កីឡាជាតិ
ជាតិ
NOCC បើក​វគ្គ​សិក្សា​ស្តីពី​ជំនាញ​សរសេរ និង​ការអត្ថាធិប្បាយ​កីឡា​
18, Sep 2016 , 12:39 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC
ដោយ:
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) រៀបចំ​វគ្គ​បណ្តុះបណ្តាល​រដ្ឋបាល​កីឡា​ស្តីពី «​សារព័ត៌មាន និង​អត្ថាធិប្បាយ​កីឡា (MC)» ដើម្បី​ជំរុញ​ឲ្យ​ម​ន្រី្ត​កីឡា និង​អ្នកសារព័ត៌មាន​ចេះ​ប្រើប្រាស់​ពាក្យពេចន៍​កីឡា​ឲ្យ​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។ វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើឡើង​នៅ​ទី​ស្នាក់ NOCC រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៩-២០ ខែកញ្ញា​។​



​ដើម្បី​ឆ្លើយតប​ទៅនឹង​ផែនការមេ​ស៊ី​ហ្គេម​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​រដ្ឋបាល​កីឡា​ស្តីពី​«​សារព័ត៌មាន និង MC កីឡា​» ដើម្បី​ជួយ​លើកស្ទួយ​វិស័យ​កីឡា​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន ជាពិសេស​ឲ្យ​ស្របតាម​គោលការណ៍​អន្តរជាតិ និង​និយាម​កីឡា​ពិភពលោក​។

​វគ្គប​ណ្តុះ​បណ្ត​ល​ស្តីពី​របៀប​ប្រើប្រាស់​ពាក្យពេចន៍​បច្ចេកទេស​កីឡា​ប្រកបដោយ​វិជ្ជាជីវ​សារព័ត៌មាន​នេះ ផ្តោត​សំខាន់​ទៅលើ​មន្ត្រី​ព័ន្ធ​មាន និង MC កីឡា​របស់​សហព័ន្ធ​កីឡា​ជាតិ​កម្ពុជា ព្រោះ​បច្ចុប្បន្ន​ធនធាន​នេះ​នៅមាន​ការខ្វះខាត​នៅឡើយ​។ លើសពីនេះ ក៏​ផ្តោត​សំខាន់​ទៅលើ​អ្នក​ប្រកប​អាជីព​សារ​ព័ន្ធ ក៏ដូចជា​អត្ថាធិប្បាយ​កីឡា​ប្រចាំ​អង្គភាព​សារព័ត៌មាន​ផ្សេងៗ​ផងដែរ​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់ថា​៖«​វគ្គ​នេះ​យើង​ធ្វើឡើង​ក្នុង​គោលបំណង​ឲ្យ​មន្ត្រី​សហព័ន្ធ​កីឡា​ជាតិ ដែល​គ្រោង​នឹង​រៀបចំ​ការប្រកួត​កីឡា​ជាតិ ឲ្យ​យល់ និង​ចេះ​ប្រើប្រាស់​ពាក្យពេចន៍ និង​ជំនាញ​កីឡា​ឲ្យ​បាន​សមរម្យ និង​ត្រឹមត្រូវ​ទៅតាម​គោលការណ៍​កីឡា​អន្តរជាតិ និង​និយាម​នៃ​កីឡា​ពិភពលោក​»​។  

​លោក​បាន​បន្ថែមទៀតថា វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សិក្ខា​ប្រមាណ​ជា​៧០​នាក់​ដែល​មកពី​តាម​បណ្តា​អង្គភាព​សារព័ត៌​មានដូចជា វិទ្យុ ទូរទស្សន៍ កាសែត និង​ព័ន្ធ​មាន​អន​ឡាញ ព្រមទាំង​មន្ត្រី​របស់​សហព័ន្ធ​កីឡា​ជាតិ​។ ពួកគេ​ទាំងនេះ​នឹង​ទទួលបាន​ការណែនាំ​ពី​គ្រូឧទ្ទេស​សំខាន់ៗ​ដែលមាន​បទពិសោធន៍​ផ្នែក​សារព័ត៌មាន​ប្រកបដោយ​វិជ្ជា​ជិ​វ​ជាច្រើនរូប​។

​វគ្គ​បណ្តុះបណ្តាល​ដែល​ធ្វើឡើង​រយៈពេល​២​ថ្ងៃ​នៅ​ទីស្នាក់ការ NOCC ដោយ​ថ្ងៃទី​១​លោក ស្តើង ជា ប្រធាន​គណៈកម្មការ​ជំនាញ​វេជ្ជសាស្ត្រ​អម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​និង​ធ្វើ​បទ​បង្ហាញ​ពី «Doping» ឬ​ឯ​អ្នកស្រី ប្រាក់ សម្ផស្ស ឧទ្ទេសនាម​ពី​«MC»​។

​ចំណែក លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បង្ហាញ​ពី​ក្រមសីលធម៌ និង Fair Play​។ លោក​បណ្ឌិត ចាន់ សំណព្វ នឹង​បង្ហាញ​ពី​«​ការប្រើប្រាស់​ពាក្យ និង​សំណេរ​ខ្មែរ​» ខណៈ​លោក ជា ច័ន្ទ​បរិបូ​ណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បង្ហាញ​ពី​«​តម្លាភាព​នៃ​ការអត្ថាធិប្បាយ​កីឡា​»​។ ទន្ទឹមនឹងនោះ​ក៏មាន​ការធ្វើ​បទ​បង្ហាញ​របស់​សហព័ន្ធ​កីឡា​ជាតិ និង​ការពិភាក្សា​ជា​ក្រុម​ដើម្បី​អនុវត្តន៍​នីតិវិធី MC ផងដែរ​៕  


Tag:
 វ៉ា​ត់ ចំរើន​
  វគ្គ​បណ្តុះបណ្តាល​សារព័ត៌មាន​កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com