កីឡាជាតិ
ជាតិ
យ៉ានតាមដងផ្លូវ
កីឡាករ វ៉ាន វ៉ុ​ន រំពឹង​ទទួលបាន​មេដាយ​នៅលើ​ក​ក្រោយ​បន្ទាប់ពី​អាច​បំបែក​កំណត់ត្រា​ខ្លួន​នៅ Rio
04, Oct 2016 , 11:56 am        
រូបភាព
​កីឡាករ​ប៉ា​រ៉ា​ឡាំ​ពិ​ក វ៉ាន វ៉ុ​ន ក្រោយពី​អាច​បំបែក​កំណត់ត្រា​ចាស់​តាមរយៈ​ការប្រើ​ថេរវេលា​១៥.៤៤​វិនាទី​លើ​វិ​ញ្ញា​ប្រណាំង​រទេះ​ចម្ងាយ​១០០​ម៉ែត្រ​លើ​ប្រភេទ​ពិកា T54 ក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក នៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល នាពេល​កន្លងមក​។ កីឡាករ​រូបនេះ​មាន​ក្តី​រំពឹងថា សម្រាប់​ការចូល​លើក​ទី​២ ឬ​លើក​ទី​៣​នាពេលខាងមុខ ខ្លួន​នឹង​អាច​ដណ្តើមបាន​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​នេះ​។​



សូមស្ដាប់សំឡេង៖





​កីឡាករ​ប៉ា​រ៉ា​ឡាំ​ពិ​ក វ៉ាន វ៉ុ​ន ក្រោយពី​ទទួលបាន​ការដកស្រង់​បទពិសោធន៍ និង​បច្ចេកទេស​ល្អៗ​ពី​កីឡាករ​លំដាប់​ពិភពលោក​សម្រាប់​ការចូលរួម​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក នៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល នាពេល​កន្លងទៅ​ថ្មីៗ​នេះ​។ បានធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​រូបនេះ​មាន​ទំនុកចិត្ត និង​ជឿជាក់​យ៉ាង​មុតមាំ​លើ​សមត្ថភាព​របស់ខ្លួន​។ ហើយ​រូបគេ​រំពឹងថា នឹង​អាច​ដណ្តើមបាន​មេដាយ​ពី​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​ក​នេះ​សម្រាប់​ការចូលរួម​លើក​ទី​២ ឬ​លើក​ទី​៣​នាពេលខាងមុខ​។

​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នាពេល​កន្លងទៅ​ថ្មីៗ​នេះ កីឡាករ វ៉ាន វ៉ុ​ន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការ​ចេញទៅ​ប្រកួត​នៅ​ប្រេ​ស៊ី​ល​នេះ​ខ្ញុំ​សប្បាយចិត្ត​ណាស់ ព្រោះ​កម្រិត​បច្ចេកទេស​របស់​ខ្ញុំ​ក៏​ឡើង​ល្អ​។ ម្យ៉ាងទៀត​ខ្ញុំ​ទទួលបាន​ចំណេះដឹង​ល្អ​ពី​មិត្ត​រួម​អាជីព​មកពី​ប្រទេស​ទូទាំង​ពិភពលោក​។ អ៊ីចឹង​ក្រោយ​ត្រឡប់​មកពី​ចូលរួម​ព្រឹត្តិការណ៍​នេះ ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង​ជាង​មុន​។ នេះ​ជា​លើក​ទី​១​សម្រាប់​ខ្ញុំ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា ការចូលរួម​លើក​ទី​២ និង​លើក​ទី​៣​ខ្ញុំ​នឹង​ទទួលបាន​មេដាយ ព្រោះ​ខ្ញុំ​មាន​បទពិសោធ​កាន់តែខ្លាំង​»​។​



