អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​ឌឺ​អាមេរិក​៖ មិន​ត្រូវយក​ច្បាប់​ខ្លួនឯង ធំ​ជាង​ច្បាប់​អន្តរជាតិ​ឡើយ​
11, Oct 2016 , 10:50 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន Geng Shuang
អ្នកនាំពាក្យក្រសួងការបរទេសចិន Geng Shuang
 
 
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានបង្ហាញ​ជំហរ​មិន​គាំទ្រ​លើ​ច្បាប់​ថ្មី​របស់​អាមេរិក ដែល​បើកផ្លូវ​ឲ្យ​សាច់ញាតិ​ជនរងគ្រោះ​ភេរវកម្ម​ថ្ងៃទី ១១ ខែកញ្ញា ប្ដឹង​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ត្រូវបាន​ចាត់ទុកជា​ប្រទេស​គាំទ្រ​ភេរវកម្ម​នោះ​។ ក្រុង​ប៉េកាំង ក៏​ប្រកាស​ជំហរ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​នៅ​ជុំវិញ​ពិភពលោក តែ​យុទ្ធនាការ​នោះ ត្រូវធ្វើ​តាមច្បាប់​អន្តរជាតិ ដោយ​រួមទាំង​អភ័យឯកសិទ្ធិ​អន្តរជាតិ​ដែរ​។

 
«​ច្បាប់​ស្ដីពី​យុត្តិធម៌​ប្រឆាំងនឹង​អ្នកគាំទ្រ​ភេរវកម្ម​» របស់​អាមេរិក នឹង​ចូល​ក្លាយជា​ច្បាប់​ផ្លូវការ បន្ទាប់ពី​សភា​អាមេរិក​ទាត់ចោល​សិទ្ធិ​វ៉េតូ​របស់​ប្រធានាធិបតី​អាមេរិក​រួចមក​។ ច្បាប់​ថ្មី​នេះ អនុញ្ញាត​ឲ្យ​គ្រួសារ​ជនរងគ្រោះ​ភេរវកម្ម​ថ្ងៃទី ១១ ខែកញ្ញា ប្ដឹង​ប្រទេស​ផ្សេង​ដែល​នៅ​ពីក្រោយ​សកម្មភាព​ភេរវកម្ម​។ យ៉ាងណាក្ដី ប្រទេស​ជាច្រើន​បានបង្ហាញ​ក្ដីបារម្ភ​ចំពោះ​ច្បាប់​ថ្មី​នេះ ព្រោះ​វា​ដូចជា​រំលោភច្បាប់​អន្តរជាតិ​ហើយ​។​
 
​ចិន ដែលជា​គូប្រជែង​របស់​អាមេរិក​នោះ ក៏បាន​បង្ហាញ​ការមិន​ពេញ​ចិត្តនឹង​ច្បាប់​ថ្មី​នោះដែរ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang និយាយថា ប្រទេស​ណាមួយ មិនគួរ​យក​ច្បាប់​ក្នុងស្រុក​ខ្លួនឯង ប្រើ​ជំនួស​ច្បាប់​អន្តរជាតិ ដើម្បី​ដោះស្រាយ​ភេរវកម្ម​ឡើយ​។ ហើយ​ចិន​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សហគមន៍​អន្តរជាតិ​ដើម្បី​ប្រឆាំង​ភេរវកម្ម តែ​អ្វីៗ​គួរ​ធ្វើតាម​បទដ្ឋាន​អន្តរជាតិ​។  
 
​ក្នុងការ​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ នៅ​ថ្ងៃទី​១០ ខែតុលា អ្នកនាំពាក្យ​ខាងលើ​បន្តថា ចិន​មានជំនឿថា កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ គួរ​គោរព​ច្បាប់ និង​គោលការណ៍​នៃ​ទំនាក់ទំនង​អន្តរជាតិ ដោយ​រួមទាំង​គោលការណ៍​ស្មើភាព​នៃ​អធិបតេយ្យភាព​ដែរ​។ លោក Geng Shuang បញ្ជាក់ថា ប្រទេស​ណាក៏ដោយ មិនអាច​យក​ច្បាប់​ខ្លួនឯង ដាក់​លើ​ច្បាប់​អន្តរជាតិ​ឡើយ ហើយក៏​មិនអាច​ភ្ជាប់​ប្រទេស​ផ្សេង​ទៅនឹង​ភេរវកម្ម​ដែរ​។​
 
​ជាមួយនឹង​ការប្រឆាំង​ច្បាប់​ថ្មី​របស់​អាមេរិក ចិន​ក៏​និយាយ​ដែរ​ថា ជនជាតិ​ខ្លួន​នៅក្នុង​ស្រុក ក៏ដូចជា​នៅ​បរទេស​នោះ ក៏​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ពី​សកម្មភាព​ភេរវកម្ម​ដែរ​។ ប៉ុន្តែ​ខ្លួន​នៅ​បន្ត​អនុវត្តតាម​គោលនយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​ឡើយ និង​ទុក​លទ្ធភាព​ឲ្យ​ប្រទេស​នោះ ធ្វើតាម​សិទ្ធិអំណាច​រប​ស់​ខ្លួន​ជុំវិញ​ការប្រយុទ្ធប្រឆាំង​ភេ​វរ​កម្ម​។​
 
​តាមពិតទៅ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏បាន​ប្រើ​អំណាច​វ៉េតូ​លើ​ច្បាប់​ខាងលើ​ដែរ​។ លោក អូ​បា​ម៉ា និយាយថា ច្បាប់​ថ្មី​នេះ នឹង​ប៉ះពាល់​ដល់​សន្តិសុខ​អាមេរិក ក៏ដូចជា​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត​ដែរ ជាពិសេស​អា​រ៉ា​ប៊ី​សា​អូឌីត​តែម្ដង​។ នេះ​ក៏​ដោយសារតែ​ភាគច្រើន​នៃ​ភេរវជន​ដែល​វាយប្រហារ​ភេរវកម្ម​ថ្ងៃទី​១១ ខែកញ្ញា គឺជា​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​។ ប៉ុន្តែ​សភា​អាមេរិក ក៏បាន​បដិសេធ​សិទ្ធិ​វ៉េតូ​របស់​អាមេរិក​វិញ​ដែរ ហើយ​នោះ​ជា​លើកដំបូង​ដែល​សភា​អាមេរិក​ទាត់ចោល​ការប្រើ​សិទ្ធិ​ពិសេស​របស់​ប្រធានាធិបតី​៕ 
 
 
 
 

Tag:
 ចិន​
  អាមេរិក​
  ភេរវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com