អន្តរជាតិ
Wikileaks៖​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន មាន​គម្រោង​ធ្វើឃាត​លោក Julian Assange
04, Oct 2016 , 5:54 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ថាបនិក Wikileaks លោក Julian Assange សម្រេចចិត្ត​ផ្លាស់ប្តូរ​ទីតាំង​រៀបចំ​ខួប​លើក​ទី ១០​នៃ​ការបង្កើត​សារព័ត៌មាន Wikileaks ពី​អង់គ្លេស​ទៅ​ទីក្រុង​ប៊ែ​កឡាំង​អាល្លឺម៉ង់​វិញ ដោយសារ​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន​។ ដើម​សប្តាហ៍​នេះ Wikileaks ក៏បាន​ចោទប្រកាន់ថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន  ចង់​ធ្វើឃាត​លោក Assange ដើម្បី​បញ្ចប់​រាល់​ការបញ្ចេញ​ព័ត៌មាន​សម្ងាត់​ទៀត​។​



​ទីតាំង​នៃ​ការរៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីពី​ខួប​លើក​ទី ១០ នៃ​ការបង្កើត​គេហទំព័រ Wikileaks ត្រូវបាន​ផ្លាស់ប្តូរ​ពី​ស្ថានទូត​អេក្វាទ័រ​ប្រចាំ​ក្រុង​ឡុង​ដ៍ មកកាន់​ទីក្រុង​ប៊ែ​កឡាំង​ប្រទេស​អាល្លឺម៉ង់​វិញ​។ ការផ្លាស់ប្តូរ​នេះ​ធ្វើឡើង​ដោយសារ​លោក Julian Assange ដឹង​ព័ត៌មាន​ជាក់លាក់​ថា​វា​អាចមាន​ការប៉ុនប៉ង​ធ្វើឃាត​លោក​។

​ហើយ​ថ្ងៃ​ចន្ទ​ម្សិលមិញ Wikileaks បាន​ចោទប្រកាន់ថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ធ្លាប់មាន​គម្រោង​ធ្វើឃាត​លោក Julian Assange ហើយ​គេហទំព័រ​នេះ​លើកយក​ព័ត៌មាន​សម្ងាត់​ដែល​គេ​ទទួលបាន​ពី​កិច្ចប្រជុំ​ក្រសួងការបរទេស​អាមេរិក​ឆ្នាំ ២០១០ ។  គណនី Twitter ផ្លូវការ​របស់ Wikileaks បាន​បង្ហោះ​សម្រង់​ពាក្យសម្តី​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក្នុងពេល​ប្រជុំ​ក្រសួងការបរទេស​ឆ្នាំ ២០១០ ដោយ​លោកស្រី សួរ​ទៅកាន់​អង្គប្រជុំ​ថា​៖«​តើ​អាច​សម្លាប់ Assange ដោយ​ប្រើប្រាស់​យន្តហោះ​ទម្លាក់​គ្រាប់​គ្មាន​អ្នកបើក​បាន​ឬ​អត់​?»​។



​លោក Assange ដែលជា​ស្ថាបនិក​និង​និពន្ធ​នាយក​នៃ​គេហទំព័រ Wikileaks កន្លងមក​បាន​ដើរតួនាទី​សំខាន់​ជា​អ្នក​បកអាក្រាត​រឿងអាស្រូវ​របស់លោក​ស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​បក្ស​ប្រជាធិបតេយ្យ​។ កាលពី​ខែសីហា​កន្លងទៅ លោក Assange បានប្រកាសថា លោក​នឹង​បញ្ចេញ​ឯកសារ​សំខាន់ៗ​ផ្សេងទៀត​ពាក់ព័ន្ធ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​បេក្ខជន​ប្រធានាធិបតី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​មុន​ថ្ងៃ​បោះឆ្នោត​ខែវិច្ឆិកា​មកដល់​។ គេ​រំពឹងថា ការទម្លាយ​ឯកសារ​ថ្មី​ទៀត​នេះ នឹងមាន​ផលប៉ះពាល់ ចំពោះ​ការបោះឆ្នោត​នៅពេល​ខាងមុខ​។ ប៉ុន្តែ​មកទល់ពេលនេះ​លោក មិនទាន់​ទម្លាយ​របាយការណ៍​សម្ងាត់​ទាំង​នោះឡើយ​។​

​ហើយ​កាលពី​ខែកក្កដា​កន្លងមក គេហទំព័រ Wikileaks ក៏បាន​បញ្ចេញ​ឯកសារ​សម្ងាត់​ដែល​ត្រូវបាន​គេ​លួច​ទាញយក​ពីសារ​អេឡិចត្រូនិក​របស់​គណកម្មាធិការ​ជាតិ​បក្ស​ប្រជាធិបតេយ្យ​។ ហើយ​ឯកសារ​ទាំង​នោះបាន​បើក​កកាយ​ពី​ការ​រឿង​តែងតាំង​បេក្ខជន​ប្រធានាធិបតី​សម្រាប់​បក្ស​ប្រជាធិបតេយ្យ ក្នុងពេល​សមាជ​បក្ស​នា​ខែកក្កដា​។ ហើយ​ការទម្លាយ​ឯកសារ​នេះ​បានធ្វើ​ឲ្យ​ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាធិបតេយ្យ​លោកស្រី Debbie Wasserman Schultz ចុះ​ចេញពី​តំណែង​ថែម​ទៀតផង​។​

​សូមបញ្ជាក់ថា លោក Julian Assange បានរស់នៅ​ស្ថានទូត​អេក្វាទ័រ​ប្រចាំ​ប្រទេស​អង់គ្លេស​អស់​រយៈពេល ៥​ឆ្នាំ​ហើយ​។ លោក​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ស្ថានទូត​ដោយសារ​លោក​រត់គេច​ពី​ការធ្វើ​បត្យាប័ន​បញ្ជូន​លោក​ទៅ​កាត់ទោស​នៅ​ប្រទេស​ស៊ុយអែត ដោយសារ​លោក​រង​ការចោទប្រកាន់​ពីបទ​រំលោភបំពាន​ផ្លូវភេទ​នោះ​៕


Tag:
 Julian Assange
  Wikileaks
  ហ៊ី​ឡា​រី គ្លី​ន​តុ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com