សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន បើក​ទីផ្សារ​ឲ្យ​ហ្វីលីពីន​នាំចេញ​«​ចេក និង​ម្នាស់​»​ទៅ​ចិន​វិញ​បាន ក្រោយ​ហ្វីលីពីន​បន្ទន់​ជំហរ​
10, Oct 2016 , 10:52 am        
រូបភាព
រូបភាព ចេក ដែលនាំចេញពីហ្វីលីពីនត្រូវបានកម្ទេចនៅឆ្នាំ២០១២ ដោយចិន
រូបភាព ចេក ដែលនាំចេញពីហ្វីលីពីនត្រូវបានកម្ទេចនៅឆ្នាំ២០១២ ដោយចិន
ដោយ:
 
​ចាប់ពីពេលនេះ​តទៅ ហ្វីលីពីន លែងមាន​ការព្រួយបារម្ភ​ពី​ចំនួន​ច្រើន​លើស​លប់នៃ​ផលិតផល​កសិកម្ម «​ចេក និង​ម្នាស់​» ទៀតហើយ​។ ហើយ​នោះ​ក៏​ព្រោះតែ ចិន ដែលជា​ប្រភព​ទីផ្សារ​ដ៏​ធំ បានអនុញ្ញាត​ឲ្យ​ហ្វីលីពីន អាច​នាំចេញ​ផលិតផល​ទាំងនោះ​ទៅកាន់​ប្រទេស​ខ្លួន ក្រោយពី​បាន​ហាមឃាត់ អស់​រយៈពេល​ជិត​បួន​ឆ្នាំ​ហើយ​នោះ​។

 
​រដ្ឋមន្ត្រី​កសិកម្ម​ហ្វីលីពីន Emmanuel Piñol នៅ​ថ្ងៃទី​០៧ ខែតុលា​កន្លងទៅ បាន​អះអាងថា ចិន បាន​ដក​ការ​រិត​ត្បិត​លើ​ការនាំចេញ​«​ចេក និង​ម្នាស់​»​ពី​ហ្វីលីពីន ដែល​ធ្លាប់​ដាក់​តាំងពី​ប្រទេស​ទាំងពីរ​បាន​មាន​ភាព​តានតឹង​ជាមួយនឹង​គ្នា​នៅ​បី​ឬ​បួន​ឆ្នាំមុន​មកម្ល៉េះ​។ ការបន្ធូរបន្ថយ​នេះ ត្រូវបាន​ធ្វើឡើង ខណៈពេល លោក​ប្រធានាធិបតី​ហ្វីលីពីន ក៏​គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ចិន​ក្នុង​ខែ​នេះ​ផងដែរ​នោះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ហ្វីលីពីន ABS-CBN ។ 
 
​លោក​រដ្ឋមន្ត្រី​កសិកម្ម​រូបនោះ ក៏បាន​បន្ថែម​ដែរ​ថា ក្រៅពី​ចេក និង​ម្នាស់ ដែលជា​ផលិតផល​កសិកម្ម​ចម្បង​មកពី​ខេត្ត​កំណើត​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន ចិន ក៏​នឹង​បើក​ទីផ្សារ​សម្រាប់​ហ្វីលីពីន​លើ​ទំនិញ​កសិកម្ម​ផ្សេងទៀត​ដូចជា ស្វាយ ដូង និង​ស្រកានាគ​ផងដែរ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ដែល​បាន​ដកស្រង់​សម្តី​លោក​រដ្ឋមន្ត្រី​កសិកម្ម​ដែល​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​កថា «​មុន​ពីរ​សប្តាហ៍ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋរបស់ប្រធានាធិបតីហ្វីលីពីន​ទៅកាន់ចិន រដ្ឋាភិបាល​ចិន បានប្រកាសថា ចិន នឹង​ដក​ការ​រឹតត្បិត​លើ​ក្រុមហ៊ុននាំចេញ​ចេក និង​ម្នាស់​ពី​ហ្វីលីពីន​ហើយ​»​។ 
 
​សូម​រម្លឹក​ផងដែរ​ថា ចិន បាន​បិទ​ទីផ្សារ​នៃ​ការនាំចេញ​ចេក និង​ម្នាស់​លើ​ហ្វីលីពីន​តាំងពី​មាន​ភាព​តានតឹង​នៅ​ឆ្នាំ​២០១២​មកម្ល៉េះ​។ ពេលនោះ ហ្វីលីពីន និង​ចិន បាន​មានការ​ប៉ះទង្គិច​ផ្នែក​ការទូត​ជាមួយគ្នា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ខ្លាំង ដែល​ពេល​នោះដែរ ផ្លែឈើ​ហ្វីលីពីន​រាប់ពាន់​តោន ត្រូវបាន​បំផ្លាញ​នៅ​កំពង់ផែ​របស់​ចិន​។ 
 
​អ្វី​គួរកត់សម្គាល់​នោះ ការប្រកាស​ដក​របាំង​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​ចិន​លើ​ហ្វីលីពីន ក៏​ស្រប​ពេលដែល​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បានបង្ហាញ​គោលនយោបាយ​ការបរទេស​ថ្មី​ក្នុងការ​ងាក​ទៅ​ចាប់ដៃ​ជាមួយនឹង​ចិន និង​ដើរ​ចេញពី​អាមេរិក​នោះឯង​៕ 

Tag:
 ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com