ ចំពោះ​ហេតុផល​គឺថា គ្រៀង​ស្រវឹង​អាច​រំខាន​ដល់​ការផ្គត់ផ្គង់​ឈាម​ដល់​សរីរាង្គ​បន្ត​ពូជ ដូច្នេះហើយ​វា​កាន់តែ​ពិបាក​ក្នុងការ​ទទួលបាន​លិង្គ​ឡើង​រឹង​នៅពេល​មាន​សម្រើប​ផ្លូវភេទ​។​

​ស្ងួត​ទ្វារមាស​
​ហេតុផល​មួយ​ដែល​នាំ​ឲ្យ​ស្ត្រី​មិនអាច​រីករាយ​នឹង​ការរួម​ភេទ​គឺ​ដោយសារតែ​ការ​កង្វះ​ទឹករំអិល​ក្នុងពេល​រួមភេទ​តែម្តង​។ ហើយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក​ត្រូវបាន​គេ​ស្គាល់​ថា​អាចធ្វើ​ឲ្យ​ទ្វារមាស​ស្ងួត​បាន​ដោយសារ​តេ​គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ក្នុង​ខ្លួន ពិបាក​ដល់​ការ​រួមភេទ និង​បង្កបញ្ហា​ជាច្រើន​ដល់​ជីវិត​ផ្លូវភេទ​ទៀត​។​

​ខ្សោយ​ចំណង់​ផ្លូវភេទ​
​មិនមាន​មនុស្ស​ច្រើន​ទេ​ដែល​ដឹងថា គ្រឿង​ស្រវឹង​គឺជា​សារធាតុ​នាំ​ឲ្យ​បាក់​ទឹកចិត្ត​ទេ ហើយ​ការ​ញ៉ាំ​កាន់តែច្រើន​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អារម្មណ៍មិនល្អ​ទេ តែ​ថែមទាំង​បន្ថយ​ចំណង់​ផ្លូវភេទ​ទៀតផង​។ ហើយ​ការ​ខ្សោះ​ជាតិ​ទឹក​ជាមួយគ្នា​នឹង​អារម្មណ៍មិនល្អ ពិតជា​នាំ​ឲ្យ​ការ​រួមភេទ​កាន់​តែមាន​ផលប៉ះពាល់​។​

​មាន​បញ្ហា​ក្នុងការ​ឈានដល់​ចំណុចកំពូល​
​គេ​មើលឃើញថា ទាំង​បុរស និង​ស្ត្រី​កំពុងតែ​ប្រឈម​នឹង​ភាពលំបាក​ក្នុងការ​ឈានដល់​ចំណុចកំពូល​ក្រោយពី​ពួកគេ​ស្រវឹង​ខ្លាំង​។ ការដែល​បន្ត​ញ៉ាំ​គ្រឿង​ច្រើនៗ​ប្រហែលជា​នាំ​ឲ្យ​ពិបាក​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ ព្រមទាំង​លិង្គ​មិនអាច​ឡើង​រឹង​ទៀត​។​

​ការផលិត​មេជី​វិត​ឈ្មោល​
​តើ​អ្នកមាន​ដឹង​ទេ​ថា គ្រឿង​ស្រវឹង​អាច​រំខាន​ដល់​ការផលិត​មេជី​វិត​ឈ្មោល​បាន ដែលជា​ហេតុ​នាំ​ឲ្យ​មេជី​វិត​ឈ្មោល​មាន​ចំនួន​កាន់តែ​តិច​។ កាលណា​រឿងនេះ​មាន​រយៈពេល​យូរៗ​ទៅ វា​ប្រហែលជា​ប្រឈម​ខ្លាំង​នឹង​បាត់បង់​លទ្ធភាព​នៃ​ការ​មានកូន​។ ដូច្នេះហើយ ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​បើសិនជា​ចង់​ឲ្យ​ជីវិត​ផ្លូវភេទ​កាន់តែ​មាន​ភាព​សកម្ម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com