អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ត្រាំ គំរាម​ចាប់ ហ៊ី​ឡា​រី ដាក់ពន្ធនាគារ​រឿង​ប្រើ​អ៊ី​ម៉ែ​ល​ឯកជន បើ​លោក​ជាប់ឆ្នោត​
10, Oct 2016 , 11:54 am        
រូបភាព
 
​បេក្ខជន​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ បាន​សន្យាថា​លោក​នឹង​ចាប់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដាក់ពន្ធនាគារ​ជុំវិញ​ការប្រើប្រាស់​អ៊ី​ម៉ែ​ល​ឯកជន​របស់ខ្លួន​ពេល​បំពេញការងារ​ជា​រដ្ឋមន្ត្រីការបរទេស បើសិនជា​លោក​ជាប់ឆ្នោត​។ លោក​បានលើកឡើង​ដូច្នេះ​ក្នុងពេល​ជជែក​ដេញដោល​គ្នា​លើ​ទី​២ ដែល​រៀបចំឡើង​នៅ​ថ្ងៃ ៩​ខែតុលា​នេះ​។​


​ក្នុង​ការជជែក​ដេញដោល​គ្នា​លើក​ទី ២​នា​ថ្ងៃ អាទិត្យ​ទី ៩​តុលា បញ្ហា​អ៊ី​ម៉ែ​ល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នេះ​នៅតែ​ជា​រឿងចម្រូងចម្រាស​។ រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ លោក ដូ​ណា​ល់ ត្រាំ បាន​សន្យាថា លោក​នឹង​ចាប់ខ្លួន​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដាក់ពន្ធនាគារ បើសិន​លោក​ជាប់ឆ្នោត​នៅ​ខែ​ក្រោយនេះ ព្រោះ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ប្រើប្រាស់​អ៊ី​ម៉ែ​ល​ផ្ទាល់ខ្លួន​ដើម្បី​បំពេញភារកិច្ច​ជា​រដ្ឋមន្ត្រីការបរទេស​។ 
 
​យោងតាម​វីដេអូ​ជជែក​ដេញដោល​មាន​រយៈពេល​ប្រហែល​៩០ នាទី​ចុះផ្សាយ​នៅ​សារព័ត៌មាន CNBC ដែល​លោក ដូ​ណា​ល់ ត្រាំ បានប្រកាសថា លោក​នឹង​តែងតាំង​រដ្ឋអាជ្ញា​មួយ​ដើម្បី​ស៊ើបអង្កេត​រឿង​អ៊ី​ម៉ែ​ល​លោកស្រី ព្រោះ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សន្តិសុខ​ជាតិ​អាមេរិក ក្នុងពេល​លោកស្រី បំពេញការងារ​ជា​រដ្ឋមន្ត្រីការបរទេស​របស់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១៣​។ 
​ក្នុងពេល​ជជែក​ដេញដោល​គ្នា​រឿង​អ៊ី​ម៉ែ​ល លោក ដូ​ណា​ល់ ត្រាំ បាន​ថ្លែង​ទៅកាន់​លោកស្រី ហ៊ី​ឡា​រី ថា​៖ «​អ្នក​គួរតែ​ខ្មាស​ខ្លួនឯង​»​។  លោកស្រី គ្លី​ន​តុ​ន បាន​តប​វិញ​ថា វា​ជា​រឿង​ល្អ​ដែល​លោក ដូ​ណា​ល់ ត្រាំ មិនក្លាយជា​ប្រធានាធិបតី ព្រោះ​លោក​ជា​មនុស្ស​ដែល​ឆេវឆាវ ។ តែ​លោក ដូ​ណា​ល់ ត្រាំ ឆ្លើយតប​វិញ​ភ្លាម​ថា​៖« ព្រោះតែ​ខ្ញុំ​នឹង​ចាប់​លោកស្រី ដាក់ពន្ធនាគារ​»​។  ក្រោយ​លោក​និយាយ​ចប់ អ្នកចូលរួម​នាំគ្នា​ហ៊ោ​ក​ញ្ជៀ​វ ។​
 
​យ៉ាងណា​ក៏ដោយចុះ លោក ដូ​ណា​ល់ ត្រាំ បាន​បន្តទៅ​លើកឡើង​ពី​ព័ត៌មាន​ដែល​បង្ហាញថា លោក​បាន​និយាយ​ពាក្យសម្តី​ចំ​អូ​ង​ចំអាស​ដាក់​ស្ត្រីភេទ​កាលពី​ឆ្នាំ ២០០៥​។ លោក​ថា លោក​អាម៉ាស​ដោយសារ​រឿងនេះ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា វា​មិន​ឆ្លុះបញ្ចាំង​ពី​រូប​លក្ខណៈសម្បត្តិ​ពិតប្រាកដ​របស់​លោ​កឡើ​យ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បេក្ខជន​រូបនេះ ទាញយក​សំណុំរឿង​ផ្លូវភេទ​របស់លោក ប៊ី​ល គ្លី​ន​តុ​ន ដើម្បី​វាយប្រហារ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ផងដែរ​។​
 
​តែ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​អះអាងថា សម្តី​អាសគ្រាម​គ្មាន​សីលធម៌​របស់លោក ដូ​ណា​ល់ ត្រាំ វា​បង្ហាញ​ពី​ការខ្វះខាត​លក្ខណៈសម្បត្តិ​ក្នុងការ​ក្លាយជា​ប្រធានាធិបតី​រួចទៅហើយ​។ លោកស្រី បន្តថា ទោះជា​លោក ដូ​ណា​ល់ ត្រាំ អះអាងថា វីដេអូ​ដែល​បង្ហាញថា​លោក​និយាយ​ពាក្យអាសគ្រាម​ដាក់​ស្ត្រីភេទ​មិន​ឆ្លុះបញ្ចាំង​ពី​រូបលោក​ក៏ដោយ  ប្រជាជន​អាមេរិក​អាច​ដឹង​រួចទៅហើយ​ថា លោក ដូ​ណា​ល់ ត្រាំ ជា​មនុស្ស​បែប​ម៉េច​នោះ​។​
 
​សូមបញ្ជាក់ថា​រឿងអាស្រូវ​របស់លោក ដូ​ណា​ល់ ត្រាំ រឿង​និយាយ​ពាក្យចំ​អូ​ង​ចំអាស បាន​ក្លាយជា​រឿងចម្រូងចម្រាស​ខ្លាំង ហើយ​វា​បាន​បង្ខំ​ឲ្យ​បណ្តា​មេដឹកនាំ​បក្ស​សាធារណរដ្ឋ​ជាច្រើន​នាក់​សម្រេចចិត្ត​ដក​ការគាំទ្រ​និង​ឈប់​បោះឆ្នោត​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ទៀត​៕

Tag:
 ដូ​ណា​ល់ ត្រាំ​
  ហ៊ី​ឡា​រី គ្លី​ន​តុ​ន​
  Second Presidential Debate
© រក្សាសិទ្ធិដោយ thmeythmey.com