ជាតិ
ភ្ជុំបិណ្ឌ​៖​សម្តេច ស ខេង ស្នើ​ម្ចាស់​យានយន្ត​កុំ​ដំឡើងថ្លៃ​ធ្វើដំណើរ​
17, Sep 2016 , 10:19 pm        
រូបភាព
​សម្តេច ស ខេង ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានស្នើ​ដល់​ម្ចាស់​យានយន្ត​ទាំងអស់ កុំ​ដំឡើងថ្លៃ​ធ្វើដំណើរ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​។ ទន្ទឹមនឹងនោះ សម្តេច ស ខេង ក៏បាន​ស្នើ​ឲ្យ ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱ​បុណ្យ​ប្រពៃណីជាតិ​មួយ​នេះ​។



​សម្តេច ស ខេង បានស្នើ​ឲ្យ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​រថយន្ត​ដឹក​កម្មករ កុំ​ដំឡើងថ្លៃ​ធ្វើដំណើរ ក្នុងឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​ត្រូវ​នឹង​ថ្ងៃទី​១៧ ខែកញ្ញា ដល់​ថ្ងៃទី ១ ខែតុលា​នេះ​។ ទន្ទឹមនឹង​ការបារម្ភ​ថា អាច​នឹងមាន​កំណើន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុងឱកាស​បុណ្យ​ប្រពៃណីជាតិ​មួយ​នេះ សម្តេច ស ខេង ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៏​អំពាវនាវ​ម្ចាស់​យា​យន្ត​ទាំងនោះ កុំ​ឲ្យ​ផ្ទុក​មនុស្ស ឬ​ទំនិញ​លើស​ច្បាប់​កំណត់ ពិសេស​មិនត្រូវ​ផ្ទុក​មនុស្ស​លើដំបូល​។

​នៅក្នុង​លិខិត​លិខិត​របស់​គណៈកម្មការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ចុះ​ថ្ងៃទី​១៥ ខែកញ្ញា កន្លងទៅ សម្តេច ស ខេង ក៏បាន​អំពាវនាវ​ដល់​សាធារណជន ដែលជា​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ឲ្យ​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា ដោយ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​លក្ខណៈ បច្ចេកទេស​យានជំនិះរ​បស់​ខ្លួន មុនពេល​ធ្វើចរាចរ​។

​ចំពោះ​អ្នកបើកបរ​រថយន្ត និង​អ្នករួមដំណើរ សូម​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព ឲ្យ​បាន​ត្រឹមត្រូវ​ជាប់​ជាប្រចាំ ខណៈ​អ្នកបើក​ម៉ូតូ និង​អ្នករួមដំណើរ ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​គ្រប់ៗ​គ្នា​។ នេះ​ជា​ស្នើឡើង​របស់ ប្រធាន​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែល​បាន​បន្តថា​អ្នកបើកបរ​យាន​ត្រូវ​បន្ថយល្បឿន​បើកបរ​ទៅតាម​ច្បាប់​កំណត់ និង​តាម​ស្ថានភាព​ជាក់ស្តែង ដូចជា​នៅ​ទីប្រជុំជន សាលារៀន ផ្លូវ​ជង្ហុក ផ្លូវ​កោង ផ្លូវ​ប្រសព្វ ផ្លូវ​ចំណោត ផ្លូវ​ចង្អៀត ផ្លូវ​រអិល -​ល​- និង​ត្រូវ​ប្រុងប្រយ័ត្ន​មុននឹង​វ៉ា​ជែង គោរព​សិទ្ធិ​អាទិភាព​នៅត្រង់​ផ្លូវ​ប្រសព្វ កុំ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ចា​តិ​ស្រវឹង ឬ​សារធាតុ​ញៀន ព្រមទាំង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សុជីវធម៌ កា​រអា​ធ្យា​ស្រ័យ​ទៅវិញទៅមក ដើម្បី​បញ្ចៀស​គ្រោះថ្នាក់ ឬ​សម្រួល​ស្ថានភាព​កកស្ទះ​ចរាចរណ៍ ក្នុងពេល​បើកបរ​៕


Tag:
 ស ខេង​
 ​ ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com