អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ​បាន គី​មូ​ន​៖ «​បាតដៃ​ប្រទេស​មហាអំណាច​ប្រឡាក់​ដោយ​ឈាម​ជន​ស៊ីវិល​»
21, Sep 2016 , 10:32 am        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន (រូបភាព Xinhua)
អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន (រូបភាព Xinhua)
​ប្រមុខ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន បាន​ព្រលះ​បណ្ដា​មេដឹកនាំ​ពិភពលោក​ដោយ​ប្រើប្រាស់​ពាក្យសម្ដី​ធ្ងន់ៗ ជុំវិញ​ជម្លោះ​បង្ហូរឈាម​ដែល​ឆក់យក​ជីវិត​មនុស្ស​រាប់លាន​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស​រាប់សិប​លាន​នាក់​ទៀត​ក្លាយជា​ជនភៀសខ្លួន​។ ប្រមុខ​អង្គការសហប្រជាជាតិ ក៏​រិះគន់​ប្រទេស​មហាអំណាច ដែល​ចូល​ដៃ​ចូល​ជើង​ក្នុង​ជម្លោះ​ទាំងនោះ តាមរយៈ​ការគាំទ្រ​ភាគី​ជម្លោះ​នីមួយៗ និង​មិន​រក​ដំណោះស្រាយ​ដែលមាន​ប្រសិទ្ធភាព​ឡើយ​។​

 
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន បាន​ប្រើ​វេទិកា​មហាសន្និបាត​លើក​ទី​៧១ រិះគន់​​មេដឹកនាំ​ពិភពលោកចំៗ​ ចំពោះការបង្កើត​​បញ្ហា​មិនចេះចប់​។ ប្រធានាធិបតី​ស៊ី​រី បា​សា អាល់​អាសាដ ប្រធានាធិបតី​ស៊ូដង់​ខាងត្បូង Salva Kiir សុទ្ធតែ​ត្រូវ​ប្រមុខ​អង្គការសហប្រជាជាតិ ព្រលះ​ធ្ងន់ៗ​ទាំងអស់​លើ​បញ្ហា​រឹតត្បិត​សេរីភាព វិបត្តិ​នយោបាយ​ក្នុងស្រុក ដែល​សម្លាប់​ប្រជាជន​រាប់លាន​នាក់​មកហើយ​នោះ​។​
 
​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​មហាសន្និបាត​នៅ​ក្រុង New York អគ្គលេខាធិការ​ជិត​ចប់​អាណត្តិ​រូបនេះ​និយាយថា នៅ​ប្រទេស​ជាច្រើន មេដឹកនាំ​ទាំងនោះ បាន​កែ​រដ្ឋធម្មនុញ្ញ ក្លែងបន្លំ​ការបោះឆ្នោត និង​ធ្វើ​សកម្មភាព​ផ្សេងទៀត​ដើម្បី​រក្សា​អំណាច​របស់ខ្លួន​។ ដោយ​មិន​និយាយ​ចំ​ពី​ប្រទេស​ណាមួយ​នោះ លោក បាន គី​មូ​ន ក៏​ផ្ញើ​សារ​ឲ្យ​មេដឹកនាំ​ប្រទេស​នោះ បម្រើប្រជាជន ឈប់​កេងប្រវ័ញ្ច​ធនធានធម្មជាតិ និង​មិនត្រូវ​ធ្វើបាប​អ្នក​រិះគន់​ឡើយ​។​
 
​ប្រមុខ​អង្គការសហប្រជាជាតិ​ជនជាតិ​កូរ៉េខាងត្បូង ក៏​ព្រលះ​ចំៗ​លើ​មេដឹកនាំ​ស៊ី​រី និង​ស៊ូដង់​ខាងត្បូង ដែល​ចូលចិត្ត​ប្រើ​ហិង្សា​ដើម្បី​ក្រាញ​អំណាច​។ លោក​អះអាងថា មេដឹកនាំ​ស៊ូដង់​ខាងត្បូង បាន​ក្បត់ប្រជាជន​ខ្លួនឯង ដោយ​ប្រើ​កម្លាំង​អាវុធ​ដើម្បីបន្តក្តោប​ក្តាប់អំណាច​។ ចំណែក​លោក អាសាដ វិញ ក៏​ប្រើ​យុទ្ធនាការ​យោធា និង​ការ​ធ្វើទុក្ខបុកម្នេញ​ប្រជាជន ដើម្បី​ការពារ​អំណាច​របស់ខ្លួន បើទោះជា​ប្រជាជន​រាប់សែននាក់​ត្រូវបាន​សម្លាប់​ក៏ដោយចុះ​។ 
 
​បើ​យោងតាម​សារព័ត៌មាន Foreign Policy លោក បាន គី​មូ​ន ក៏បាន​រិះគន់​មហាអំណាច​ខាងក្រៅ​ដែល​លូកដៃ​ចូល​ជម្លោះ​បង្ហូរឈាម ដោយបាន​ផ្ដល់​ការគាំទ្រ​ដល់​ភាគី​ជម្លោះ​ទាំងសងខាង​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ចំឈ្មោះ​ប្រទេស​ទាំង​នោះឡើយ ដោយ​លោក​លើកឡើងថា បាតដៃ​របស់​មហាអំណាច​ដែល​នៅតែ​បន្ត​គាំទ្រ​ឧបករណ៍​សង្គ្រាម គឺ​ប្រឡាក់​ដោយ​ឈាម​ជន​ស៊ីវិល​រាប់លាន​នាក់​។ 
 
​លោក បាន គី​មូ​ន និយាយ​បន្តទៀតថា​៖« អ្នក​ដែល​ចូល​រូ​ម​កិច្ចប្រជុំ​ថ្ងៃនេះ គឺជា​តំណាង​ប្រទេស​ដែល​មិន​ខ្វល់​នឹង​ការសម្លាប់​មនុស្ស ហើយ​ថែមទាំង​ជួយឧបត្ថម្ភ​ហិរញ្ញវត្ថុ រៀបចំ​ផែនការ ក៏ដូចជា​ចូលរួម​ក្នុង​សកម្ម​ភាពឃោរឃៅ​ទាំងនោះ​ទៀតផង​»​។ 
 
​នេះ​ក៏​ព្រោះតែ​ប្រទេស​ទាំងនោះ មាន​ជំហរ​មិន​ដូចគ្នា និង​គាំទ្រ​ភាគី​ជម្លោះ​ផ្សេងគ្នា ដែល​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ស្មុគស្មាញ​ខ្លាំង​។​
 
​បើទោះជា​អគ្គលេខាធិការ​រូបនេះ មិន​និយាយ​ចំឈ្មោះ​មហាអំណាច​ណាមួយ​ក៏ដោយ ក៏​គេ​អាច​ដឹងថា គ្មាន​អ្នកណា​ក្រៅពី​អាមេរិក រុស្សី តួ​ក​គី អា​រ៉ា​ប៊ី សា​អូឌីត បារាំង និង​អ៊ីរ៉ង់​ដែរ​។ នេះ​ក៏​ដោយសារតែ​មហាអំណាច​ពិភពលោក និង​មហាអំណាច​តំបន់​ទាំងនេះ សុទ្ធតែ​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ជម្លោះ​បង្ហូរឈាម​នៅ​ស៊ី​រី អ៊ីរ៉ាក់ និង​តំបន់​ដទៃទៀត​៕ 
 
  

Tag:
 UN
  Ban Ki Moon
© រក្សាសិទ្ធិដោយ thmeythmey.com