ជាតិ
សេដ្ឋកិច្ច
មូលនិធិ IMF និង​ធនាគារពិភពលោក​បាន​ឲ្យ​ដឹងថា ការ​ប្រឆាំងនឹង​ការធ្វើ​ពាណិជ្ជកម្ម​គំរាមកំហែង​ដល់​ការលូតលាស់​នៃ​សេដ្ឋកិច្ច​
08, Oct 2016 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ផលចំណេញ​ពី​ការធ្វើ​ពាណិជ្ជកម្ម​ចាំបាច់​ត្រូវតែ​ចែកចាយ​ឲ្យ​បាន​ទូលំទូលាយ បើ​មិន​ដូច្នោះ​ទេ ការកើនឡើង​នៃ​ការការពារ​សេដ្ឋកិច្ច​ក្នុងស្រុក និង​ធ្វើ​ឲ្យ​ខូ​ត​ខាត​ដល់​សេដ្ឋកិច្ចពិភពលោក នេះ​បើតាម​សម្តី​របស់​ប្រធាន​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ IMF និង​ធនាគារពិភពលោក​។​


​នាយិការ​អង្គការ IMF លោកស្រី Christine Lagarde ថ្លែងថា​ការធ្វើ​ពាណិជ្ជកម្ម នាំមក​នូវ​ផលចំណេញ​យ៉ាងច្រើន ដែល​បាន​សង្គ្រោះ​មនុស្ស​រាប់លាន​នាក់​ចេញពី​ភាព​ទីទាល់ក្រ ប៉ុន្តែ​លោកស្រី​ថ្លែងប្រាប់​អ្នកកាសែត​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ព្រ​ហ​ស្សតិ៍​ថា មាន​មនុស្ស​ជាច្រើន​ដែលមាន​អារ​ម្ម​ណ៏​ថា ពួកគេ​ត្រូវគេ​បោះបង់ចោល នៅ​ចំពេល​ដែលមាន​សេដ្ឋកិច្ចពិភពលោក មាន​ភាពទន់ខ្សោយ​។ លោកស្រី​អំពាវនាវ​ឲ្យ​មាន​ចំណាត់ការ​លើ​គោលនយោបាយ​ដែល​ជួយ​ដល់​មនុស្ស​គ្រប់រូប​។​
 
​ប្រធាន​ធនាគារពិភពលោក លោក Jim Yong Kim ថ្លែងថា មាន​វិសមភាព​ច្រើនពេក ដែល​រារាំង​ដល់​ការលូតលាស់ ហើយ​ជំរុញ​ឲ្យ​មាន​អស្ថិរភាព​។​
 
​អត្ថាធិប្បាយ​ទាំងនេះ​ធ្វើឡើង​ខណៈដែល​ក្រុមមន្ត្រី​សេដ្ឋកិច្ច​ជាន់ខ្ពស់​ថ្នាក់ជាតិ ពី​ជុំវិញ​ពិភពលោក ប្រជុំគ្នា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ស្វែងរក​វិធី​ដើម្បី​បង្កើន​ការលូតលាស់​សេដ្ឋកិច្ច ទប់​ទល់នឹង​ឱនភាព ព្រមទាំង​លើកទឹកចិត្ត​ដល់​ការធ្វើ​ពាណិជ្ជកម្ម​៕

​ដោយ VOA News
 

© រក្សាសិទ្ធិដោយ thmeythmey.com