ជាតិ
សេដ្ឋកិច្ច
CRF ជំរុញ​ឲ្យ​រោង​ម៉ាស៊ីនកិនស្រូវ បន្ត​ប្រមូល​ទិញស្រូវ​ក្រអូប ដែល​នៅសល់​ជិត ២០​ម៉ឺន​តោន​ទៀត​
04, Oct 2016 , 9:19 pm        
រូបភាព
រូបភាពពីសហព័ន្ធស្រូវអង្ករកម្ពុជា
រូបភាពពីសហព័ន្ធស្រូវអង្ករកម្ពុជា
ដោយ:
​ភ្នំពេញ​៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​(CRF) ជំរុញ​ឲ្យ​រោង​ម៉ាស៊ីនកិនស្រូវ​បន្ត​ប្រមូល​ទិញស្រូវ​សែន​ក្រអូប​ពី​កសិករ​បន្ថែមទៀត ដើម្បី​ជួយសង្គ្រោះ​តម្លៃ​ស្រូវ ដែល​ធ្លាក់ចុះ​។ លោក សុខ ពុ​ទ្ធី​វុ​ធ ប្រធាន CRF ថ្លែងថា ទន្ទឹមនឹង​មានការ​គាំទ្រ​ពី​មហាជន​លើ​ការទិញ​អង្ករ​ខ្មែរ និង​ការជួយ​ផ្នែក​ដើមទុន​ពី​រដ្ឋាភិបាល រោង​ម៉ាស៊ីនកិនស្រូវ មិនគួរ​បង្អង់​សកម្ម​ប្រមូល​ទិញស្រូវ រហូតដល់​រដូវ​ប្រមូល​ផល​ស្រូវធ្ងន់​នោះទេ​។ លោក​ថា ការបង្អែបង្អង់​ទិញស្រូវ​របស់​រោង​ម៉ាស៊ីនកិនស្រូវ នឹងធ្វើ​ឲ្យ​តម្លៃ​ស្រូវ​បន្ត​ធ្លាក់ចុះ​ថែមទៀត​។​



​បើតាម​លោក សុខ ពុ​ទ្ធី​វុ​ធ ទិន្នផល​ស្រូវ​សែន​ក្រអូប​សរុប មាន​ប្រមាណ​ជិត ៥០​ម៉ឺន​តោន ដែល​ក្នុងនោះ​ស្រូវ​ប្រហែល ៣០​ម៉ឺន​តោន ត្រូវបាន​ប្រមូល​ទិញ​។ ប្រធាន CRF រូបនេះ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​«​យុទ្ធនាការ​ទិញស្រូវ​ក​ម្ពុ​ជា ជួយ​កសិករ​កម្ពុជា​» នៅ​ថ្ងៃទី​៤​ខែតុលា ថា ក្រៅពី​ទីផ្សារ អន្តរជាតិ ទីផ្សារ​ក្នុងស្រុក គឺជា​កត្តា​ជួយ​ដោះស្រាយ​បញ្ហា​ស្រូវ​អង្ករ​ដ៏​សំខាន់​មួយ ខណៈ​មាន​តម្រូវការ​ប្រើប្រាស់​អង្ករ​មិនតិចជាង ១​លាន​និង​២​សែន​តោន ក្នុង​មួយឆ្នាំៗ​។ លោក​ថែមទាំង​អំពាវនាវ​ឲ្យ​សា្ថ​ប័នរ​ដ្ឋ និង​ឯកជន រួមទាំង​ប្រជាពលរដ្ឋ​ទូទៅ ចូលរួម​ទិញ​អង្ករ​ខ្មែរ​។

​សូម​ស្ដាប់​ប្រសាសន៍​លោក សុខ ពុ​ទ្ធី​វុ​ធ ខាងក្រោម​នេះ​៖




​ក្នុងពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា ២៧​លាន​ដុល្លារ ក្នុងនោះ​មូលនិធិ ៧​លាន​ដុល្លារ​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ​(RDB) ។   RDB ជា​អ្នកអនុវត្ត​នីតិវិធី​ផ្ដល់​កម្ចី​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​លើ​កញ្ចប់​ថវិកា​ទាំងនេះ ដោយ​តម្រូវ​លក្ខខណ្ឌ ដូចជា យក​ស្តុក​ស្រូវ​ជា​វត្ថុ​ធានា ការប្រាក់​៧​ភាគរយ​ក្នុង​មួយឆ្នាំ និង​ត្រូវ​ទិញស្រូវ​កសិករ​ក្នុងតម្លៃ​៨៤​ម៉ឺន​រៀល​ក្នុង​១​តោន​(​តម្លៃ​ទិញ​ដល់​ស្រែ​)៕


Tag:
 សុខ ពុ​ទ្ធី​វុ​ធ​
  CRF
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com