កីឡាជាតិ
ប៉េតង់​កម្ពុជា​កំពុងមាន​មេដាយ​សំរឹទ្ធ​ពីរ​នៅក្នុង​ដៃ​ពី​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​នៅ​ដា​ណា​ង​
30, Sep 2016 , 5:30 pm        
រូបភាព
ដោយ:
​ប៉េតង់​កម្ពុជា​កំពុងមាន​មេដាយ​សំ​រឺ​ទ្ធ​ពីរ​នៅក្នុង​ដៃ​លើ​វិញ្ញាសា​ប្រកួត​៣​នាក់​ទល់​៣​នាក់​បុរស​-​នារី បន្ទាប់ពី​ក្រុម​ទាំងពីរ​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូ​ល​ឡើងមក​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​បើ​កម្ពុជា​អាច​ឈ្នះ​គូប្រកួត​នៅថ្ងៃនេះ អាចនឹងទទួល​បាន​មេដាយប្រាក់ ឬ​មាស​ពី​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​លើក​ទី​៥​នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម នេះ​។

 
​ក្រោយពី​ធ្វើការ​ប្រកួត​ជម្រុះ​លើ​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​កាលពី​ម្សិលមិញ ក្រុម​ប៉េតង់​កម្ពុជា​ផ្នែក​បុរស​ដែលមាន​កីឡាករ មួង ទិ​ត្យ​ម៉ា​ណែ​ត​, សៀង វណ្ណា​, ទេព វណ្ណា និង​កីឡាករ យ៉ា ច័ន្ទដារ៉ា​រឹទ្ធ បាន​យកឈ្នះ​ឡាវ ៦-៤ និង​បន្ត​យកឈ្នះ​ម៉ាឡេស៊ី ១០-២​។ ប៉ុន្តែ​ក្រុម​នេះ​បាន​ចាញ់​ក្រុម​វៀតណាម ១០-៧ និង​ចាញ់​ក្រុម​ថៃ ១៣-៥​។ លទ្ធផល​ឈ្នះ​២ និង​ចាញ់​២​នេះ នាំ​ឲ្យ​ក្រុម​កម្ពុជា​ទទួលបាន​សិទ្ធ​ឡើងមក​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ 
 
​ជាមួយគ្នានេះដែរ សម្រាប់​ការប្រកួត​ជម្រុះ​តាម​ពូ​ល​កាលពី​ម្សិលមិញ​ក្រុមកីឡា​ប៉េតង់​កម្ពុជា​ផ្នែក​នារី​ដែលមាន​កីឡាការិនី ឃួន យ៉ា​រី​, ស្រៀ​ង សុរ៉ា​ឃីម​, ស៊ុន គ​ន្ធា និង​កីឡាការិនី វង ចន្ថា បាន​យកឈ្នះ​៤​ប្រកួត និង​ចាញ់​១​ប្រកួត​។ 
 
​ក្នុងនោះ​ក្រុមកីឡា​ការិនី​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ថៃ ៩-៨, ម៉ាឡេស៊ី ៨-៦, ឡាវ ១៣-១០ និង​ក្រុម​ឥណ្ឌា ១៣-២ ប៉ុន្តែ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម ១១-៦​។ លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ក្រុមកីឡា​ការិនី​កម្ពុ​ជាមួយនេះ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការឡើង​មកកាន់​វ​គ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ​។ 
 
​ការឡើង​មកកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​របស់​ក្រុម​កម្ពុជា​ទាំងពីរ​នេះ​មានន័យថា កម្ពុជា​កំពុងមាន​មេដាយ​សំរឹទ្ធ​ស្ទួនពីរ​រួច​ទៅ​បាត់​ហើយ​។ ប៉ុន្តែ​ប្រសិន​កម្ពុជា​អាច​យកឈ្នះ​នៅថ្ងៃនេះ កម្ពុជា​អាច​ទទួលបាន​មេដាយប្រាក់ ឬ​មាស​ពី​ព្រឺ​ត្តិ​ការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​លើក​ទី​៥​នៅ​ទីក្រុង​ដា​ណា​ង​ប្រទេស​វៀតណាម បន្ថែម​លើ​មេដាយ​ទាំង​៥​ដែលមាន​ស្រាប់​៕ 

Tag:
 ប៉េតង់​
  Asian Beach Games 2016
© រក្សាសិទ្ធិដោយ thmeythmey.com