កីឡាជាតិ
ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​ចាក​ចេញពី​សិង្ហ​បុរី​មកដល់​កម្ពុជា​នៅថ្ងៃនេះ
30, Sep 2016 , 11:30 am        
រូបភាព
ដោយ:
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹង​ចាក​ចេញពី​ប្រទេស​សិង្ហ​បុរី​ធ្វើដំណើរ​មកកាន់​ប្រទេស​កំណើត​វិញ​នៅថ្ងៃនេះ បន្ទាប់ពី​ទទួលបាន​ការហ្វឹកហាត់​ពង្រឹងសមត្ថភាព និង​បច្ចេកទេស ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ AFF Suzuki Cup ឆ្នាំ​២០១៦ នៅ​ទីនោះ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​កន្លងមកនេះ​។​

 
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បន្ទាប់​ពី​ចាក​ចេញពី​ប្រទេស​កំណើត​តាំងពី​ថ្ងៃទី​២១ ខែកញ្ញា ដើម្បី​ទៅ​ហ្វឹកហាត់​ព​ង្រឹ​ក​សមត្ថភាព និង​បច្ចេកទេស​នៅ​ប្រទេស​សិង្ហ​បុរី សម្រាប់​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ AFF Suzuki Cup ឆ្នាំ​២០១៦ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ក្រុម​តំណាង​កម្ពុ​ជាមួយនេះ​នឹង​ចាក​ចេញពី​ប្រទេស​សិង្ហ​បុរី ដោយ​គ្រោង​នឹង​មកដល់​មាតុប្រទេស​នា​វេលា​ម៉ោង​១​នឹង​៣០​នាទី​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា​នេះ​។​
 
​ក្នុងអំឡុងពេល​ហ្វឹកហាត់​នៅ​ប្រទេស​សិង្ហ​បុរី ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ដែល​លេង​នៅក្នុង​លី​ក​សិង្ហ​បុរី​៣​លើក​ផងដែរ​។ ដោយ​ទ​ល្ធ​ផល​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​យកឈ្នះ​ក្រុម Albirex Niigata ២-១ ក្នុង​ជើង​ទី​១ និង​បន្ត​យកឈ្នះ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី ១-០ ក្នុង​ជើង​ទី​២​។ ហើយ​កាលពី​ម្សិលមិញ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​យកឈ្នះ​ក្រុម Geylang International FC ក្នុង​លទ្ធផល​១​ទល់នឹង​១​។ 
 
​គួរ​បញ្ជាក់ថា កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ AFF Suzuki Cup ឆ្នាំ​២០១៦ ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​២១ ខែតុលា ដោយ​ត្រូវ​ទទួល​ស្វាគមន៍​ឡាវ ទី​ម័​រ​ខាងកើត និង​ព្រុយ​ណេ​។ ក្រុម​ដែល​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ នឹង​ទទួលបាន​កៅអី​ក្នុង​ពូ​ល B សម្រាប់​ការប្រកួត​ជុំ​ចុងក្រោយ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែលមាន​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​វៀតណាម នៅ​រង់ចាំ​៕

Tag:
 ​បាល់ទាត់​
  ក្រុម​ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com