កីឡាអន្តរជាតិ
អន្តរជាតិ
ភ្នាក់ងារ៖ Arsenal ទិញដូរ​កីឡាករ​ដោយ​ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​ពី​ប្រទេស​កម្ពុជា​
08, Oct 2016 , 10:55 am        
រូបភាព
លោក Jon Smith (ឆ្វេង) និង​លោក Arsene Wenger។ រូបថត Getty Image
លោក Jon Smith (ឆ្វេង) និង​លោក Arsene Wenger។ រូបថត Getty Image
ដោយ: រួបរួម
លោក Jon Smith ភ្នាក់ងារ​កីឡាករ​បាល់ទាត់​ដ៏​ល្បី​ម្នាក់ បាន​បង្ហើប​ឲ្យ​ដឹងថា ក្លិប​កាំភ្លើង​ធំ Arsenal បាន​ប្រើប្រាស់​ក្រុមហ៊ុន​ទិន្នន័យ StatDNA សម្រាប់​មុខ​ជំនួញ​របស់ខ្លួន ជាពិសេស​ការទិញ​ដូរ​កីឡាករ​។ លោក Smith ដែលជា​អតីត​ភ្នាក់ងារ​ផ្ទាល់​របស់ Diego Maradona ផងដែរ​នោះ បាន​បញ្ជាក់ថា StatDNA មាន​ក្រុមហ៊ុន​ដៃគូ​នៅ​កម្ពុជា ដែល​ផ្ទុក​ទិន្នន័យ​កីឡាករ​ទាំងអស់​នៅលើ​ពិភពលោក​។​



​លោក Jon Smith បុរស​ជនជាតិ​អង់គ្លេស​ដែល​ទើប​ប្រារព្ធ​ខួបកំណើត​៤០​ឆ្នាំ​របស់ខ្លួន គឺជា​អតីត​ភ្នាក់ងារ​របស់​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​អា​ហ្ស​ង់​ទីន Diego Maradona ពី​ឆ្នាំ​១៩៨៧ ដល់​ឆ្នាំ​១៩៩០ ដែល​នៅពេលនោះ គេ​លេង​ឲ្យ​ក្លិប Napoli របស់​អ៊ីតាលី​។ មិន​ត្រឹម​ជា​ភ្នាក់ងារ​កីឡាករ​បាល់ទាត់ លោក Smith ក៏​ជា​អ្នកនិពន្ធ​ម្នាក់​ផងដែរ ហើយ​កាលពី​ខែកញ្ញា កន្លងមកនេះ លោក​បានចេញ​ផ្សាយ​សៀវភៅ​មួយ​ដែលមាន​ចំណងជើង​ថា​៖ «The Deal, Inside the World of a Super-Agent»​។​

​យោងតាម​កាសែត The Sunday Times សៀវភៅ «The Deal, Inside the World of a Super-Agent» របស់លោក Smith បាន​រៀបរាប់​ពី​ឆាកជីវិត​របស់លោក​ក្នុងតួនាទី​ជា​ភ្នាក់ងារ​បាល់ទាត់ រួមទាំង​សកម្មភាព​នានា​ទាក់ទង​នឹង​ជំនួញ​ក្នុង​វិស័យ​កីឡាបាល់ទាត់​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ លោក​បាន​លើកយក​ករណី​ក្លិប Arsenal នៃ​ក្របខណ្ឌ Premier League ទាក់ទង​នឹង​ការដោះដូរ​កីឡាករ​។​

​ក្នុង​សៀវភៅ​របស់ខ្លួន លោក Smith បាន​អះអាងថា ចាប់ពី​ឆ្នាំ​២០១២ មក ក្លិប Arsenal ជាពិសេស​លោក Arsene Wenger ដែលជា​អ្នកចាត់ការ​ទូទៅ បាន​ប្រើប្រាស់​សេវាកម្ម​ក្រុមហ៊ុន​ទិ​ដ្ឋ​ន័យ​មួយ​ឈ្មោះ StatDNA ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល​នៅ​ក្រុង​ឈី​កា​ហ្កោ សហរដ្ឋអាមេរិក​។​

