កីឡាជាតិ
ជាតិ
កីឡា​ប្រពៃណី​៥​ប្រភេទ​នឹង​បង្ហាញ​វត្ត​មាននៅ​វិហារ​សួគ៌​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ​
29, Sep 2016 , 4:59 pm        
រូបភាព
ដោយ:
 
​កីឡា​ប្រពៃណី​វប្បធម៌​ខ្មែរ​ចំនួន​៥​ប្រភេទ​រួមមាន ល្បុក្កតោ ចំបាប់ ប្រណាំង​ក្របី ប្រណាំងសេះ និង​គុនដំបង នឹងធ្វើ​ការសម្តែង​រយៈ​ពេល​មួយថ្ងៃ​នៅ​វត្ត​វិហារ​សួគ៌ ដើម្បី​អបអរ​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​(​បិណ្ឌ​១៥)​ដែលជា​បុណ្យ​វប្បធម៌​ប្រពៃណី​ខ្មែរ​ឲ្យ​កាន់​តែមាន​ភាពសប្បាយ​រីករាយ​។ ម្យ៉ាងទៀត ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង ក៏ដូចជា​រក្សា​ទំនៀប​ទំលាប់​ប្រពៃណី​របស់​ដូនតា​ខ្មែរ​។

 
​ជា​រៀងរាល់ឆ្នាំ​នាឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​វិហារ​សួគ៌​ក្នុងស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល តែងតែមាន​កា​រស​ម្លែ​ង​ក៏ដូចជា​ប្រកួត​កីឡា​ផ្សេងៗ​ជាច្រើន ដើម្បី​អបអរ​កម្មវិធី​បុណ្យ​ព្រៃ​ណី​ខ្មែរ​មួយ​នេះ​។ ជាក់ស្តែង​កីឡា​៥​ប្រភេទ​រូ​ម​មាន ល្បុក្កតោ ចំបាប់ ប្រណាំង​ក្របី ប្រណាំងសេះ និង​គុនដំបង ត្រូវបាន​គណៈកម្មការ​រៀបចំ​ការប្រកួត​កីឡា​នៅ​វត្ត​វិហារ​សួគ៌​ដាក់​ឲ្យ​ចូលរួម​ប្រកួត និង​សម្តែង​ក្នុង​ថ្ងៃបុណ្យ​ភ្ជុំ​ធំ​(​បិណ្ឌ​១៥)​នៅ​ឆ្នាំនេះ​។​
 
​បើ​យោងតាម លោក ហុក ឈាង​គីម គ្រូបង្វឹក​កីឡា​ល្បុក្កតោ និង​ចំបាប់​បុរាណ​ខ្មែរ ការប្រកួត​កីឡា​នៅ​វិហារ​សួគ៌​ឆ្នាំនេះ​មានការ​ខុសប្លែក​ពី​ឆ្នាំមុនៗ ដោយ​ឆ្នាំនេះ​ការចូលរួម​សម្តែង​ពី​ក្រុម​កីឡាករ​ល្បុក្កតោ​របស់​សមាគម​ក្រសួង​មហាផ្ទៃ​មហាផ្ទៃ បន្ថែម​លើ​ប្រភេទ​កីឡា​ទាំង​៤​ដែល​ដាក់​ឲ្យ​ចូលរួម​រៀងរាល់​ឆ្នាំមុនៗ​។ 
 
​ជាមួយគ្នានេះ លោក ចាប លឿន អ្នករៀបចំ​កម្មវិធី​ប្រកួត​កីឡា​ចំបាប់​នៅ​វត្ត​វិហារ​សួគ៌​បាន​បញ្ជាក់ថា ការប្រកួត​កីឡា​នៅ​វិហារ​សួគ៌​ឆ្នាំនេះ​មិនទាន់​ដឹង​ពី​ចំនួន​អ្នកចូលរួម​ជាក់លាក់​នៅឡើយ​ទេ​។ ប៉ុន្តែ​សម្រាប់​វិញ្ញាសា​របស់លោក​(​ចំបាប់​) គឺ​មិន​កំណត់​ពី​ចំនួន​អ្នកចូលរួម​នោះទេ វា​អាស្រ័យ​លើ​អ្នក​ចង់​ចូលរួម និង​ថវិកា​ដែល​ទទួលបាន​ពី​សប្បុរសជន​ក្នុងការ​ឧបត្ថម្ភ​ដល់​កីឡាករ​។ 
 
​បើ​យោងតាម លោក ចាប លឿន ទោះបី​វា​ជាការ​ប្រកួត​ដើម្បី​អបអរ​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ក៏ដោយ ប៉ុន្តែ​ការប្រកួត​នេះ​មានការ​ប្រជែង​គ្នា​ក្នុងការ​ដណ្តើមយក​ចំណាត់ថ្នាក់​ផងដែរ ដើម្បី​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ទៅតាម​ប្រភេទ​កីឡា​នីមួយៗ​។​
 
​ជាក់ស្តែង​កាលពី​ឆ្នាំមុន​កីឡាករ​ដែល​ចូលរួម​ម្នាក់ៗ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​លើកទឹកចិត្ត​ពី​២​ម៉ឺន​រៀល​ទៅ​៣​ម៉ឺន​រៀល​។ ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ​កម្មវិធី​ដែល​រៀបចំ​ដោយ លោក​មេឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​មួយ​នេះ មិនទាន់​ដឹង​ច្បាស់​ពី​ទំហំ​ទឹកប្រាក់​លើក​ទឹក​នោះឡើយ​។  
 
​ពាក់ព័ន្ធ​ទៅនឹង​គោលបំណង​នៃ​ការរៀបចំ​ការសម្តែង និង​ប្រកួត​កីឡា​នៅ​វត្ត​វិហារ​សួគ៌​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ លោក ចាប លឿន ដែលជា​អ្នករៀបចំ​ការប្រកួត​កីឡា​ចំបាប់​បូរាណ មិន​បានដឹង​ហេតុផល​ច្បាស់លាស់​នោះទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា វា​ជាការ​ធ្វើ​តៗ​គ្នា ដើម្បី​រក្សា​ប្រពៃណី​របស់​ដូនតា​ខ្មែរ​យើង​ប៉ុណ្ណោះ​៕  
 
 





Tag:
 ​វិហារ​សួគ៌​
  ភ្ជុំបិណ្ឌ​
  កីឡា​ប្រពៃណី
© រក្សាសិទ្ធិដោយ thmeythmey.com