កីឡាជាតិ
ជាតិ
ថ្នាក់ដឹកនាំ​និង​កីឡាករ​ល្បីៗ​កម្ពុជា​នឹងចូលរួម​បើក​កីឡា​ជាតិ​លើក​ទី​១​ដែលមាន​លំនាំ​កីឡា​អូឡាំពិក​
04, Oct 2016 , 7:39 am        
រូបភាព
ដោយ:
​ថ្នាក់ដឹកនាំ​ប្រទេស​ព្រមទាំង​កីឡាករ​កីឡាការិនី​ល្បីៗ​របស់​កម្ពុជា​នឹង​មកជួបជុំ​គ្នា​នៅ​ពហុ​កីឡា​ជាតិ ដើម្បី​ចូលរួម​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ National Games 2016 ដែលជា​ការប្រកួត​មួយ​ដ៏​ធំ​បំផុត​សម្រាប់​កម្ពុជា​។ ការប្រកួត​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​២៥ ខែតុលា ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា ប៉ុន្តែ​កម្មវិធី​បើក​ការប្រកួត​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​២៨ ខែតុលា ខាងមុខនេះ​។



​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួមជាមួយ​កីឡាករ​កីឡាការិនី និង​ព្រឹទ្ធាចារ្យ​ល្បីៗ​ព្រមទាំង​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា នឹង​បង្ហាញ​វត្តមាន ដើម្បី​អបអរ​ក្នុង​ថ្ងៃ​បើក​ការប្រកួត​កីឡា​ជាតិ National Games ជា​លើកដំបូង​របស់​កម្ពុជា​នា​ថ្ងៃទី​២៨ ខែតុលា ខាងមុខនេះ​។ កីឡា​ជាតិ វា​ជាការ​ប្រកួត​មួយ​ដែលមាន​កម្រិត​បច្ចេកទេស​ខ្ពស់បំផុត​សម្រាប់​កម្ពុជា​ក្នុងការ​ឈានទៅរក​ការធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។

​បើ​យោងតាម លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ការបើក​ការប្រកួត​កីឡា​ជាតិ​ជា​លើក​ទី​១​នេះ ដោយ​ធ្វើ​លំនាំ​តាម​រូបមន្ត​ដូច​ទៅនឹង​ការប្រកួត​លក្ខណៈ​អន្តរជាតិ និង​ពិភពលោក ពោលគឺ​ធ្វើ​លំនាំ​ដូច​ការបើក​ការប្រកួត​ស៊ី​ហ្គេម អាស៊ាន​ហ្គេម និង​អូឡាំពិក​ហ្គេម​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​កីឡា​ជាតិ​លើក​ទី​១​នៅ​ទីស្នាក់ការ NOCC កាលពី​ព្រឹក​មិញ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​រៀបរាប់​ពី​ដំណើរការ​នៃ​ការបើក​ការប្រកួត​យ៉ាង​ដូច្នេះ​ថា​៖«​ដើម្បី​បើ​កម្មវិធី​ប្រកួត​នេះ​ដំបូង​គឺ​យើង​ធ្វើការ​ដង្ហែ​ប្រតិភូ​កីឡា​រួមជាមួយ​កីឡាករ​កីឡាការិនី ដែល​តំណាង​ឲ្យ​ក្រសួង និង​ខេត្ត​នៅ​កម្ពុជា​។ បន្ទាប់មក​ធ្វើការ​ដង្ហែ​ទង់ជាតិ​កម្ពុជា ទង់ជាតិ​កីឡា​ជាតិ និង​ទង់ជាតិ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ក​ម្ព​ជា ដែល​កាន់​ដោយ​កងទ័ព កីឡាករ​កីឡាការិនី​ឆ្នើម និង​ព្រឹទ្ធាចារ្យ​កីឡា​កម្ពុជា​ចូលមក​កាន់​ទីលាន​នៃ​អង្គពិធី​»​។​

