ពីនេះ ពីនោះ
តើ​ពេលណា​ត្រូវ​សរសេរថា «​ប្រសូត​» និង​«​ប្រសូតិ​» នៅក្នុង​ភាសា​ខ្មែរ​?
02, Jan 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​ថា «​ប្រសូត​» និង​«​ប្រសូតិ​» សាធារណជន នៅមាន​ភាពមិនច្បាស់លាស់ នៅក្នុង​ការសរសេរ ថា​ពេលណា​ត្រូវ​«​ប្រសូត​» ហើយ​ពេលណា​ត្រូវ​សរសេរថា​«​ប្រសូតិ​»​។ មូលហេតុ គឺ​មិនសូវ​បាន​យល់​ពី​ក្បួន វេយ្យាករណ៍ នៃ​កិរិយាសព្ទ គុណសព្ទ នាមសព្ទ  បាលី និង​សំស្ក្រឹត​នៅក្នុង​ភាសា​ខ្មែរ​។ ពាក្យ​ថា «​ប្រសូត​» និង​«​ប្រសូតិ​» មាន​លក្ខខណ្ឌ​សរសេរ​ដូចខាងក្រោម​៖

 
​នៅក្នុង​ការសរសេរ​អត្ថបទ សាធារណជន​ត្រូវ​ចំណាំ​ក្នុង​ក្បួន​វេយ្យាករណ៍​ខ្មែរ​ថា បើ​ខ្លួន​ចង់​ប្រើពាក្យ​នេះ ជាក​រិ​យាស​ព្ទ គឺ​ត្រូវ​សរសេរថា​«​ប្រសូត​» ដែល​មានន័យថា សម្រាលកូន​។ ប៉ុន្តែ ប្រើ​ជា​នាមសព្ទ គឺ​ចាំបាច់​ត្រូវ​សរសេរ​«​ប្រសូតិ​» ដែល​មានន័យថា ការ​សម្រាលកូន​, ដំណើរ​សម្រាលកូន ជាដើម​។​
 
​ប៉ុន្តែ​ក្នុងករណី សាធារណជន សរសេរ​ពាក្យ​នេះ ផ្សំ​ជាមួយ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​» គឺ​មិនត្រូវ​សរស​រថា «​ការ​ប្រសូតិ , ក្ដី​ប្រសូតិ , សេចក្ដី​ប្រសូតិ និង​ដំណើរ​ប្រសូតិ​» ឡើយ ព្រោះ​ការសរសេរ​បែបនេះ មិន​ត្រឹមត្រូវ​តាម​ក្បួន​វេយ្យាករណ៍​ខ្មែរ នោះទេ​។ មូលហេតុ​គឺ​ដោយសារ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​» ជា​នាមសព្ទ មិនអាច​យកមក​ផ្សំ​ជាមួយ​ពាក្យ​ថា «​ប្រសូតិ​»​បានទេ ព្រោះ​ជា​នាមសព្ទ​ដូចគ្នា​។​
 
​ដោយឡែក ចំពោះ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​»​នេះ ត្រូវ​ផ្សំ​ជាមួយ​ពាក្យ​ថា «​ប្រសូត​» ទើប​ត្រឹមត្រូវ​។ ឧទាហរណ៍​៖ «​ការ​ប្រសូត​, ក្ដី​ប្រសូត​, សេចក្ដី​ប្រសូត និង​ដំណើរ​ប្រសូត​»៕
 
​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​
 

Tag:
 ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com