កីឡាជាតិ
ជាតិ
កម្ពុជា​ចេញទៅ​ហ្វឹកហាត់​នៅ​សិង្ហ​បុរី​ដើម្បី​ត្រៀមខ្លួន​ទទួល​វគ្គ​ជម្រុះ​ជើងឯក​អាស៊ាន​
21, Sep 2016 , 11:11 am        
រូបភាព
កីឡាករ ចាន់ វឌ្ឍនាកា ឈិន ឈឿន និងប៊ិន ធារី ពេលចេញដំណើរទៅសិង្ហបុរី។ រូបថត ហ្វេសប៊ុក Chan Vathanaka
កីឡាករ ចាន់ វឌ្ឍនាកា ឈិន ឈឿន និងប៊ិន ធារី ពេលចេញដំណើរទៅសិង្ហបុរី។ រូបថត ហ្វេសប៊ុក Chan Vathanaka
ដោយ: រួបរួម
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានចេញ​ដំណើរ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​សិង្ហ​បុរី នា​ថ្ងៃ​ពុធ ទី​២១ ខែកញ្ញា នេះ ដើម្បី​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​ជម្រុះ​ជើងឯក​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ​នា​ពាក់កណ្តាល​ខែតុលា ខាងមុខ​។​

 
​គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា លោក Lee Tae Hoon ចម្រាញ់​បាន​កីឡាករ​ចំនួន​២៦​នាក់​សម្រាប់​ការហ្វឹកហាត់​រយៈពេល​១០​ថ្ងៃ​នៅ​សិង្ហ​បុរី ដោយ​ពួកគេ​នឹងធ្វើ​ការប្រកួត​មិត្តភាព​ចំនួន​៣​លើក​នៅ​ទីនោះ​។ ក្នុងចំណោម​កីឡាករ​ទាំង​២៦​រូប ខ្សែបម្រើ​វ័យក្មេង​ភ្នំពេញ​ក្រោ​ន អ៊ិន សូ​ដា​វីដ មានឈ្មោះ​ជា​លើកដំបូង ដោយ​រូបគេ និង​ឆេង ម៉េង នៃ​ក្លិប​ណាហ្គា​វើ​ល ត្រូវ​បន្តដំណើរ​ទៅ​សិង្ហ​បុរី​ទៀត បន្ទាប់ពី​បញ្ចប់​យុទ្ធនាការ AFF U19 Championship នៅក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​
 
​ខណៈដែល ស៊ុន វណ្ណ​ដេ​ត នៃ​ក្លិប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សារី ម៉ាត់​ណូ​រ៉ូ​ទីន នៃ​ក្លិប​ណាហ្គា​វើ​ល និង​អ្នកចាំទី កែវ សុ​សិលា នៃ​ក្លិប​ភ្នំពេញ​ក្រោ​ន បាន​បាត់ឈ្មោះ​ពី​បញ្ជី លោក Lee បាន​កោះហៅ​កីឡាករ​ជើងចាស់ ដូចជា ខ្សែប្រយុទ្ធ ឃួន ឡា​បូ​រ៉ាវី នៃ​ក្លិប​បឹងកេត​អង្គរ និង​អ្នកចាំទី អ៊ុំ វិចិត្រ នៃ​ក្លិប​ក្រសួងការពារជាតិ មក​ចូលរួម​ក្នុង​ក្រុម​ឡើងវិញ​ផងដែរ​។​
 
​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ AFF Suzuki Cup ឆ្នាំ​២០១៦ ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​២១ ខែតុលា ត្រូវ​ទទួល​ឡាវ ទី​ម័​រ​ខាងកើត និង​ព្រុយ​ណេ​។ ក្រុម​ដែល​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ នឹង​ទទួលបាន​កៅអី​ក្នុង​ពូ​ល B សម្រាប់​ការប្រកួត​ជុំ​ចុងក្រោយ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែលមាន​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​វៀតណាម នៅ​រង់ចាំ​។​
 
​សមាសភាព​ថ្នាក់ដឹកនាំ គ្រូបង្វឹក និង​កីឡាករ​ជម្រើសជាតិ​កម្ពុជា​៖
​ថ្នាក់ដឹកនាំ​៖ លោក ឆាំង ពិសិដ្ឋ (​អ្នកចាត់ការ​ទូទៅ​), លោក Lee Tae Hoon (​គ្រូបង្វឹក​), លោក អ៊ុង កន​យ៉ា​និ​ត​, លោក អ៊ុំ សាវង្ស​, លោក ហោ សុខ​ហេង (​គ្រូ​ជំនួយ​) លោក សួង ភិរម្យ (​គ្រូ​ចាំទី​), លោក ហៃ ស​ក្ខ​រី​, លោក ស៊ា​ង ប៉ុណ្ណា (​គ្រូពេទ្យ​)
 
​កីឡាករ​៖  ស៊ូ យ៉ា​ទី​, រស់ សំអឿន​, ចាន់ វឌ្ឍនាកា​, ឃួន ឡា​បូ​រ៉ាវី​, សុខ សុវណ្ណ (​បឹងកេត​អង្គរ​), ទិ​ត្យ ឌី​ណា (​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​),  ច្រឹង ពលរដ្ឋ​, ឈិន ឈឿន​, អ៊ុំ វិចិត្រ​, រ៉ឹង ប៊ុន​ហៀ​ង​, ខែ​ក ខេមរិន្ទ​, ស ពិសិដ្ឋ​, អ៊ុំ សេរី​រ័ត្ន (​ក្រសួងការពារជាតិ​),  ធា​រី ចន្ថា​ប៊ី​ន​, កែវ សុខ​ផេង​, អ៊ិន សុ​ដា​វិដ (​ភ្នំពេញ​ក្រោ​ន​), សុះ ស៊ូ​ហា​ណា​, ឆេង ម៉េង (​ណាហ្គា​វើ​ល​), រស់ គង់​សំរេច​, សំអឿន ពិដោរ​, សុខ សំណាង​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, ហ៊ួ​យ ផល្លី​ន​, នេន សុធា​រ័ត្ន​, សឿ​យ វិសាល​, ណុប តុលា (​ព្រះខ័ន​រាជ​ស្វាយរៀង​)៕

Tag:
 AFF Suzuki Cup
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com