អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេទ័ព​អាមេរិក ព្រមាន​កម្ទេច​រាល់​ការគំរាមកំហែង​មកលើ​អាមេរិក​
07, Oct 2016 , 9:59 am        
រូបភាព
 
 
​ប្រមុខ​កងទ័ពជើងគោក​អាមេរិក បានចេញ​សារ​ព្រមាន​ខ្លាំងៗ​ចំពោះ​ការគំរាមកំហែង​ទាំងឡាយ​មកលើ​អាមេរិក ដោយ​រួមទាំង​រុស្សី​ផង​នោះ​។ មេទ័ព​អាមេរិក​ថែមទាំង​ប្រកាសថា កងទ័ព នឹង​កម្ចាត់​រាល់​សត្រូវ​ទាំងអស់​ដែល​ហ៊ាន​យាយី​អាមេរិក​។ ការចេញ​សារ​ព្រមាន​ធ្វើឡើង ខណៈដែល​អាមេរិក កំពុង​ប្រឈមមុខ​ជាមួយ​រុស្សី ក៏ដូចជា​ការ​គំរាម​ពី​សំណាក់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ដែរ​។

 
 
​នាយសេនាធិការ​កងទ័ព​ជើងគោក​អាមេរិក លោក​ឧ​ត្ត​ម​សេនីយ៍ Mark Milley និយាយថា​អាមេរិក កំពុង​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ដែល​មិន​ធា្ល​ប់​ពីមុនមក ដ្បិត​សត្រូវ​របស់​អាមេរិក បាននិងកំពុង​រៀបចំ​ខ្លួន​ជាមួយនឹង​ក្ដី​សង្ឃឹមថា ពួកគេ នឹង​ផ្ដួល​អាមេរិក​បាន​នៅពេល​អនាគត​។ ប៉ុន្តែ​លោក​ឧ​ត្ត​ម​សេនីយ៍ Milley ក៏​ព្រមាន​ដែរ​ថា កងទ័ព​អាមេរិក នឹង​កម្ទេច​សកម្មភាព​ដែល​ប៉ះពាល់​ខ្លួន​។    
 
​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​មួយ​នៅ​ក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី​៤ ខែតុលា លោក​ឧ​ត្ត​ម​សេនីយ៍ Milley បានបញ្ជាក់​ច្បាស់ៗ​ទៅកាន់ «​អ្នក​ដែល​ចង់​បំផ្លាញ​អាមេរិក​» ថា កងទ័ព​អាមេរិក នឹងមិន​ខ្វល់​ពី​បញ្ហា​ប្រឈម​អ្វី​ឡើយ ហើយនឹង​បញ្ឈប់​សកម្មភាព​របស់​ពួកគេ ព្រមទាំង​កម្ទេច​ពួកគេ​ឲ្យ​ខ្លាំង​ជាង​ពីមុន​ទៅទៀត​។ លោក​បន្តថា កងទ័ព​នឹងមិន​ធ្វើ​ឲ្យ​មាន​កំហុស​លើ​បញ្ហា​នេះ​ទេ​។     
 
​ប្រមុខ​កងទ័ពជើងគោក​អាមេរិក​ព្រមាន​ខ្លាំងៗ​ដូចនេះ ស្រប​ពេលដែល​អាមេរិក​ឈាន​មកដល់​កាលៈទេសៈ​ដ៏​សំខាន់ ជាពិសេស​ក្នុងដំណាក់កាល​ដែល​ប្រជាជន​អាមេរិក ត្រូវ​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ដែរនោះ​។ មិនតែប៉ុណ្ណោះ ការកើនឡើង​នៃ​ការប្រឈមមុខ​ផ្នែក​យោធា​ជាមួយ​គូប្រជែង​ដូចជា​ចិន និង​រុស្សី​ជាដើម​នោះ សុទ្ធតែជា​បញ្ហាសំខាន់​ទាំងអស់​។​
 
​យោងតាម​សារព័ត៌មាន Military.com លោក​ឧ​ត្ត​ម​សេនីយ៍ Milley បញ្ជាក់ថា ខណៈដែល​អាមេរិក​កំពុង​ផ្ដោតលើ​ការប្រយុទ្ធ​នឹង​ភេរវកម្ម ប្រទេស​ជាច្រើន​ដូចជា​រុស្សី អ៊ីរ៉ង់ ចិន និង​កូរ៉េខាងជើង​នោះ កំពុង​រៀន​តាម​អាមេរិក​។ ហើយ​ពួកគេ ក៏​យក​បទពិសោធន៍​ទាំងនោះ ដើម្បី​អភិវឌ្ឍ​យោធា​របស់ខ្លួន ក្នុង​គោលដៅ​វាយបក​មកលើ​អាមេរិក​វិញ​។    
 
​ដោយនិយាយ​ចំ​លើ​ការលើកឡើង​របស់​មន្ត្រី​រុស្សី​ដែលថា រុស្សី​អាច​ឈ្នះ​លើ​សង្គ្រាម​នៅ​អឺរ៉ុប​នោះ លោក​ឧ​ត្ត​ម​សេនីយ​រូបនេះ​សង្កត់ធ្ងន់ថា សង្គ្រាម​នៅ​ថ្ងៃ​អនាគត នឹង​កាន់តែ​សាហាវ មិន​ដូច​អ្វីដែល​កើតឡើង​អំឡុង​សង្គ្រាមលោកលើកទីពីរ​ឡើយ​។ លោក​ពន្យល់ថា​៖ «​ក្នុង​សមរភូមិ​នា​ថ្ងៃ​ខាងមុខ ប្រសិនបើ​អ្នក​នៅ​មួយកន្លែង​ច្រើនជាង​ពីរ ឬ​បី​ម៉ោង​នោះ អ្នកនឹង​ស្លាប់​មិន​ខាន​។​»
 
​យ៉ាងណាក្ដី មេទ័ព​អាមេរិក​ក៏​អះអាង​ដែរ​ថា កងទ័ព​នឹង​បន្ស៊ាំ​ខ្លួន​នឹង​ស្ថានភាព​គ្រោះថ្នាក់​ទាំងនោះ បើទោះជា​វា​ជា​រឿង​ដ៏​លំបាក​ក៏ដោយចុះ​។ លោក​ថា យើង​នឹង​រក្សា​សមត្ថភាព​របស់​យើង ហើយ​យើង​នឹង​កម្ទេច​សត្រូវ​ទាំងអស់​នៅ​គ្រប់​ទីកន្លែង គ្រប់ពេលវេលា​។ ការលើកឡើង​ខ្លាំង​បែបនេះ គឺជា​សញ្ញា​បង្ហាញថា កងទ័ព​អាមេរិក ទំនងជា​ត្រៀមខ្លួន​រួចរាល់​ហើយ សម្រាប់​ទប់ទល់​នឹង​ការ​គំរាម​ណាមួយ​នោះ​៕
 

Tag:
 អាមេរិក​
  ​រុស្សី
© រក្សាសិទ្ធិដោយ thmeythmey.com