កីឡាជាតិ
ជាតិ
ប្រដាល់​៖ ភី អិន អិន បើក​ការប្រកួត​ជើងឯក​ទម្ងន់​៧៥​គីឡូក្រាម​
25, Sep 2016 , 3:45 pm        
រូបភាព
ដោយ:
​ក្រោយ​សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់​រជ្ជកាល​ទី​៣​ទម្ងន់​៦៩​គីឡូក្រាម​របស់ ភី​អិន​អិន បានបញ្ចប់​កាលពី​សប្តាហ៍​មុន ដោយ​កីឡាករ ឡុង សុវណ្ណ​ឌឿ​ន ជា​អ្នក​គ្រង​តំណែង​ជើងឯក និង​កីឡាករ ពេជ្រ សីហា ជា​អ្នក​គ្រង​ជើងឯក​រង​។ សមរភូមិ​អ្នក​ប្រយុទ្ធ​បាន​បើក​រដូវ​កាល​ថ្មី​ទី​៤​លើ​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម​ដោយមាន​កីឡាករ​៨​រូប​ចូលរួម ក្នុងនោះ​កម្ពុជា​៤​រូប និង​ថៃ​៤​រូប​។



​ក្រោយ​កីឡាករ ឡុង សុវណ្ណ​ឌឿ​ន និង​ពេជ្រ សីហា គ្រង​ជើងឯក​និង​ជើងឯក​រង​រជ្ជកាល​ទី​៣​ទម្ងន់​៦៩​គីឡូក្រាម​កាលពី​សប្តាហ៍​មុន​។ កីឡាករ​កម្ពុជា អ៊ុង វីរៈ​, ព្រំ សំណាង​, មាស ភារ​ម្យ និង​កីឡាករ សុខ ទូច ត្រូវបាន​សមរភូមិ​អ្នក​ប្រយុទ្ធ​របស់​ភិ​អិន​អិន​ដាក់​ឲ្យ​ប្រជែង​ជាមួយ​កីឡាករ​ថៃ ឌី​សេល​លេក ថម​ឃិ​ង​បុក​ស៊ី​ង​, កាំ​ឡាយ​ផេ​ត ថ​.​ផ្រា​ន​យី​ស៊ី​ប​ហុក​, តង​ចេ ឆ​.​ឆា​ណា​ធីប និង​កីឡាករ ណាក់​រ៉​ប​ដាំ ស៊ីត​ចាណ​យ​។

​កីឡាករ​ទាំង​៨​នាក់​នេះ​នឹងធ្វើ​ការប្រកួតប្រជែង​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម ដើម្បី​ដណ្តើម​ជើងឯក​ប្រចាំ​ប្រចាំ​រជ្ជកាល​ទី​៤​នៃ​កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​របស់​ភី​អិន​អិន​ចាប់ពី​ថ្ងៃទី​២៥ ខែកញ្ញា នេះ​តទៅ​។ ដោយ​នា​រសៀល​នេះ កីឡាករ មាស ភារ​ម្យ មកពី​ក្លិប​កងទ័ពជើងទឹក ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ឌី​សេល​លេក ថម​ឃិ​ង​បុក​ស៊ី​ង​។

​ចំណែក​កីឡាករ សុខ ទូច មកពី​ក្លិប​ដែនសមុទ្រ​មាន​រិ​ទ្ធ​ខេត្ត​ព្រះសីហនុ ធ្លាប់​ឆ្លងកាត់​ការប្រកួត​ចំនួន​៧២​ដង ឈ្នះ​៥១ ចាញ់​១៨ និង​ស្មើ​៣​ដង ដែល​អតីត​កីឡាករ​ប្រដាល់សកល​ជម្រើសជាតិ​នៅ Sea Game 2015 នៅ​សិង្ហ​បុរី ត្រូវ​តទល់​ជាមួយ​កីឡាករ​ថៃ ឡាយ​ផេ​ត ថ​.​ផ្រា​ន​យី​ស៊ី​ប​ហុក​។

​សម្រាប់​រដូវ​កាល​ថ្មី​នេះ លោក សំណព្វ ប្រធាន​គ្រប់គ្រង​កម្មវិធី​កីឡា​របស់ ភី​អិន​អិន បាន​សន្យាថា នឹងមិន​ឲ្យ​កីឡាករ​កម្ពុជា​ជួប​ប្រកួត​គ្នា​ដូច​រដូវ​កាល​មុន​នោះឡើយ ទោះបី​មាន​កីឡាករ​បោះបង់​ការប្រកួត ឬ​របួស​យ៉ាងណាក៏ដោយ​។ លើសពីនេះ​លោក​នៅតែ​ប្រកាន់​គោលជំហរ​ដូច​រដូវ​មុន​ដដែល ប្រសិនបើ​មាន​កីឡាករ ឬ​អាជ្ញាកណ្តាល ចៅក្រម លក់ខ្លួន នឹងមិន​ឲ្យ​មាន​វត្ត​មាននៅ ភី​អិន​អិន ជា​រៀងរហូត​៕


© រក្សាសិទ្ធិដោយ thmeythmey.com