​កាលពី​ឆ្នាំ​២០១៤ កាសែត The Guardian បាន​ផ្សាយ​ថា Arsenal បាន​ទិញ​ទិន្នន័យ​ដ៏​សម្ងាត់​ពី​ក្រុមហ៊ុន StatDNA ក្នុងតម្លៃ​២.១៦៥​លាន​ផោន (២.៦៩​លាន​ដុល្លារ​អាមេរិក​)​។ StatDNA មាន​ជំនាញ​ខ្ពស់​ក្នុង​ការផ្តល់​ទិន្នន័យ​ទាក់ទង​នឹង​កីឡាករ ការវិភាគ​លើ​ទម្រង់​លេង និង​ការវិវត្តន៍​ចុងក្រោយ​នានា​។​

StatDNA ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៩ ដោយមាន​លោក Jaeson Rosenfeld ជា​អគ្គនាយក ហើយ​លោក​ក៏​ស្ថាបនិក​ក្រុមហ៊ុន Digital Divide Data (DDD) ដែលមាន​ទីតាំងនៅ​កម្ពុជា និង​ឡាវ​ផងដែរ​។ The Guardian បាន​គូសបញ្ជាក់ថា DDD គឺជា​ដៃគូ​ប្រតិបត្តិការ​របស់ StatDNA ដែល​អាច​ផលិត​ការវិភាគ​ជា​វីដេអូ​។​

​លោក Jon Smith បាន​លើកឡើងថា ក្លិប Arsenal គឺជា​ឧទាហរណ៍​ទាក់ទង​នឹង​ជំនួញ​បាល់ទាត់​ដែល​អ្នកគាំទ្រ​ពិបាក​យល់ ខណៈ​លោក Wenger នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តែងតែ​រង​នូវ​ការរិះគន់ ទាក់ទង​នឹង​ការដោះដូរ​កីឡាករ ដោយ​លោក​មិនសូវ​ចំណាយលុយ និង​ទិញ​កីឡាករ​ឆ្នើម​។​

​ទាក់ទង​នឹង StatDNA លោក Smith បាន​គូសបញ្ជាក់ថា​៖ «​មាន​ទិន្នន័យ​ដ៏​ធំ​នៅ​កម្ពុជា ដែល​ពោរពេញ​ទៅដោយ​ឯកសារ និង​ស្ថិតិ​គ្រប់បែបយ៉ាង​ទាក់ទង​នឹង​កីឡាករ​។  ពោលគឺ​កីឡាករ​ទាំងអស់​នៅលើ​ពិភពលោក​។ ពួកគេ​លម្អិត​គ្រប់បែបយ៉ាង​ទាក់ទង​នឹង​កីឡាករ​បាល់ទាត់​ម្នាក់ៗ​»​។​

​លោក​បានបញ្ជាក់ ប្រព័ន្ធ​ទិន្នន័យ​នេះ អាច​ឲ្យ​គេ​វិភាគ​ឃើញ​ជា​ឧទាហរណ៍​ថា បើ​ខ្សែការពារ​ឆ្វេង​ម្នាក់​បើក​ការវាយលុក តើ​គូប្រជែង​គួរ​យក​កីឡាករ​ដែលមាន​លក្ខណៈ​សម្បត្តិ​បែបណា​ទៅ​ទប់ទល់​វិញ​? ។ លោក Smith ដែល​ធ្លាប់ជួយ Arsenal ទិញ​បាន Fredrik Ljungberg, Nwankwo Kanu និង Andrey Arshavin ជាដើម​នោះ ក៏បាន​មើលឃើញ​បញ្ហា​ផងដែរ​ទាក់ទង​នឹង​ការប្រើប្រាស់​សេវាកម្ម​ក្រុមហ៊ុន​ទិន្នន័យ​។ លោក​បាន​លើកឡើងថា ដោយសារតែ​ការវិភាគ​ច្រើនពេក ទើប​ធ្វើ​ឲ្យ​លោក Wenger មានការ​យឺតយ៉ាវ​ក្នុង​ទិញ​កីឡាករ ហើយ​ពេលខ្លះ​បណ្តោយ​ឲ្យ​គូប្រជែង​ទិញ​បាន​មុន ។

លោក​បាន​វាយ​តម្លៃថា ប្រព័ន្ធទិញដូរ កីឡាករនៅ Arsenal នឹងមិនមាន​ការផ្លាស់​ប្តូរនោះឡើយ ដរាបណា លោក Wenger នៅ​តែ​បន្ត​ដឹកនាំក្រុម៕




Tag:
 Arsenal
  បាល់ទាត់
  Jon Smith
  Arsene Wenger
© រក្សាសិទ្ធិដោយ thmeythmey.com