ជាតិ
​​​ន​យោ​បាយ​ជាតិ​
ការប្រកាស​ចូល​សភារ​បស់​បក្សប្រឆាំង ត្រូវបាន​បក្ស​កាន់អំណាច​សើចចំអក តែ​អ្នកវិភាគ​គាំទ្រ​
20, Sep 2016 , 9:39 pm        
រូបភាព
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ
​ភ្នំពេញ​៖ តំណាងរាស្ត្រ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ចូល​រដ្ឋសភា​វិញ ដើម្បី​ដោះស្រាយ​វិបត្តិ​ន​យោ​យ​បាយ និង​បញ្ហា​មួយចំនួន​របស់​ប្រជាពលរដ្ឋ​។ ការប្រកាស​ចួ​ល​សភា​របស់​ប្រឆាំង​នាពេលនេះ មិនបាន​ធ្វើ​ឲ្យ​បក្ស​កាន់អំណាច ទទួល​ស្វាគមន៍ ឬ​កោតសរសើរ​អ្វី​នោះទេ​។ ប៉ុន្តែ អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មើលឃើញ​ពី​ចំណុច​វិជ្ជមាន​នៃ​ការចូល​សភា​របស់​បក្ស​ប្រឆាំង ហើយ​សង្ឃឹមថា កម្តៅ​នយោបាយ នឹង​ថមថយ​ជាមិនខាន​។

 


​លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​ពិចារណា​ក្នុងការ​ចូលប្រជុំ​សភា​។ លោក សុន ឆ័យ លើក ហេតុផល​ថា ការពិចារណា​ក្នុង​ការចូល​រដ្ឋសភា​នេះ គឺ​ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ រួមទាំង​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ ដែល​កំពុងតែ​ប្រឈម នាពេល​បច្ចុប្បន្ន​។ ការលើកឡើង​របស់លោក សុន ឆ័យ បែបនេះ ធ្វើឡើង​បន្ទាប់ពី​លោក បាន​ចាក​ចេញពី​ការសួរសុខទុក្ខ​មន្ត្រី​និង​សកម្មជន​បក្សប្រឆាំង​មួយចំនួន ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ព្រៃ​ស​។

​បើទោះបីជា​បក្សប្រឆាំង ព្យាយាម​ប្តូរ​ឥរិយាបថ​តឹងរឹង​ក្នុងការ​ធ្វើបាតុកម្ម មក​ការចូល​សភា​ក៏ដោយ ក៏​គណបក្ស​ប្រជាជន​កម្ពុជា ហាក់ដូចជា​មិន​សាទរ​ដដែល​។ លោក សុខ ឥសាន អ្នកនាំពាក្យ​បក្ស​កាន់អំណាច បាន​សើចចំអក​ឲ្យ​បក្សប្រឆាំង​ថា ប្រែ​ក្រឡាស់​ចុះឡើងៗ ដូច​ក្មេង​បៀម​ដៃ ដោយ​មិនមាន​គោលជំហរ​ច្បាស់លាស់​។ លោក បាន​ផ្ញើ​សារ​ទៅកាន់​បក្សប្រឆាំង​បែបនេះ​ថា​៖«​គាត់ (​បក្សប្រឆាំង )​មិន​ចង់​ចូល (​សភា​) ក៏​ស្រេច​តែ​គាត់​។ គាត់​ចង់​ចូល ក៏​ចូលទៅ មាន​នរណា​ទៅ​ហាមឃាត់​គាត់​។ រដ្ឋសភា នៅតែ​បើកទ្វារ​តើ មាន​នរណា​បិទទ្វារ​មិន​ឲ្យ​គាត់​ចូល​»​។

​លោក សុខ ឥសាន មិនបាន​វាយតម្លៃ​ចំៗ​ថា ការប្រកាស​ចូល​សភា​នាពេលខាងមុខ គឺ​ដោយសារតែ​បក្សប្រឆាំង ចង់​ចរចា​ជាមួយ​បក្ស​កាន់អំណាច ដើម្បី​សុំ​ឲ្យ​ដោះលែង មន្ត្រី​និង​សកម្មជន​របស់ខ្លួន​នោះទេ​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ គ្រាន់តែ​ប៉ាន់​ស្មានថា ការផ្លាស់ប្តូរ​ឥរិយាបថ​បែបនេះ ទំនងជា​បក្សប្រឆាំង​មាន​គោលបំណង​អ្វីមួយ​ជាមិនខាន​។

