ជាតិ
យាយខ្លាលះបង់រោមដៃរោមជើងដើម្បីថតបទក្រមប្រតិបត្តិអង្គរ
× សៀមរាប៖ បទថ្មីនិយាយពីក្រមប្រតិបត្តិអង្គរ ក្នុងន័យអប់រំភ្ញៀវទេសចរដែលមកកម្សាន្តរមណីយដ្ឋានអង្គរ គ្រោងនឹងចេញក្នុងពេលឆាប់ៗខាងមុខនេះ។ បទចម្រៀងអប់រំនេះ និពន្ធដោយអ្នកចម្រៀងដែលចូលចិត្តតែងខ្លួនជាមនុស្សស្រី គឺយាយខ្លា ហើយបទនេះតម្រូវឲ្យយាយខ្លាជម្រុះរោមដៃរោមជើងខ្លួនឯងផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យស័ក្តសម និងស៊ីសង្វាក់គ្នាចំពោះបទមួយនេះ។
ក្រោយពីយល់អត្ថន័យនៃក្រមប្រតិបត្តិអង្គរ ដែលត្រូវបានអាជ្ញាធរជាតិអប្សរា ប្រកាសដាក់ឲ្យដំណើរការក្នុងរមណីយដា្ឋនអង្គរកាលពីឆ្នាំទៅ ធ្វើឲ្យយាយខ្លាមានគំនិតចង់ផលិតជាបទចម្រៀងមួយ ក្នុងន័យជំរុញឲ្យទេសចរ យល់កាន់តែច្បាស់ពីក្រមប្រតិបត្តិមួយនេះ។ យាយខ្លាបញ្ជាក់ថា បទនេះនឹងធ្វើឲ្យភ្ញៀវទេសចរ លែងធ្វើអ្វីៗដែលប៉ះពាល់ដល់ប្រាសាទដោយមិនដឹងខ្លួនតទៅទៀត។
ក្នុងមួយឆ្នាំៗ មានទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ ដែលបានធ្វើដំណើរមកកម្សាន្តខេត្តសៀមរាប។ ពិតប្រាកដណាស់ថា វត្តមានទេសចរមានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ចំពោះគុណវិបត្តិ ទេសចរអាចធ្វើឲ្យប៉ះពាល់ប្រាសាទតាមរយៈរូបភាពមួយចំនួន រួមមាន ប៉ះថ្មប្រាសាទ ជក់បារី ការចោលសំរាម ការស្លៀកខ្លីដែលធ្វើឲ្យប៉ះពាល់ដល់វប្បធម៌និងប្រពៃណីរបស់ជាតិខ្មែរ។ល។
បទចម្រៀងថ្មីនិយាយពីឥរិយាបថទេសចរ នៅពេលមកកម្សាន្តក្នុងរមណីយដ្ឋានអង្គរ គឺរៀបរាប់រាល់ខ្លឹមសារ ដែលមានក្រមប្រតិបត្តិអង្គរ។ បទនេះ គឺជាកិច្ចសហការគ្នារវាងអាជ្ញាធរជាតិអប្សរា និងក្រុមចម្រៀងផលិតកម្ម MY Music។ បទនេះច្រៀងដោយយាយខ្លា និងរំដួលលិចទឹក និងរួមសំដែងដោយតារាសំដែងជាច្រើនទៀត ហើយក៏មានដែរតារាបង្ហាញម៉ូដនៅកម្ពុជា។
តាមការរៀបចំរបស់យាយខ្លា បទក្រមប្រតិបត្តិអង្គរ មានរយៈពេលជាង៣នាទី ហើយក្នុងនោះមានសម្តែងចំណុចសំខាន់ៗមួយចំនួន មានការអប់រំកុំឲ្យស្លៀកពាក់ខ្លី ហាមជក់បារី ការឲ្យលុយក្មេង ការចោលសំរាម ការប៉ះពាល់ព្រះសង្ឃ ពិសេសនោះគឺហាមប៉ះថ្មប្រាសាទតែម្តង ដែលអាចឲ្យថ្មប្រាសាទរងការសឹករេចរិលបាន។ល។
បទក្រមប្រតិបត្តិអង្គរ គឺតួសម្តែងតម្រូវឲ្យស្លៀកក្បិន។ ចំណុចនេះធ្វើឲ្យយាយខ្លា ដែលមានរូបរាងជាប្រុស និងមានរោមដៃរោមជើងនោះ ត្រូវជម្រុះរោមលើរាងកាយរបស់ខ្លួន ដើម្បីឲ្យស័ក្តសមនឹងសម្លៀកបំពាក់ប្រពៃណី។ ទោះជាត្រូវជម្រុះរោមដៃរោមជើងយ៉ាងណាក្តី តែសម្រាប់យាយខ្លា ពេញចិត្តនឹងធ្វើដើម្បីជោគជ័យសម្រាប់បទថ្មីរបស់ខ្លួន។
គួរបញ្ជាក់ថា បទក្រមប្រតិបត្តិអង្គរ គ្រោងនឹងចេញក្នុងពេលឆាប់ៗខាងមុខនេះ ហើយគ្រោងនឹងផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានជាច្រើន ក្នុងបំណងបញ្ជ្រាបការយល់ដឹងដល់ភ្ញៀវទេសចរ ដែលមកកម្សាន្តក្នុងរមណីយដ្ឋានអង្គរ៕
Tag:
ក្រមប្រតិបត្តិអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com