កីឡាជាតិ
អគ្គលេខាធិការ​វ៉ូ​វី​ណា​ម​កម្ពុជា​ នៅតែមាន​សង្ឃឹម ទោះបី Beach Games ពិបាក​ស្វែងរក​មេដាយ​
30, Sep 2016 , 12:40 pm        
រូបភាព
ដោយ:
​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​នៅតែ​ប​ងា្ហ​ញ​ពី​ក្តីសង្ឃឹម​របស់ខ្លួន​សម្រាប់​ការចូលរួម​របស់​កីឡាករ​កីឡា​កា​រិ​និ​វ៉ូ​វី​ណា​ម​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​(Asian Beach Games 2016) នៅ​ទីក្រុង​ដាង ប្រទេស​វៀតណាម​។ ប៉ុន្តែ​លោក​ទទួលស្គាល់ថា ប្រហែលជា​ពិបាក​ក្នុងការ​ស្វែងរក​មេដាយ​សម្រាប់​វិញ្ញាសា​មួយ​នេះ ព្រោះ​វា​ជា​ប្រភេទ​កីឡា​ដែលមាន​ដើមកំណើត​ពី​ប្រទេស​វៀតណាម​។

 
​លោក ទេព ជីវ​សុខុម អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​នៅតែ​ប​ងា្ហ​ញ​ពី​ក្តីសង្ឃឹម​ជឿជាក់​លើ​សមត្ថភាព​រប​ស់​កីឡាករ​កីឡាការិនី​វ៉ូ​វី​ណា​ម​ទាំង​១០​នាក់​របស់​កម្ពុជា ក្នុងការ​ដណ្តើមបាន​មេដាយ​ពី​ព្រឹត្តិការណ៍ Asian Beach Games 2016 ជូន​ជាតិ​កម្ពុជា​សម្រាប់​ការចូលរួម​លើកដំបូង​។ ទោះបី​ប្រភេទ​កីឡា​នេះ​មាន​ដើមកំណើត​មកពី​ប្រទេស​វៀតណាម ដែលជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​នេះ​ក៏ដោយ​។​
 
​ទោះបី​វា​ជាការ​ចូលរួម​លើក​ទី​១​សម្រាប់​វ៉ូ​វី​ណា​ម​កម្ពុជា ប៉ុន្តែ​លោក​អគ្គលេខាធិការ​សហ​ព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បាន​ចាត់ទុកថា ការប្រកួត​នេះ​វា​មិនមាន​អ្វី​ខុសប្លែក និង​បង្ករ​ភាពលំបាក​សម្រាប់​កីឡាករ​កី​ឡ​ការិនី​កម្ពុជា​នោះឡើយ​។ ដោយសារ​ពួកគេ​ទាំងនេះ​ទទួលបាន​ការហ្វឹកហាត់​ពង្រឹងសមត្ថភាព និ​បច្ចេកទេស​ត្រៀម​នៅ​ទីក្រុង​ដា​ណង​រយៈពេល​២​ខែ​មុន​ចូលរួម​ព្រឹត្តិការណ៍​នេះ​។ 
 
​កត្តា​ទាំងអស់​នេះហើយ​ដែល​ធ្វើ​ឲ្យ​លោក ទេព ជីវ​សុខុម មាន​ទំនុកចិត្ត​យ៉ាងខ្លាំង​លើ​សមត្ថភាព​របស់​កីឡាករ​កីឡាការិនី​កម្ពុជា​ទាំងនេះ​។ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​លោក​មាន​ទំនុក​ចិត្តខ្លាំង​បំផុត​នោះ បន្ទាប់ពី​គ្រូបង្វឹក​ជនជាតិ​វៀតណាម​បាន​វាយតម្លៃថា កម្រិត​បច្ចេកទេស​រប​ស់​កីឡាករ​កីឡាការិនី​កម្ពុ​ជាមាន​កើនឡើង​។ ទន្ទឹមនឹងនេះ លោក​បានដាក់​ក្តីសង្ឃឹម​រហូតដល់​៧០​ភាគរយ​លើ​ការ​ដណ្តើមបាន​មេដាយ​របស់​កម្ពុជា ដោយ​លោក​ទុក​៣០​ភាគរយ​រង់ចាំ​ការប្រកួត​បានបញ្ចប់​។ 
 
