អន្តរជាតិ
ភាសា​ណាខ្លះ ដែលជា​ភាសាផ្លូវការ​ទាំង​៦​ដើម្បី​ទំនាក់ទំនង​គ្នា​នៅ​អង្គ​ការសហប្រជាជាតិ​
01, Oct 2016 , 2:30 pm        
រូបភាព
កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (រូបភាព Xinhua)
កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (រូបភាព Xinhua)
​មកទល់ពេលនេះ អង្គការសហប្រជាជាតិ មាន​សមាជិក​ពេញសិទ្ធិ​ចំនួន​១៩៣​ប្រទេស ដែល​ប្រើប្រាស់​ភាសា​ខុសៗ​គ្នា​។ ដោយសារតែ​សមាជិក​មាន​ភាសា​ចម្រុះ​គ្នា​បែបនេះ ទើប​អង្គការសហប្រជាជាតិ​សម្រេច​អនុម័ត​យក​ភាសា​ចំនួន​៦ ជា​ភាសាផ្លូវការ​ក្នុងការ​ទំនាក់ទំនង​នានា របស់​អង្គការ​ពិភពលោក​នេះ​។ ការបកប្រែ ដើរតួនាទី​សំខាន់​ក្នុងការ​ពាំនាំ​ព័ត៌មាន​ដែល​ពិតប្រាកដ ជាពិសេស​លើ​បញ្ហា​អន្តរជាតិ​ធំៗ​។​



​ភាសាផ្លូវការ​ទាំង​៦ របស់​អង្គការសហប្រជាជាតិ​រួមមាន ភាសា​អារ៉ាប់ ភាសា​ចិន ភាសា​អង់គ្លេស ភាសា​បារាំង ភាសា​រុស្សី និង​ភាសា​អេ​ស្ប៉ា​ញ​។ ភាសា​ទាំង​៦​នេះ មាន​អ្នកប្រើប្រាស់​យ៉ាងច្រើន ហើយក៏​ជា​ភាសាផ្លូវការ​របស់​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ​ដែរ​។ ការបកប្រែ ជា​សំណេរ​ក្ដី ឬ​ផ្ទាល់មាត់​ក្ដី ដើរតួ​យ៉ាងសំខាន់​ក្នុង​ដំណើរការ​ជាប្រចាំ​របស់​អង្គការ​ពិភពលោក​នេះ​។  

​អំឡុងពេល​កិច្ចប្រជុំ​ម្ដងៗ ប្រតិភូ​នានា អាច​និយាយ​ភាសាផ្លូវការ​ណាមួយ​ក៏បាន ព្រោះ​វា​នឹងត្រូវ​បកប្រែ​ទៅ​ភាសាផ្លូវការ​ផ្សេងទៀត​។ ម្យ៉ាងទៀត​នោះ ប្រតិភូ​ទាំងឡាយ ក៏​អាច​ប្រើប្រាស់​ភាសា​មិន​ផ្លូវការ​ទាំង​៦​បានដែរ ប៉ុន្តែ​ក្នុងករណីនេះ ពួកគេ​ត្រូវ​ផ្ដល់​ឯកសារ​ដើម ដែល​ត្រូវ​បកប្រែ​ជា​ភាសាផ្លូវការ​ណាមួយ​។ ឯកសារ​ស្ទើរ​ទាំងអស់​របស់ UN គឺ​ត្រូវ​ចេញផ្សាយ​ទាំង​៦​ភាសា និង​តម្រូវ​ឲ្យ​បកប្រែ​ពី​ឯកសារ​ដើម​ទាំងអស់​។ 

​ជាការ​ពិត ការ​ដែលមាន​ភាសាផ្លូវកា​រ​ចំនួន​៦​បែបនេះ បាន​សម្រួល​ការទាក់ទង​រវាង​សមាជិក​របស់​UN ហើយ​វា​ក៏​ជំរុញ​ឲ្យ​មានការ​ចូលរួម​កាន់តែ​ច្រើន​ដែរ ដើម្បី​ប្រសិទ្ធភាព​ការងារ​។ ជាមួយគ្នានេះ UN ក៏​ព្យាយាម​កាត់បន្ថយ​គម្លាត​នៃ​ការប្រើប្រាស់​ភាសា​អង់គ្លេស និង​ភាសា​៥​ផ្សេងទៀត ដ្បិត​ភាសា​អង់គ្លេស មាន​ប្រជាប្រិយភាព​ច្រើន​ជុំវិញ​ពិភពលោក ហើយ UN ក៏​ចង់​ឲ្យ​មានការ​ប្រើប្រាស់​ភាសា​ទាំង​៦​ស្មើៗ​គ្នា​ដែរ​។ 

​ដោយសារតែ​ការប្រើប្រាស់​ភាសា​ចម្រុះ​នេះ ទើប​អង្គការសហប្រជាជាតិ ក្លាយជា​និយោជិត​នៃ​អ្នកជំនាញ​ផ្នែក​ភាសា​ដ៏​ធំ​មួយ​។ អ្នកជំនាញ​ផ្នែក​ភាសា​រាប់រយ​នាក់ កំពុង​បំពេញការងារ​នៅ​នាយកដ្ឋាន​មហាសន្និបាត និង​ការគ្រប់គ្រង​សន្និសីទ នៅ​ស្នាក់ការ​ក្នុង​ក្រុង New York និង​នៅ​ការិយាល័យ​ក្នុង​ក្រុង ហ្សឺ​ណែវ ក្រុង​វី​យែ​ន និង​ក្រុង ណៃ​រ៉ូ​ប៊ី​។

​ហើយ​អ្នកឯកទេស​ភាសា​រាប់រ​យ​នាក់​ទៀត បំពេញការងារ​នៅតាម​ស្ថាប័ន​អង្គការសហប្រជាជាតិ នៅតាម​ប្រទេស​ជុំវិញ​ពិភពលោក​។ អ្នកជំនាញ​ទាំងនោះ អាចជា​អ្នកបកប្រែ​ជា​អក្សរ បកប្រែ​ផ្ទាល់មាត់ និង​អ្នកនិពន្ធ​ជាដើម​៕


Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com