ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ​CPP ថា បាតុកម្ម​ដឹកនាំ​ដោយ​លោក ហុង លីម មាន​បក្សនយោបាយ​នៅ​ពីក្រោយ​
08, Oct 2016 , 7:20 pm        
រូបភាព
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុុជា ថ្លែងនៅមុខតុលាការដំបូងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុុជា ថ្លែងនៅមុខតុលាការដំបូងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ។
ដោយ: ថ្មីៗ
​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅថ្ងៃនេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​ចោទ​បាតុកម្ម​នៅ​ប្រទេស​អូស្ត្រាលី​ដឹកនាំ​ដោយ​លោក ហុង លីម ប្រឆាំងនឹង​លោក ហ៊ុន ម៉ា​ណែ​ត ថា មាន​គណបក្សនយោបាយ​នៅ​ពីក្រោយ​។​


​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​លោក ហុង លីម តំណាងរាស្ត្រ​អូស្ត្រាលី ដើមកំណើត​ខ្មែរ​ថា ជា​«​បុគ្គល​នយោបាយ​» ហើយ​ចាត់ទុក​បាតុកម្ម​ប្រឆាំងនឹង​លោក ហ៊ុន ម៉ា​ណែ​ត​នៅ​អូស្ត្រាលី​ថា ជា​បាតុកម្ម​នយោបាយ​។ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ចុះ​ថ្ងៃទី ៨ ខែតុលា អ្នកនាំពាក្យ​គណបក្ស​នេះ អះអាងថា លោក ហុង លីម ពុំមាន​សិទ្ធិ​បញ្ចេញមតិ​លើ​អធិបតេយ្យ​កម្ពុជា​ទេ ព្រោះ​លោក​បាន​បោះបង់​សញ្ជាតិ​ខ្មែរ​ទៅហើយ​។ «​លោក ហុង លីម រៀបចំ​បាតុកម្ម​ឡើង​ក្រោម​ខ្សែ​ញាក់​របស់​គណបក្សនយោបាយ​ណាមួយ ដែល​កំពុងតែ​ជំរុញ​ឲ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ឲ្យ​ឡើងក​ម្តៅ​ស្រប​នឹង​គោលបំណង​របស់​មេដឹកនាំ​នយោបាយ​ទុច្ចរិត​ដែល​នៅ​ពីក្រោយ​ខ្នង សំដៅ​បំភ័ន្ត​មតិ​ជាតិ និង​អន្តរជាតិ​ថា កម្ពុជា​កំពុងមាន​វិបត្តិ​នយោបាយ​»​។ នេះ​ជា​ខ្លឹមសារ​បន្ថែម​នៃ​សេចក្តីថ្លែងការណ៍​របស់​បក្ស​កាន់អំណាច ទន្ទឹមនឹង​ប្រាប់​ឲ្យ​លោក ហុង លីម ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ការចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​គ្មាន​ភស្តុតាង​អំពី​ឃាតកម្ម​លើ​លោក កែម ឡី​។​
 
​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​ដឹកនាំ​ដោយ​លោក ហុង លីម តំ​ណា​រាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ បានធ្វើ​បាតុកម្ម​ប្រឆាំងនឹង​វត្តមាន​លោក ហ៊ុន ម៉ា​ណែ​ត នៅក្នុង​ទឹកដី​អូស្ត្រាលី​។ ពួកគេ​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ា​ណែ​ត ក្រោម​ហេតុផល​ថា កូនប្រុស​របស់​សម្តេច​នាយករដ្ឋមន្ត្រី​រូបនេះ ទៅធ្វើ​ពិធី​សប្បាយរីករាយ​ផឹកស៊ី​នៅ​អូស្ត្រាលី ចំ​ពេលដែល​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅ​អូស្ត្រាលី​កំពុង​ធ្វើបុណ្យ​កាន់ទុក្ខ​១០០ ថ្ងៃ​លោក​បណ្ឌិត កែម ឡី​។​
 
 

Tag:
 ហ៊ុន ម៉ាណែត
  ហុង លីម
© រក្សាសិទ្ធិដោយ thmeythmey.com