​យ៉ាងណាក៏ដោយ លោក សុខ ឥសាន បានប្រកាស​ជាមុន​ថា បក្ស​កាន់អំណាច មិនអាច​ចរចា ក្នុង​សំណុំរឿង​របស់​មន្ត្រី​និង​សកម្មជន​បក្សប្រឆាំង ដែល​កំពុង​ជា​ឃុំឃាំង ជាដាច់ខាត​។​

​ផ្ទុយ​ពី​បក្ស​កាន់អំណាច លោក សូ ចន្ថា អ្នកវិភាគ​នយោបាយ គាំទ្រ​ឥ​រិ​យ​បទ​ទន់ភ្លន់​របស់​បក្ស​ប្រឆាំង ដែល​ចង់​ចូល​រដ្ឋសភា​។ លោក សូ ចន្ថា មើលឃើញថា គោលដៅ​របស់​បក្សប្រឆាំង​ក្នុង​កាលៈទេសៈ​នេះ មានតែ​មួយគត់ គឺ​ការស្វែងរក​ការចរចា ដើម្បី​សុំ​ឲ្យ​ដោះលែង​មន្ត្រី​និង​សកម្មជន​របស់ខ្លួន​។  លោក បញ្ជាក់​ដូច្នេះ​ថា​៖ «​ខ្ញុំ​គិត វា​ជា​រឿង​ល្អ បើ​បក្សប្រឆាំង​ប្តូរ​ការធ្វើ​បាតុកម្ម មក​ចូល​សភា​»​។

​អ្នកវិភាគ​រូបនេះ សន្និដ្ឋានថា ការដែល​បក្ស​កាន់អំណាច មិន​បន្ទន់ឥរិយាបថ ដាក់​បក្សប្រឆាំង គឺ​បក្ស​កាន់អំណាច មានបំណង​ចង់បង្ហាញ​បក្សប្រឆាំង​ថា ខ្លួន​មាន​កម្លាំងប្រដាប់អាវុធ និង​ស្ថាប័នរដ្ឋ រួមទាំង​ប្រជាពលរដ្ឋ ដែល​កំពុង​គាំទ្រ​ផងដែរ​។ ម្យ៉ាងទៀត បក្ស​កាន់អំណាច ក៏​ចង់​បញ្ជាក់​ពី​ចំណុចខ្សោយ​របស់​បក្សប្រឆាំង ដែល​កំពុង​សុំ​ចរចា​ជាមួយ​ខ្លួន​។

​យ៉ាងណាក៏ដោយ លោក សូ ចន្ថា នៅតែ​ទទូច​ឲ្យ​បក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំងពីរ បន្ទន់ឥរិយាបថ​ដាក់គ្នា ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ ដោយ​ជៀសវាង ការប្រើ​កម្លាំងប្រដាប់អាវុធ និង​កម្លាំង​ប្រជាពលរដ្ឋ ដើម្បី​ផ្ចាញ់ផ្ចាល​គ្នា ដែលជា​ហេតុ​នាំ​ឲ្យ​ប្រទេសជាតិ ឈានទៅរក​វិនាសកម្ម ដូច​ប្រវត្តិសាស្ត្រ​កន្លងមក​។ លោក សង្កត់ធ្ងន់ៗ​ថា វា ជា​ការល្អ​មែនទែន ប្រសិន​បក្ស​ទាំងពីរ បន្ត​ប្រើ​យន្តការ​សភា ដើម្បី​ដោះស្រាយ​បញ្ហា រហូតដល់​ការបោះឆ្នោត ចប់សព្វគ្រប់​៕


Tag:
 CPP
  CNRP
  អ្នកវិភាគ
© រក្សាសិទ្ធិដោយ thmeythmey.com