អន្តរជាតិ
ឥណ្ឌា​ចាប់​ឃុំ​សត្វ​ព្រាប​មួយ​ក្បាល ដោយ​ចោទថា វា​ជា​គិញ​សម្ងាត់​របស់​ប៉ា​គី​ស្ថាន​
09, Oct 2016 , 8:19 pm        
រូបភាព
ដោយ: ធីតា
 

​សត្វ​ព្រាប​មួយ​ក្បាល​ត្រូវបាន​អាជ្ញាធរ​ឥណ្ឌា ចាប់​ឃុំ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ បន្ទាប់ពី​រង​ឃើញថា វា​បាន​នាំ​លិខិត​គំរាមកំហែង​មួយ​ដែលមាន​ប្រភព​មកពី​ប្រទេស​ប៉ា​គី​ស្ថាន​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ AFP​។​

 
​ប៉ូលិស​ឥណ្ឌា បាន​ចាប់​សត្វ​ព្រាប​មួយ​ក្បាល​ឃុំ​ភ្លាមៗ បន្ទាប់ពី​ពួកគេ​រកឃើញ​លិខិត​មួយច្បាប់​នៅលើ​ខ្លួន​សត្វ​ព្រាប​នោះ​។ ព្រាប​ដែល​ត្រូវបាន​ចាត់ទុកជា​ភ្នាក់ងារ​ស៊ើប​ការ​របស់​ប៉ា​គី​ស្ថាន ត្រូវបាន​ចាប់ខ្លួន​នៅ​តំបន់​ព្រំដែន​ក្នុង​ក្រុង Pathankot រដ្ឋ Pendjab​។ ទីតាំង​នោះ គឺជា​កន្លែង​នៃ​វាយប្រហារ​របស់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ប៉ា​គី​ស្ថាន​ទៅលើ​ឥណ្ឌា កាលពី​ខែមករា កន្លងមក ដែល​បណ្តាល​ឲ្យ​មនុស្ស​៧​នាក់​ស្លាប់​។​
 
​យោងតាម AFP លិខិត​ដែល​រកឃើញ​នៅលើ​ខ្លួន​ព្រាប ត្រូវបាន​ចុះហត្ថលេខា​ដោយ​ក្រុម​ជី​ហាត Lashkar-e-Taiba ក្រុម​ដែល​បាន​វាយប្រហារ​ក្រុង​ប៊ុ​ម​បៃ កាលពី​ឆ្នាំ​២០០៩ ។ លោក Rakesh Kumar អធិការរង​ប៉ូលិស​ប្រចាំ​តំបន់ បាន​អះអាងថា​៖ «​លិខិត​នោះ មាន​ខ្លឹមសារ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​មួយ​»​។​
 
«Modi [​នាយករដ្ឋមន្ត្រី​ឥណ្ឌា​] យើង​មិនមែនជា​ក្រុមមនុស្ស​ដូច​កាលពី​ឆ្នាំ​១៩៧១​ឡើយ​។ ពេលនេះ ក្មេងៗ​ទាំងអស់​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​វាយប្រហារ​ឥណ្ឌា​»​។ នេះ​ជា​ខ្លឹមសារ​ក្នុង​លិខិត​ដែល​រៀបរាប់​ដោយ​លោក Rakesh Kumar​។ ឆ្នាំ​១៩៧១ ជា​កាលបរិច្ឆេទ​មួយ​នៃ​សង្គ្រាម​រវាង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​។​
 
​សត្វ​ព្រាប​ប្រហែលជា​មិនអាច​រួចខ្លួន​នោះឡើយ ហើយ​ករណីនេះ កាន់តែ​បង្ក​ឲ្យ​មានកំ​ដៅ​រវាង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន ដោយ​ប្រទេស​ទាំងពីរ​កំពុង​តាំង​នុយ​ក្លេរ​អ៊ែរ​រៀងៗ​ខ្លួន​នៅ​តំបន់​ព្រំដែន​កា​ស្មៀ​រ​៕  
 

Tag:
 ព្រាប​នាំសារ​
  ឥណ្ឌា​-​ប៉ា​គី​ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com