​លោក​អគ្គលេខាធិការ NOCC រូបនេះ​បាន​បន្តទៀតថា​៖«​បន្ទាប់មកទៀត​យើង​ធ្វើ​ពិធី​រត់​ភ្លើង​គប់ ដោយ​យើង​រត់​ពី​ព្រះបរមរាជវាំង ដែល​ភ្លើង​នេះ​ត្រូវបាន​ប្រទាន​ដោយ​ព្រះមហាក្សត្រ​កម្ពុជា​។ ក្រោយពី​ទទួលបាន​ភ្លើង​គប់​រួច​យើង​នឹង​ជ្រើសរើស​អតីត​កីឡាករ​អត្តពលកម្ម​កាន់​ភ្លើង​នេះ​រត់​បណ្តាក់​គ្នា​រហូតដល់​ពហុ​កីឡា​ជាតិ បន្ទាប់មក​ប្រគល់​ភ្លើង​គប់​នេះ​បន្តទៅ​កីឡាករ​កីឡាការិនី​ឆ្នើមៗ​បច្ចុប្បន្ន​របស់​កម្ពុជា​ជា​បន្តបន្ទាប់ ដើម្បី​ដុត​ភ្លើង​គប់​បើក​កម្មវិធី​ប្រកួត​នេះ​តែម្តង​»​។​

​ក្នុង​ថ្ងៃ​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​នេះ ក៏មាន​ការសម្តែង​ក្បាច់គុន​រួមគ្នា​រវាង​ក្បាច់គុន​បុរាណ​ខ្មែរ ជាមួយ​ក្បាច់គុន​កងទ័ព ដែល​សម្តែង​ដោយ​កីឡាករ​កីឡាការិនី​កម្ពុជា និង​កងយោធពល​ខេមរភូមិន្ទ​។ លើសពីនេះ​មានការ​សម្តែង​ផ្ទាំងទស្សនីយភាព​ដែល​ឆ្លុះបញ្ចាំង​ពី​សន្តិភាព សេរីភាព និង​ទំនាក់ទំនង​រវាង​សិល្បៈ​និង​កីឡា​ដែល​រៀបចំ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ ជាមួយគ្នានេះ ក៏មាន​ការប្រគំ​សម្តែង​ស្គរធំ​របស់​ក្រុម​ស្គរធំ​មកពី​វិទ្យាស្ថាន​អប់រំ​កាយ និង​កីឡា ព្រមទាំង​មានការ​សម្តែង​ក្បាច់គុន​ល្បុក្កតោ​ដោយ​ក្រុម​កីឡាករ​ដែលមាន​អាយុ​ក្រោម​១៥​ឆ្នាំ​ផងដែរ​។

​បើ​យោងតាម លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ National Games ដែល​ធ្វើឡើង​ដើម្បី​ពង្រឹង​បច្ចេកទេស​ធនធានមនុស្ស និង​ដកស្រង់​បទពិសោធន៍ ដើម្បី​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នា​២០២៣ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥ ខែតុលា ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា​។ ហើយ​ការប្រកួត​នេះ​តម្រូវ​ឲ្យ​កីឡាករ​កីឡាការិនី​បង់​ម្នាក់​១០​ម៉ឺន​រៀល​សម្រាប់​សិទ្ធ​ចូលរួម​ប្រកួត​។​

​គួរ​បញ្ជាក់ថា កាលពី ថ្ងៃទី​២១ ខែកញ្ញា នៅ​ទីស្នាក់ការ NOCC លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​បាន​ចុះ​អនុសារណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​ខេ​ម​ប្រ៊ូ និង​ក្រុមហ៊ុន​ស្មា​ត​រយៈពេល​៨​ឆ្នាំ​ក្នុង​រៀបចំ​ការប្រកួត​កីឡា​ជាតិ​នេះ​ផងដែរ​៕    


Tag:
 កីឡា​ជាតិ​លើក​ទី​១
  វ៉ា​ត់ ចំរើន​
  National Games
© រក្សាសិទ្ធិដោយ thmeythmey.com