កីឡាជាតិ
ជើងឯក​វ៉ូ​វី​ណា​ម សែន រ៉ា​ឌី ទទួលស្គាល់ថា សមត្ថភាព​កីឡាករ​កម្ពុជា​នៅមានកម្រិត​ទាប​
30, Sep 2016 , 10:00 am        
រូបភាព
ដោយ:
​ក្រោយ​ពិធី​បិទ​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ម្សិលមិញ​។ កីឡាករ សែន រ៉ា​ឌី ម្ចាស់​ជើងឯក​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៦០​គីឡូក្រាម​បាន​ទទួលស្គាល់ថា សមត្ថភាព​របស់​កីឡាករ​កម្ពុជា​នៅមានកម្រិត​ទាប​បើ​ប្រៀបធៀប​ទៅនឹង​សមត្ថភាព​កីឡាករ​កីឡាការិនី​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​។  

 
​កីឡាករ សែន រ៉ា​ឌី ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ​កីឡា​វ៉ូ​វី​ណា​ម​ប្រចាំឆ្នាំ​២០១៦ ទទួលស្គាល់ថា សមត្ថភាព និង​បច្ចេកទេស​របស់​កីឡាករ​កីឡាការិនី​វ៉ូ​វី​ណា​ម​កម្ពុជា​នៅមានកម្រិត​ទាប​នៅឡើយ បើ​ប្រៀបធៀប​ទៅនឹង​សមត្ថភាព​របស់​កីឡាករ​កីឡាការិនី​បរទេស​មួយចំនួន​នៅក្នុង​តំបន់​។ ការលើកឡើង​បែបនេះ ក្រោយ​រូបគេ​ឆ្លងកាត់​ការប្រកួត​ជាមួយ​កីឡាករ​កម្ពុជា​នៅ​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ និង​បទពិសោធ​ប្រកួត​ជាមួយ​កីឡាករ​បរទេស​នាពេល​កន្លងមក​។ 
 
​ទោះបីជា​យ៉ាងនេះ​ក្តី សមត្ថភាព​កីឡាករ​កម្ពុជា​ក៏​មិន​អន់​ប៉ុន្មាន​ដែរ​ក្នុង​ក្រសែភ្នែក​របស់​កីឡាករ សែន រ៉ា​ឌី ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ក្រោយ​ចប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ កីឡាករ សែន រ៉ា​ឌី បានបញ្ជាក់​យ៉ាងខ្លី​ដូច្នេះ​ថា​៖«​កម្ពុជា​យើង​មិន​ខ្សោយ​ទេ​បង គ្រាន់តែ​សមត្ថ​ភាពមិន​ដល់​គេ​នៅក្រៅ​»​។ 
 
​ទោះបីជា​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ មាន​កីឡាករ​មួយចំនួន​បាន​សុំ​ចុះចាញ់​មុន​ការប្រកួត​ក៏ដោយ​។ ប៉ុន្តែ​កីឡាករ សែន រ៉ា​ឌី បាន​ចាត់ទុកថា វា​ជាការ​ប្រកួត​មួយ​ដ៏​សំខាន់​ក្នុងការ​ផ្តល់ឱកាស​ឲ្យ​កីឡាករ​កីឡាការិនី​នៅតាម​បណ្តា​ក្លិប​នានា​បាន​បញ្ចេញ​សម​ត្តភាព​របស់​ពួកគេ​ដែល​បាន​ហ្វឹកហាត់​នាពេល​កន្លងមក​។ ម្យ៉ាងវិញទៀត ជា​ឱកាស​ធ្វើ​ឲ្យ​កុមារា​កុមារី និង​យុវជន​មានការ​ស្រលាញ់ និង​ងាក​មកលេង​កីឡា​កាន់តែច្រើន​។ 
 
​ជាមួយគ្នានេះ ម្ចាស់​ជើងឯក​មេដាយមាស​រូប​នេះ​បាន​ផ្ញើ​សារ​ទៅកាន់​យុវជន​ថា​៖«​សម្រាប់​ខ្ញុំ​ក៏មាន​សារ​ផ្តាំផ្ញើ​ដល់​យុវជន​ទាំងអស់ ក៏ដូចជា​អ្នក​ដែល​ចង់​មានឈ្មោះ​ល្បី អ៊ីចឹង​អាចមក​ចូលរួម​លេង​កីឡា​វ៉ូ​វី​ណា​ម​បាន​។ នៅពេល​មានការ​ប្រកួត​ជម្រើសជាតិ ប្រសិនបើ​យើង​ទទួលបាន​មេដាយប្រាក់ ឬក៏​មាស​គេ​នឹង​អាច​យក​យើង​ចូល​ជា​កីឡាករ​ជម្រើសជាតិ​។ ហើយនឹង​មានឱកាស​ចេញ​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស​»​។ 
 
​គួរ​បញ្ជាកថា សម្រាប់​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៦ ក្លិប​ក្រសួងការពារជាតិ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ឬ​ឯ​សមាគម​ក្រុមហ៊ុន​រ័ត្ន​សា​ខន​ទទួលបាន​ចំណាត់​លេខ​២ ខណៈ​ក្លិប​វិទ្យាល័យ​វត្ត​កោះ​បាន​ចំណាត់ថ្នាក់​លេខ​៣​។ ចំណែក​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​បាន​ចំណាត់ថ្នាក់​លេខ​៤ និង​ក្លិប​វិទ្យាល័យ ជា ស៊ីម បាន​ចំណាត់ថ្នាក់​លេខ​៥​។ ដោយឡែក​ក្លិប​ចំនួន​ពីរ​ផ្សេងទៀត​មិន​ទទួលបាន​មេដាយ​នោះឡើយ​៕  

Tag:
 វ៉ូ​វី​ណា​ម​
  សែន រ៉ា​ឌី​
  ជើងឯក​ថ្នាក់ជាតិ ២០១៦
© រក្សាសិទ្ធិដោយ thmeythmey.com