អន្តរជាតិ
មេដឹកនាំ​បក្ស​សាធារណរដ្ឋ​កាន់តែច្រើន​ស្នើ​ឲ្យ ដូ​ណា​ល់ ត្រាំ ចោលការ​ប្រកួត​
10, Oct 2016 , 10:59 pm        
រូបភាព
​មេដឹកនាំ​បក្ស​សាធារណរដ្ឋ​ជាច្រើន​ជាង ៣០​នាក់​បានសម្រេច​ចិត្ត​ដក​សេចក្តីទុកចិត្ត​ពី​លោក ដូ​ណា​ល់ ត្រាំ ក្រោយ​លេច​ធ្លាយ​ព័ត៌មាន​ដែល​បង្ហាញថា​បេក្ខជន​ប្រធានាធិបតី​រូបនេះ​ប្រើប្រាស់​ពាក្យអាសគ្រាម​ដាក់​ស្ត្រីភេទ​កាលពី​ឆ្នាំ ២០០៥ ។ សមាជិក​បក្ស​ទាំងនេះ​បានទាមទារ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ចាក​ចេញពី​ការបន្ត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ផងដែរ​។​



សូមស្ដាប់ព័ត៌មានលម្អិត៖




​រឿងអាស្រូវ​ច្រើន​របស់លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​គេ​ទម្លាយ​ចេញ ស្រប​ពេលដែល​ការជជែក​ដេញដោល​លើក​ទី​ពីរ​ចាប់​ផ្តើមឡើង និង​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​មកដល់​។ តែ​រឿងអាស្រូវ​ថ្មី​នេះ បានធ្វើ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ប្រឈម​សម្ពាធ​ធំ និង​អាច​ធ្លាក់​ចូលក្នុង​វិបត្តិ​ផង​។

​រឿងអាស្រូវ​ថ្មី​បន្ទាប់ពី​មិន​បង់ពន្ធ​គឺ ការប្រើប្រាស់​ពាក្យសម្តី​ចំអាសចំអូង​គ្មាន​មាយា​ទ ដាក់​ស្ត្រីភេទ​កាលពី​ឆ្នាំ ២០០៥​។ ព័ត៌មាន​ស្តីពី​រឿងអាស្រូវ​របស់លោក ដូ​ណា​ល់ ត្រាំ​នេះ​ត្រូវបាន​គេ​ទម្លាយ​ចេញ​កាលពី​ថ្ងៃ​សុក្រ​ទី ៧ តុលា ហើយ​វា​បាន​បង្ក​ឲ្យ​មានការ​ខឹងសម្បារ​ខ្លាំង​ក្នុងចំណោម​សាធារណជន​អាមេរិក​ជាពិសេស​សមាជិក​បក្ស​សា​ធាណ​រដ្ឋ​។​

​មកទល់ពេលនេះ បណ្តា​មេដឹកនាំ​សំខាន់ៗ​ក្នុង​បក្ស​សា​ធាណ​រដ្ឋ​យ៉ាងតិចណាស់ ៣០​នាក់​បានប្រកាស​ថ្កោលទោស​និង រិះគន់​បេក្ខជន​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ហើយ​ពួកគេ​បានទាមទារ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ដកខ្លួន​ចេញពី​សង្វៀន​នយោបាយ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ថែមទៀត​។​

​សមាជិក​ព្រឹទ្ធសភា​លោក John McCain បាន​ក្លាយជា​មេដឹកនាំ​បក្ស​សាធារណរដ្ឋ​ដ៏​សំខាន់​ម្នាក់​ដែល​បោះបង់​ការគាំទ្រ​លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​បោះឆ្នោត​ខាងមុខ​។ លោក​បានប្រកាសថា លោក​លែង​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​បោះឆ្នោត ហើយ​លោក​ក៏​នឹងមិន​បោះឆ្នោត​ឲ្យ​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​ដែរ​។ លោក​នឹង​ជ្រើសរើស​បេក្ខជន​បក្ស​ផ្សេងទៀត​ដែលមាន​លក្ខណសម្បត្តិ​ជា​ប្រធានាធិបតី​អាមេរិក​វិញ​។ 

​សូម្បីតែ បេក្ខជន​អនុ​ប្រធានាធិបតី​ដែល​ចេញពី​បក្ស​តែមួយ​លោក Mike Pence ក៏បាន​ព្យាយាម​ដកខ្លួន​ឲ្យ​ឆ្ងាយ​ពី​លោក ដូ​ណា​ល់ ត្រាំ​ដែរ​។ លោក​ក៏បាន​អះអាង​ប្រាប់​ប្រជាជន​អាមេរិក​ថា លោក​ក៏​ភ្ញាក់ផ្អើល​និង​ទាស់ចិត្ត​ជាខ្លាំង​ដោយសារ​សម្តី​ចំ​អូ​ង​ចំអាស​មាក់ងាយ​ស្ត្រីភេទ​របស់លោក ដូ​ណា​ល់ ត្រាំ នេះ​។​

​ចំណែក​អតីតរដ្ឋមន្ត្រី​ការបរទេស​លោកស្រី Condoleezza Rice ក៏​សម្រេចចិត្ត​ដក​សេ​ក្តី​ទុកចិត្ត​ចំពោះ​លោក​ដូ​ណា​ល់​ត្រាំ​ដែរ​ព្រោះ​លោកស្រី​ខឹងសម្បារ​ដោយសារ​សម្តី​គ្មាន​សីលធម៌​របស់​សេដ្ឋី​អចល​ទ្រព្យ​និង​ជា​បេក្ខជន​ប្រធានាធិបតី​រូបនេះ​។

​មួយវិញទៀត អតីត​អភិបាលរដ្ឋ​កាលីហ្វ័រ​នីញ៉ា​លោក Arnold Schwarzenegger  បានចេញ​សេចក្តីថ្លែងការណ៍​មួយ​រិះគន់​លោក ដូ​ណា​ល់ ត្រាំ ហើយ​លោក​បានប្រកាសថា លោក​នឹងមិន​បោះឆ្នោត​ឲ្យ​លោក​ដូ​ណា​ល់​ត្រាំ ឡើយ​។ វា​ក្លាយជា​រឿងលើក​ដំបូង​បំផុត​រាប់​ចាប់ពី​ឆ្នាំ ១៩៨៣ ដែល​លោក​សម្រេចចិត្ត​មិន​បោះឆ្នោត​ឲ្យ​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​នោះ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  John McCain
© រក្សាសិទ្ធិដោយ thmeythmey.com