អន្តរជាតិ
លោកស្រី​ស៊ូ​ជី អំពាវនាវឲ្យ​ពាណិជ្ជករ​ទៅ​វិនិយោគនៅ​មី​យ៉ាន់​ម៉ា​កាន់​ច្រើន ក្រោយ​អាមេរិក​សន្យា​ដក​ទណ្ឌកម្ម​ទាំងអស់
17, Sep 2016 , 12:40 pm        
រូបភាព
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ជជែកជាមួយនឹងប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នៅសេតវិមាន (ប្រភពរូបភាព៖ White House)
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ជជែកជាមួយនឹងប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នៅសេតវិមាន (ប្រភពរូបភាព៖ White House)
ដោយ:
​ប្រមុខ​ដឹកនាំ de facto មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​អំពាវនាវ​ដល់​ពាណិជ្ជករ និង​ក្រុមហ៊ុន​ធំៗ​ឲ្យ​ចូល​វិនិយោគ​ប្រទេស​របស់ខ្លួន​ដើម្បី​ជាការ​លើកស្ទួយ​ដល់​ដំណើរការ​ឆ្ពោះទៅមុខ​នៃ​លទ្ធិប្រជាធិបតេយ្យ​។ សេចក្តីអំពាវនាវ​នេះ ធ្វើឡើង​ក្រោយពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន សន្យា​ដក​ទណ្ឌកម្ម​ប្រឆាំងនឹង​មី​យ៉ាន់​ម៉ា​ដែល​បានដាក់​តាំងពី​ប្រទេស​ប្រជាធិបតេយ្យ​ក្មេងខ្ចី​អាស៊ីអាគ្នេយ៍​មួយ​នេះ ត្រូវបាន​ដឹកនាំ​ដោយ​របប​យោធា​ច្រើន​ទសវត្ស​រ៍ហើយ​នោះ​។



​ពី​ក្រុង​វ៉ាស៊ីនតោន​ក្នុង​កម្មវិធី​ដែល​រៀបចំ​ដោយ​ក្រុមប្រឹក្សា​អ្នកជំនួញ​អាមេរិក​-​អាស៊ាន លោកស្រី​អ៊ុង​សាន ស៊ូ​ជី បាន​ថ្លែងប្រាប់​ក្រុម​ពាណិជ្ជករ​យ៉ាង​ដូច្នេះ​ថា «​ជោគជ័យ​សេដ្ឋកិច្ច គឺជា​មធ្យោបាយ​មួយ​ដែល​អាច​ឲ្យ​យើង​(​រដ្ឋាភិបាល​លោកស្រី​) បញ្ចុះបញ្ចូល​គ្រប់គ្នា​នៅក្នុង​ប្រទេស ដែល​រាប់បញ្ចូល​ទាំង​យោធា​ផងដែរ​នោះ ថា លទ្ធិប្រជាធិបតេយ្យ គឺជា​មាគ៌ា​ដ៏​ល្អ​បំផុត​សម្រាប់​ដំណើរ​ទៅមុខ​របស់​មី​យ៉ាន់​ម៉ា​»​។ នេះ​បើ​យោងតាម​ការដកស្រង់​សម្តី​របស់​ភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ទីនោះ​។

​នាឱកាស​ដដែល​នោះ លោកស្រី​ទីប្រឹក្សា​រដ្ឋ ក៏បាន​បន្ថែម​ដែរ​ថា ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ផ្លាស់ប្តូរ​នយោបាយ​(​ការវិវត្ត​នៃ​លទ្ធិប្រជាធិបតេយ្យ​)​អាច​ទៅមុខ​បាន រដ្ឋាភិបាល​មី​យ៉ាន់់​ម៉ា ត្រូវ​ផ្តល់​ក្តីរ​ពឹង​សេដ្ឋកិច្ច​សម្រាប់​ប្រជាជន​ខ្លួន​ផងដែរ​។ និយាយ​ឲ្យ​ខ្លី​ទៅ លោកស្រី​ស៊ូ​ជី ដែលជា​ប្រមុខ​ការទូត​មី​យ៉ាន់​ម៉ា​ផងដែរ​នោះ ចង់​ឲ្យ​ពាណិជ្ជករ វិនិយោគ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ឲ្យ​កាន់តែច្រើន ខណៈ ប្រទេសមួយ​នេះ កំពុងតែ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ស៊ីវិល​។ ជា​លទ្ធផល ប្រជាជន និង​យោធា​ដែល​ធ្លាប់​ដឹកនាំ​ប្រទេស​ជាច្រើន​ទសវត្ស​រ៍ហើយ​នោះ អាច​ជឿជាក់​លើ​ប្រព័ន្ធ​ដឹកនាំ​បែប​លទ្ធិប្រជាធិបតេយ្យ ថា អាចធ្វើ​ឲ្យ​ប្រទេស​កាន់តែ​រីកចម្រើន​ជាង​មុន​។

​អ្វី​គួរកត់សម្គាល់​នោះ ការណ៍​ដែល​អាច​ឲ្យ​លោកស្រី ស៊ូ​ជី អាចមាន​ទំនុកចិត្ត ឬ​ភាសា​សាមញ្ញ​ហៅថា «​ទឹកមាត់​» ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ក៏​ព្រោះតែ មី​យ៉ាន់​ម៉ា នឹង​លែង​ជាប់​ទណ្ឌកម្មសេដ្ឋកិច្ចរ​បស់​អាមេរិក ដែលជា​របាំង​ដ៏​ធំ​ក្នុង​ការផ្តល់​ទំនុកចិត្ត​សម្រាប់​អ្នកវិនិយោគ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​។

​ក្នុងជំនួប​លើកដំបូង​ផ្លូវការ​ក្នុងនាម​ជា​មេដឹកនាំ​ប្រទេស​នៅ​សេត​វិមាន លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បានអនុម័ត​លើ​សេចក្តីថ្លែងការណ៍​ជាមួយនឹង​លោកស្រី​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី ដោយ​អាមេរិក នឹង​លុបចោល​ទណ្ឌកម្ម​ដែល​ប្រឆាំងនឹង​មី​យ៉ាន់​ម៉ា​ទាំងអស់​ដែល​បានដាក់​ប្រឆាំងនឹង​ការដឹកនាំ​របប​យោធា​មី​យ៉ាន់​ម៉ា​កន្លងមក​។ បន្ថែម​ពីនេះ ក្រុង​វ៉ាស៊ីនតោន ក៏បាន​សន្យា​ជួយ​ជំរុញ និង​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយនឹង​មី​យ៉ាន់​ម៉ា​ទៀង​ផង​៕


Tag:
 មី​យ៉ាន់​ម៉ា​
  អាមេរិក​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com