​ទោះបីជា​កីឡាករ វ៉ាន វ៉ុ​ន មិនអាច​ដណ្តើមបាន​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក នៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល សម្រាប់​ការចូលរួម​លើកដំបូង​ក៏ដោយ​។ ប៉ុន្តែ លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ បាន​កោតសរសើរ​ពី​សមត្ថភាព និង​បច្ចេកទេស​របស់​កីឡាករ វ៉ាន វ៉ុ​ន ដែល​បានបង្ហាញ​ពី​ភាព​អស្ចារ្យ​តាមរយៈ​ការ​បំបែក​កំណត់ត្រា​ផ្ទាល់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​មួយ​នេះ​។​

​លោក​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​រូបនេះ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​សម្រាប់​ការប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​កនៅ Rio លោក វ៉ាន វ៉ុ​ន ស្ថិតក្នុង​ល្បឿន​មួយ​ដែល​ខ្ញុំ​សុំ​កោតសរសើរ បើតាម​កំណត់ត្រា​ចាស់​នា​ការប្រកួត​ខ្នាត​អាស៊ី និង​អាស៊ាន​កាលពី​លើក​មុនៗ គឺ​លោក វ៉ាន វ៉ុ​ន ប្រើ​ថេរវេលា​ជាង​១៧​វិនាទី​។ ប៉ុន្តែ​នៅពេលនេះ លោក វ៉ាន វ៉ុ​ន ប្រើ​ថេរវេលា​១៥.៤៤​វិនាទី​»​។​

​លោក​បាន​បន្ថែមថា ៖«​ដូច្នេះ​ទោះបី លោក វ៉ាន វ៉ុ​ន មិនអាច​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ឬ​លេខ​២ និង​និទ្ទេស​ល្អ ដើម្បី​ឡើងទៅ​កាន់​វគ្គ​បន្ត​ផ្តាច់ព្រ័ត្រ​ក៏ដោយ ប៉ុន្តែ លោក វ៉ាន វ៉ុ​ន អាច​បំបែក​ឯក​ត្ត​កម្ម​លើ​របាយការណ៍​ចាស់​របស់ខ្លួន​លើ​ប្រភេទ​វិញ្ញាសា​១០០​ម៉ែត្រ​នេះ​»​។

​គួរ​បញ្ជាក់ថា កីឡា​ការ​ប៉ា​រ៉ា​ឡាំ​ពិ​ក វ៉ាន វ៉ុ​ន បានបញ្ចប់​ត្រឹម​ចំណាត់​ថា្នក់​៦​ក្នុង Heat 3 ដែលមាន​ប្រទេស​ចំនួន​៧​ចូលរួម ពោលគឺ​ឈរលើ​កីឡាករ MWENGANI MABONZE Jhon មកពី​ប្រទេស DR Congo បន្ទាប់ពី​រូបគេ​បាន​ប្រើ​ថេរវេលា​១៥:៤៤​វិនាទី​លើ​វិញ្ញាសា​១០០​ម៉ែត្រ​/T54​​។ ប៉ុន្តែ​លទ្ធផល​ជារួម​ក្នុងចំណោម​អត្ត​ព​លិ​ក​២១​នាក់ វ៉ាន់ វ៉ុ​ន ឈរ​ចំណាត់​លេខ​១៥ ក្នុង​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​កនៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល​។​

​ការបញ្ចប់​ត្រឹម​ថេរវេលា​១៥:៤៤​វិនាទី​នេះ ធ្វើ​ឲ្យ​កីឡាករ វ៉ាន វ៉ុ​ន មិនអាច​បន្ត​ការប្រកួត​របស់ខ្លួន​នៅ​វគ្គ​បញ្ចប់​នោះឡើយ​។ ប៉ុន្តែ​លទ្ធផល​នេះ​ជួយ​ឲ្យ​រូបគេ​ឈរលើ​ប្រទេស​ចំនួន​៦ រួមមាន សហរដ្ឋអាមេរិក​, បួ​គី​ណា​ហ្វា​សូ​, អ៊ុយ​រូ​ហ្គា​យ​, ហ្គា​បុ​ង​, ហ្គំ​ប៊ី និង​ប្រទេស DR Congo៕  



Tag:
 វ៉ាន វ៉ុ​ន​
  Rio Paralympic 2016
© រក្សាសិទ្ធិដោយ thmeythmey.com