អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ភរិយា ដូ​ណា​ល់ ត្រាំ ស្នើ​ឲ្យ​អ្នកគាំទ្រ​ទទួល​ការសុំ​ទោស​របស់​ស្វាមី​រឿង​ប្រើពាក្យ​អាសគ្រាម​
10, Oct 2016 , 10:32 am        
រូបភាព
 
​លោក ដូ​ណា​ល់ ត្រាំ កំពុង​ប្រឈមមុខ​នឹង​សម្ពាធ​ខ្លាំង​ពី​ក្នុង​បក្ស​ផង​និង​សាធារណរដ្ឋ​ជន​អាមេរិក​ផង​ក្រោយពេល​លេច​ធ្លាយ​ព័ត៌មាន​ដែល​បង្ហាញថា​លោក​បាន​ប្រើប្រាស់​ពាក្យ​ចំអាសចំអូង​មិន​សមរម្យ​ដាក់​ស្ត្រីភេទ​។ ភរិយា​របស់លោក ដូ​ណា​ល់ ត្រាំ លោកស្រី Melania Trump បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​ទទួលយក​ការសុំ​អភ័យទោស​របស់​ស្វាមី​លោកស្រី​ផងដែរ​។  


​សម្ពាធ​បង្ខំ​ឲ្យ​បេក្ខជន​ប្រធានាធិបតី​អាមេរិក​មកពី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ បោះបង់ចោល​ការប្រកួត​ប្រជែង​កើនឡើង​ខ្លាំង ក្រោយ​លេច​ធ្លាយ​ព័ត៌មាន​ដែល​បង្ហាញថា លោក​ប្រើប្រាស់​ពាក្យអាសគ្រាម​មិន​គប្បី​ដាក់​ស្ត្រីភេទ​។ ប៉ុន្តែ​បេក្ខជន​ម្នាក់នេះ​បាន​ប្តេជ្ញា​ហើយ​ថា គ្មាន​ហេតុផល​ណាមួយ​ដែល​លោក​ត្រូវ​ចាកចេញ ពី​ការប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​នេះឡើយ​។​
 
​លោក​សុំ​អភ័យទោស​ចំពោះ​រាល់​ពាក្យសម្តី​ទាំងឡាយ​ដែល​លោក​បាន​ប្រើប្រាស់​កាលពី​ឆ្នាំ ២០០៥​នោះដែរ​។ ប៉ុន្តែ​សមាជិក​បក្ស​សាធារណរដ្ឋ​ជើងចាស់​ជាច្រើន​នាក់​មិនបាន​ស្តាប់​ការសុំ​អភ័យទោស​នេះ​ទេ​។ ពួកគេ​បានប្រកាស​ដក​ការទុកចិត្ត​និង​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ សម្រាប់​ការបោះឆ្នោត​ខាងមុខ​ផងដែរ​។​
 
​ចំណែក​ភរិយា​លោក លោកស្រី Melania Trump បាន​ចេញមុខ​រិះគន់​សម្តី​លោក ដូ​ណា​ល់ ត្រាំ​ដែរ តែ​លោកស្រី អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​ទទួលយក​ការសុំ​អភ័យទោស​របស់លោក ដូ​ណា​ល់ ត្រាំ​ដែរ ហើយ​ឈប់​ប្រកាន់ទោស​អូស​ដំណើរ​អ្វី​ទៀត​ដែរ​។​
 
​លោកស្រី​អះអាងថា​៖ «​ពាក្យសម្តី​អាសគ្រាម​របស់​ស្វាមី​ខ្ញុំ​ពិតជា​មិនអាច​ទទួលយកបាន​និង​ប៉ះពាល់​ខ្លាំង​ដល់​ស្ត្រី​មែន បើតាម​ការយល់ឃើញរ​បស់​ខ្ញុំ​។ វា​មិន​ឆ្លុះបញ្ចាំង​ពី​បុរស​ដែល​ខ្ញុំ​ស្គាល់​សោះ​។ គាត់​មាន​បេះដូង​និង​ចិត្ត​នៃ​អ្នកដឹកនាំ ។ ខ្ញុំ​សង្ឃឹមថា អ្នក​ទាំងអស់គ្នា​នឹង​ទទួលយក​ការសុំ​អភ័យទោស​របស់គាត់ ដោយសារ​យើង​ត្រូវ​គិតគូ​ពី​បញ្ហាសំខាន់ៗ​ដែល​ប្រទេស​យើង​កំពុង​ប្រឈម​វិញ​»​។​
 
​កាលពី​ថ្ងៃ​សុក្រ សារព័ត៌មាន Washington Post បាន​បញ្ចេញ​វីដេអូ​ឆ្នាំ ២០០៥ ដែល​លោក ដូ​ណា​ល់ ត្រាំ បាន​បរិយាយ​ពី​ការបំពាន​ស្ត្រីភេទ​ភេទ ដោយ​ជា​ថើប​ស្ត្រីភេទ​ដោយ​គ្មាន​ការអនុញ្ញាត និង​ការប៉ុនប៉ង​របស់លោក​ក្នុងការ​រួមភេទ​ជាមួយ​ស្ត្រី​រៀបការ​ហើយ​ជាដើម​។ ហើយ​ការ​លេច​ធ្លាយ​នេះ​បាន​ក្លាយជា​រឿងចម្រូងចម្រាស​ខ្លាំង និង​ជំរុញ​ឲ្យ​មានការ​ខឹងសម្បារ​ក្នុងចំណោម​អ្នក​សាធារណរដ្ឋ ហើយ​មេដឹកនាំ​បក្ស​នេះ​ជាច្រើន​នាក់​បាន​បង្ខំ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ​ចាក​ចេញពី​ការប្រកួត​ថែមទៀត​ផង​៕
 

Tag:
 Melania Trump
 ​ ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com