កីឡាជាតិ
ជាតិ
កីឡាករ​-​ការិនី​ប៉េតង់​១៨​នាក់​ចេញទៅ​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍ Asian Beach Games នៅ​ដា​ណា​ង​
23, Sep 2016 , 8:39 pm        
រូបភាព
ដោយ:
​ក្រោយ​ការហ្វឹកហាត់​ពង្រឹងសមត្ថភាព​លើ​ទីលាន​ខ្សាច់​សិប្បនិម្មិត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អស់​រយៈពេល​ជិត​២​ខែ​កន្លងមកនេះ លោក សូ​ម៉ៃ សុខ​គា អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ជឿជាក់​ខ្ពស់​សម្រាប់​ចូលរួម​លើកដំបូង​របស់​កីឡាករ​កីឡាការិនី​កម្ពុជា​ក្នុងការ​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​លើក​ទី​៥ ( Asian Beach Games 2016) នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម​។​



​លោក សូ​ម៉ៃ សុខ​គា អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ជឿជាក់​យ៉ាង​មុតមាំ​លើ​សមត្ថភាព​របស់​កិ​ឡាករ​កីឡាការិនី​កម្ពុជា ក្នុងការ​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី ( Asian Beach Games 2016)​នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៤ ខែកញ្ញា ដល់​ថ្ងៃទី​៣ ខែតុលា​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សូ​ម៉ៃ សុខ​គា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សម្រាប់​ការចូលរួម​នៅ Beach Games នេះ យើង​បាន​ហ្វឹកហាត់​ត្រៀម​អស់​រយៈ​ជិត​២​ខែ​ដែរ​។ អ៊ីចឹង​ខ្ញុំ​ជឿថា វា​មិនមាន​អ្វី​ជា​ឧបសគ្គ​សម្រាប់​យើង​នោះទេ ហើយ​ពេលនេះ​យើង​បាន​ស៊ាំ​ជាមួយ​កំដៅថ្ងៃ​។ ម្យ៉ាងទៀត​យើង​បាន​ហ្វឹកហាត់​នៅលើ​ទីលាន​ខ្សាច់​ដែលមាន​ទម្រង់​ដូចនឹង​ទីលាន​នៅ​វៀតណាម​»​។​

​កីឡាករ​៩​នាក់ និង​កីឡាការិនី​៩​នាក់ នឹងចូលរួម​ទាំង​៩​វិញ្ញាសា​នៃ​ប្រភេទ​កីឡា​ប៉េតង់ ក្នុងនោះ​ក៏មាន​វត្តមាន​របស់​កីឡាការិនី​ម្ចាស់​មេដាយមាស​ពិភពលោក កែ ឡេង​ផងដែរ​។ លោក​បាន​រៀបរាប់ថា​៖«​កីឡាករ​ដែល​យើង​បញ្ជូន​ឲ្យ​ទៅ Beach Games នេះ​មិនមែនជា​កីឡាករ​ថ្មី គឺជា​កីឡាករ​សុទ្ធតែ​ធ្លាប់បាន​មេដាយ​សំរឹទ្ធ ប្រាក់ និង​មាស ក្នុង​ព្រឹត្តិការណ៍​នានា​ទាំងអស់​»​។

​ទោះបីជា​យ៉ាងណាក៏ដោយ លោក សូ​ម៉ៃ សុខ​គា ក៏​មិន​ហ៊ាន​វាយតម្លៃ​គូប្រកួត​ទាប​នោះដែរ ជាពិសេស​ក្រុម​ថៃ ដែលជា​គូប្រជែង​ដ៏​ស្វិតស្វាញ​។ ទន្ទឹមនឹងនេះ កីឡាការិនី ស៊ុន គ​ន្ធា និង ស្រៀ​ង សុរ៉ា​ឃីម ដែល​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​៣​នាក់​ទល់នឹង​៣ នៅក្នុង​ព្រឹត្តិការណ៍ Asian Beach Games 2016 សុទ្ធតែ​បានបង្ហាញ​ឆន្ទៈ និង​ប្តេជ្ញា​ខ្ពស់​រៀងៗ​ខ្លួន​ក្នុង​ការដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​នេះ​។



​មិន​ខុសគ្នា​ពី​កីឡាការិនី ស៊ុន គ​ន្ធា នោះទេ កីឡាការិនី​ដែល​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​ប៉េតង់​តាំង​ឆ្នាំ​២០១៣ ស្រៀ​ង សុរ៉ា​ឃីម បាន​ប្តេជ្ញា​ថា​៖«​ខ្ញុំ​គិតថា​វា​រាង​ពិបាក​ដែរ​បង ព្រោះ​ខ្ញុំ​មិន​ធ្លាប់​ឆ្លងកាត់ ម្យ៉ាងទៀត​ខ្ញុំ​ទើបតែ​ចូលប្រឡូក​ការប្រកួត​វ័យចាស់​ជាមួយ​គេ​អ៊ីចឹង​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​សម្រាប់​ការចូលរួម​ជា​លើកដំបូង ពួក​ខ្ញុំ​នឹង​ខិតខំ​លេង​ឲ្យ​អស់ពី​សមត្ថភាព​រៀងៗ​ខ្លួន​»​។  

​គួរ​បញ្ជាក់ថា សម្រាប់​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​ជើងឯក​អាស៊ី​ប្រចាំឆ្នាំ​២០១៦​នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៤ ខែកញ្ញា ដល់​ថ្ងៃទី​៣ ខែតុលា ដោយមាន​អត្ត​ព​លិ​ក​ពី​៤២​ប្រទេស​ក្នុង​តំបន់​ចូលរួម​ប្រកួតប្រជែង​លើ​២២​ប្រភេទ​កីឡា​។ ក្រៅ​ប៉េតង់ កម្ពុជា​ក៏បាន​បញ្ជូន​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម ចំបាប់ ល្បុក្កតោ និង​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​ផងដែរ​។​

​កីឡាការិនី​ចំបាប់ នី សំណាង ជា​អត្ត​ព​លិ​ក​ទីមួយ​ដែល​បានឈ្នះ​មេដាយ​ពី​ព្រឹត្តិការណ៍ Asian Beach Games នេះ ដោយ​កាលពី​ឆ្នាំ​២០១៤ គាត់​ទទួល​មេដាយ​សំរឹទ្ធ​នា​ព្រឹត្តិការណ៍​ដែល​រៀបចំ​នៅ​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ​៕


Tag:
 ប៉េតង់​
  Beach Games 2016
  សូ​ម៉ៃ សុខ​គា
© រក្សាសិទ្ធិដោយ thmeythmey.com