កីឡាជាតិ
ជាតិ
Asian Beach Games៖ លោក ហុក ឈាង​គីម រំពឹងថា ល្បុក្កតោ ទទួលបាន​លទ្ធផល​ល្អ​
28, Sep 2016 , 9:19 pm        
រូបភាព
ដោយ:
​ក្រោយពី​ធ្វើការ​ហ្វឹកហាត់​ត្រៀម​ក៏ដូចជា​បញ្ជូនទៅ​ហ្វឹកហាត់ នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម តាំងពី​ថ្ងៃទី​២២ ខែកញ្ញា កន្លងទៅ​។ លោក​ព្រឹទ្ធាចារ្យ​កីឡា ហុក ឈាង​គីម គ្រូបង្វឹក​កីឡា​ល្បុក្កតោ​កម្ពុ​ជាមាន​ក្តី​រំពឹង និង​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រុម​ល្បុក្កតោ​កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ​សម្រាប់​ការចូលរួម​លើកដំបូង​របស់ខ្លួន​ក្នុង​ព្រឺ​ត្តិ​ការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​លើក​ទី​៥ នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម​។​



​ទោះបី​វា​ជាការ​ចូលរួម​លើកដំបូង​របស់​ក្រុមកីឡា​ល្បុក្កតោ​កម្ពុជា​ក៏ដោយ ប៉ុន្តែ​លោក​ព្រឹទ្ធាចារ្យ​កីឡា ហុក ឈាង​គីម គ្រូបង្វឹក​កីឡា​ល្បុក្កតោ​កម្ពុជា​ហាក់ដូច​ជាមាន​កី្ត​រំពឹង និង​ជឿជាក់​ខ្ពស់​លើ​សមត្ថភាព​របស់​កីឡាករ​កីឡាការិនី​ល្បុក្កតោ​កម្ពុជា ក្នុងការ​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​លើក​ទី​៥​នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម​។

​អ្វីដែល​ធ្វើ​ឲ្យ​លោក​ព្រឹទ្ធាចារ្យ​កីឡា​រូបនេះ​មាន​កី្ត​រំពឹង​ខ្ពស់ ដោយសារ​លោក​មើលឃើញថា កីឡាករ​កីឡាការិនី​កម្ពុជា​មានការ​ព្យាយាម​ហ្វឹកហាត់​ខ្លាំង​ក្នុងការ​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​របស់ខ្លួន ដើម្បី​ត្រៀម​មុន​ការប្រកួត​។ ម្យ៉ាងទៀត​ដោយសារ​ក្រុមកីឡា​ការិនី​ល្បុក្កតោ​កម្ពុជា​ទាំង​៤​នាក់​ដែល​ចូលរួម បាន​ចេញទៅ​ហ្វឹកហាត់​ពង្រឹង​បច្ចេកទេស​អស់​រយៈពេល​៦​ថ្ងៃ​នៅ​ទីនោះ​ផ្ទាល់​។



​ទោះបី​ជាមាន​ក្តី​រំពឹង​យ៉ាងណាក្តី តែ​លោកគ្រូ​បង្វឹក​កីឡា​ល្បុក្កតោ​រូបនេះ​បាន​បញ្ជាក់ថា លទ្ធផល​យ៉ាងណា​លោក​មិន​ហ៊ាន​ព្យាករណ៍​ទុក​មុន​នោះឡើយ វា​អាស្រ័យទៅលើ​ការប្រកួត​របស់​កីឡាករ​កីឡាការិនី​ជាក់ស្តែង​នៅលើ​សង្វៀន​។ គួរ​បញ្ជាក់ថា សម្រាប់​ការចូលរួម​លើក​នេះ​ក្រុម​ល្បុក្កតោ​កម្ពុជា​នឹង​ប្រកួត​លើ​វិញ្ញាសា​ប្រយុទ្ធ ហើយ​ពួកគេ​នឹងធ្វើ​ការប្រកួត​អំឡុងពេល​ចាប់ពី​ថ្ងៃទី​២៩ កញ្ញា ដល់​ថ្ងៃទី​៤ តុលា​។​

​ដោយឡែក ក្រុមកីឡា​ចំបាប់​កម្ពុជា​ដែល​ធ្លាប់បាន​សាង​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​ដំបូង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​តាមរយៈ​ការដណ្តើម​បាន​មេដាយ​សំរឹទ្ធ​របស់​កីឡាការិនី នី សំណាង នៅ​ប្រទេស​ថៃ​កាលពី​ឆ្នាំ​២០១៤​។ ក្រុម​នេះ​បាន​ចាក​ចេញពី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ដើម្បី​ចូលរួម​ប្រកួត​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​លើក​ទី​៥​នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម​ចាប់ពី​ថ្ងៃទី​៣០ ខែកញ្ញា ដល់​ថ្ងៃទី​២ ខែតុលា​។

​សម្រាប់​ការចូលរួម​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​អាស៊ី​លើក​ទី​៥​នេះ ចំបាប់​កម្ពុជា​បាន​បញ្ជូន​កីឡាករ​កីឡាការិនី និង​គ្រូបង្វឹក​ទាំងអស់​ចំនួន​៥​នាក់​ចូលរួម ក្នុងនោះ​គ្រូបង្វឹក​២​រូប​(​លោក ធិ​ន វិចិត្រ និង​លោក កាង ដែន​ពិសិដ្ឋ​) កីឡាករ​៣​នាក់ និង​កីឡាការិនី​២​នាក់​៕


Tag:
 ល្បុក្កតោ​
  ហុក ឈាង​គីម​
  Asian Beach Games 2016
© រក្សាសិទ្ធិដោយ thmeythmey.com