កីឡាជាតិ
នី សំណាង ទោះបី​មាន​របួស​ស្មា​តែ​ប្តេជ្ញា​ថានឹងធ្វើ​ឲ្យ​ល្អ​នៅ Beach Games
30, Sep 2016 , 9:30 pm        
រូបភាព
ដោយ:
​ទោះបី​មាន​របួស​ធ្លាក់​សរសៃ​ស្មា​ទាំងសងខាង​ដ៏​យូរ​ខែ​ក៏ដោយ តែ​កីឡាការិនី​ចំបាប់ នី សំណាង ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ឆ្នេរ​ខ្សាច់​លើក​ទី​៤​នៅ​ថៃ កាលពី​ឆ្នាំ​២០១៤ បាន​ប្តេជ្ញា​ថា នឹងធ្វើ​ឲ្យ​បានល្អ​សម្រាប់​ការចូលរួម​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​ជើងឯក​ទ្វីបអាស៊ី​(Asian Beach Games 2016) នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម លើក​នេះ​។​

 
​កីឡាការិនី​ចំបាប់​ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ឆ្នេរ​ខ្សាច់​លើក​ទី​៤ នី សំណាង ទោះបី​កំពុង​ញាំញី​ដោយ​របួស​ធ្លាក់​សរសៃ​ស្មា​ទាំង​សង​តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៦​ក៏ដោយ ប៉ុន្តែ​កញ្ញា​បាន​ប្តេ​ជា្ញ​នឹងធ្វើ​ឲ្យ​ល្អ​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​លើក​ទី​៥​នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ម្ចាស់​មេដាយ​ស​សំរឹទ្ធ​រូបនេះ​បាន​ប្តេជ្ញា​ដូច្នេះ​ថា​៖«​ខ្ញុំ​មិន​ហ៊ាន​រំពឹង​រហូតដល់​ដណ្តើម​បាន​មេដាយ​នោះទេ តែ​ខ្ញុំ​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​។ ទោះបី​ខ្ញុំ​ឈឺ​ក៏ពិតមែន តែ​ចិត្ត​ខ្ញុំ​នៅមាន​»​។ 
 
​ទោះបី​ម្ចាស់​មេដាយ​សំរឹទ្ធ​រូបនេះ​បានបង្ហាញ​ពី​គោលជំហរ និង​ការតាំង​ចិត្ត​មិន​យក​បញ្ហា​ឈឺ​សរសៃ​ដាក់​ក្នុង​ចិត្ត​យ៉ាងណាក៏ដោយ ប៉ុន្តែ​នាង​បាន​ចាត់ទុកថា វា​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​បាត់បង់​ការជឿជាក់ និង​ទំនុកចិត្ត​របស់គេ​ក្នុងការ​ប្រកួត​។ កត្តា​នេះ​បានធ្វើ​ឲ្យ​ម្ចាស់​មេដាយ​សំរឹទ្ធ​រូបនេះ​មិន​ហ៊ាន​ដាក់​ក្តី​រំពឹង​ខ្ពស់​ក្នុងការ​ឈានដល់​ដណ្តើម​បាន​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​លើក​នេះឡើយ​។ 
 
​ម្យ៉ាងទៀត នាង​យល់ថា​ការប្រកួត​កីឡា​ឆ្នេរ​ខ្សាច់​មាន​លក្ខណខុស​ប្លែក​ពី​ការប្រកួត​ធម្មតា ពោលគឺ​ការប្រកួត​នេះ​ប្រសិនបើ​កីឡាករ​ណា​អាច​ផ្តួល​គូប្រកួត​ឲ្យ​ដួល ឬ​ក្បាលជង្គង់​ដល់​ដី​នឹង​ទទួលបាន​ពិន្ទុ​តែម្តង​។ ចំណែក​ការប្រកួត​នៅលើ​កម្រាល គឺ​កីឡាករ​អាច​ប្រកួត​ក្នុងអំឡុង​ពេលដេក​ដួល​ក៏បាន​។ 
 
​បើ​យោងតាម​កីឡាការិនី នី សំណាង របួស​ធ្លាក់​សរសៃ​ស្មា​ទាំង​សង​របស់ខ្លួន​កើតឡើង​ក្នុងអំឡុងពេល​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េខាងត្បូង​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លងទៅ ខណៈពេលដែល​គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង​ឲ្យ​កញ្ញា​ចូល​ហ្វឹកហាត់​ពង្រឹង​បច្ចេកទេស​ជាមួយ​ប្រុសៗ​ដែលជា​កីឡាករ​ជម្រើសជាតិ​របស់​កូរ៉េ​។ ហើយ​គិត​មក​ត្រឹម​ខែ​នេះ​របួស​របស់​កីឡាការិនី​ជម្រើសជាតិ នី សំណាង មាន​រយៈពេល​ជិត​៨​ខែ​មកហើយ​។ 
 
​ដោយសារ​ការ​ញាំញី​ជាមួយ​របួស​ដែល​នាង​បាន​អះអាង​ខ្លួនឯង​ថា ជាការ​ធ្លាក់​សរសៃ​ស្មា​អាច​នឹងធ្វើ​ឲ្យ​កីឡាការិនី​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ឆ្នាំ​២០១៣​ឈានដល់​ការបោះបង់​អាជីព​ជា​កីឡាការិនី​ចំបាប់​ចាប់យក​អាជីព​ផ្សេង​។ 
 
៖«​ដោយសារ​ខ្ញុំ​គិតថា របួស​ធ្លាក់​សរសៃ​ស្មារ​របស់ខ្ញុំ​វា​នៅ​ឈឺ ម្យ៉ាងទៀត​ខ្ញុំ​ចង់​ផ្តល់ឱកាស​ដល់​ក្មេងជំនាន់ក្រោយ​បាន​ចូលរួម​ដូច​ខ្ញុំ ដូច្នេះ​ខ្ញុំ​ប្រហែលជា​អាច​លាឈប់​ពី​អាជីព​កីឡាការិនី​ចំបាប់​។ ប៉ុន្តែ​រង់ចាំ​ការសម្រេច​របស់​ឯកឧត្តម​ប្រធាន ថា តើ​គាត់​ឲ្យ​ឈប់ ឬ​នៅ​បន្ត​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាការិនី នី សំណាង​។    
 
​គួរ​បញ្ជាក់ថា សម្រាប់​ការចូលរួម​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី Asian Beach Games 2016 ដែល​ធ្វើឡើង​នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម កីឡាការិនី​ចំបាប់ នី សំណាង ប្រកួត​ក្នុងប្រទេស​ទម្ងន់​ក្រោម​៦០​គីឡូក្រាម ប៉ុន្តែ​ជាក់ស្តែង​កីឡាការិនី​រូបនេះ​មាន​ទម្ងន់​៥៣​គីឡូក្រាម​។ នី សំណាង រួមជាមួយ​កីឡាករ​កីឡាការិនី​ចំបាប់​៤​នាក់​ផ្សេងទៀត​បាន​ចាក​ចេញពី​កម្ពុជា​តាំង​ថ្ងៃទី​២៨ ខែកញ្ញា មកម្ល៉េះ​៕

Tag:
 ចំបាប់​
  នី សំណាង​
  Asian Beach Games 2016
© រក្សាសិទ្ធិដោយ thmeythmey.com