​ទោះបីជា​យ៉ាងនេះ​ក្តី​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ លោក ទេព ជីវ​សុខុម បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​មានការ​ព្រួយបារម្ភ​ខ្លាំងជាងគេ​លើ ឥណ្ឌូនេស៊ី និង​មី​យ៉ាន់​ម៉ា​។ ទោះបី​យើង​គិតថា យើង​ដើរចូល​មុន​គាត់​ក៏ដោយ ប៉ុន្តែ​កម្រិត​បច្ចេកទេស​របស់​គាត់​មាន​ភាព​ប្រហាក់ប្រហែល​។ អ៊ីចឹង​មានការ​លំបាក​ក្នុងការ​ដណ្តើមយក​មេដាយ ប៉ុន្តែ​យើង​នៅតែមាន​សង្ឃឹម ព្រោះ​យើង​បាន​ឆ្លងកាត់​ការបញ្ជូន​របស់​ក្រសួង​អប់រំ និង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ​រយៈពេល​២​ខែ​។ ហើយ​តាម​ការវាយតម្លៃ​របស់​អ្នកគ្រូ​បង្វឹក​ជនជាតិ​វៀតណាម​ថា កម្រិត​បច្ចេកទេស​មាន​ការកើនឡើង ដូច្នេះ​យើង​សង្ឃឹម​ច្រើន​ក្នុងការ​ដណ្តើមបាន​មេដាយ​»​។ 
 
​ដោយសារ​ការប្រកួត​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​(Asian Beach Games 2016) នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម មិនមាន​លក្ខណៈ​ទូលំទូលាយ​ដូច​ការប្រកួត​លក្ខណៈ​អន្តរជាតិ​ផ្សេងៗ ដោយ​តម្រូវ​ឲ្យ​កីឡាករ​ម្នាក់​ប្រកួត​បានតែ​មួយ​វិញ្ញាសា​។ ជាហេតុ​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​ការលំបាក​ផងដែរ ដោយសារ​ខ្វះ​ធនធាន​ល្អៗ​ក្នុងការ​ចូលរួម​។ ជាពិសេស​ព្រឹត្តិការណ៍​នេះ​មិនបាន​ដាក់បញ្ចូល​វិញ្ញាសា​សក្តានុពល​របស់​កម្ពុ​ជា ដែល​ធ្លាប់​ដណ្តើមបាន​មេដាយមាស​ពិភពលោក​។​
 
​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​ប្រចាំឆ្នាំ​២០១៦​នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម ដែល​ធ្វើឡើង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៤ កញ្ញា ដល់​ថ្ងៃទី​៣ តុលា ខាងមុខនេះ​។ វ៉ូ​វី​ណា​ម​កម្ពុជា​បាន​បញ្ជូន​កីឡាករ​ចំនួន​១០​នាក់​(​ស្រី​៣​នាក់​)​និង​គណប្រតិភូ​២​នាក់​ឲ្យ​ចូលរួម ដោយ​កីឡាករ​ទាំងនេះ​ប្រកួត​លើ​វិញ្ញាសា​ចំនួន​៩​។ 
 
​កីឡាករ​កីឡាការិនី​កម្ពុជា​ទាំងនោះ​រួមមាន កីឡាករ ប្រាក់ សុវណ្ណនី​, កើត សុភ័ក្ត្រ​, ជិន ពិសិដ្ឋ​, ជ្រិ​ន ប៊ុនឡុង​, លី បូរ៉ា​មី​, សាន សុជាតិ​, សុខ សម្បត្តិ​, កីឡាការិនី ប៉ាល់ ឆរ​ស្មី​, សឿ ច័​ន្ធ​លក្ខិណា និង​កីឡាការិនី ពៅ សុខា​៕     

Tag:
 ​វ៉ូ​វី​ណា​ម​
  ទេព ជីវ​សុខុម​
  Asian Beach Games 2016
© រក្សាសិទ្ធិដោយ thmeythmey.com