ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម កឹម សុខា ៖«​បើ​លោក សម រង្ស៊ី មក​នៅ​ជាមួយ​ខ្ញុំ ល្អ​ជាង​​ខ្ញុំ​នៅ​ម្នាក់ឯង​»
11, Oct 2016 , 11:27 am        
រូបភាព
 
​ភ្នំពេញ​៖ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា នៅតែ​ប្រកាសថា រូបលោក​និង​ឯកឧត្តម សម រង្ស៊ី គឺ​មិន​បែកបាក់​គ្នា​នោះទេ បើទោះជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស​ក្តី​។ ហើយ​ការដឹកនាំ​បក្ស​ក៏​មិនមាន​បញ្ហា​អ្វី​ចោទ​នោះដែរ​។ តែ​សម្រាប់​ឯកឧត្តម កឹម សុខា បើសិនជា​រូបលោក​និង​ឯកឧត្តម សម រង្ស៊ី ស្ថិតនៅ​រួមគ្នា​ក្នុង​កាលៈទេសៈ​នេះ គឺ​ល្អ​ជាង​លោក​នៅ​ម្នាក់ឯង ។ នេះ​បើតាម​ការចុះផ្សាយ​Channel NewsAsia​។​


​ឆ្លើយ​នឹង​សំនួរ​សារព័ត៌មាន​សិង្ហ​បុរី Channel NewsAsia ទាក់ទង​នឹង​បញ្ហា​ដឹកនាំ​បក្ស​នេះ ឯកឧត្តម កឹម សុខា បាន​បន្ថែមថា ទាំង​រូបលោក​និង​លោក សម រង្ស៊ី កំណត់​យក​គោលនយោបាយ​ដឹកនាំ​លក្ខណៈ​ជា​ប្រព័ន្ធ ពោលគឺ​មិនមែន​ដឹកនាំ​ជា​បុគ្គល​ផ្ដាច់ការ​នោះឡើយ​។ បើតាម​ឯកឧត្តម កឹម សុខា ការគ្រប់គ្រង​គណបក្ស គឺ​លោក​តែងតែ​ពិគ្រោះ​យោបល់​ជាមួយ​ឯកឧត្តម សម រង្ស៊ី តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) និង (Whatsapp) ជាដើម​។ 
 
​តែ​ការដឹកនាំ​បក្ស​ដែលមាន​មន្ត្រី​ពីរ​គណបក្ស​ចូលគ្នា ក៏​ទំនងជា​ការពិបាក​សម្រាប់​ឯកឧត្តម កឹម សុខា ដែល​កំពុង​ឃុំ​ខ្លួនឯង​ទីស្នាក់ការ​គណបក្ស​នេះដែរ ដោយ​លោក​បាន​ព្រលយ​ទស្សន​ផ្ទាល់ខ្លួន​ថា «​បើ​លោក សម រង្ស៊ី មក​នៅ​ជាមួយ​ខ្ញុំ ល្អ​ជាង​​ខ្ញុំ​នៅ​ម្នាក់ឯង​»​។ ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ Channel NewsAsia អនុប្រធាន​គណបក្សប្រឆាំង​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​បើ​ដឹកនាំ​ជា​បុគ្គល​យើង​អាច​បែកបាក់​គ្នា​មែន ប៉ុន្តែ​យើង​ដឹកនាំ​ជា​ប្រព័ន្ធ យន្តការ​បក្ស​ដូច្នេះ​អត់​មាន​បែកបាក់​គ្នា​ទេ​។ ប៉ុន្តែ​ជា​យោបល់​ខ្ញុំ​បើ​លោក សម រង្ស៊ី មក​នៅ​ជាមួយ​ខ្ញុំ ជាការ​ល្អ​ជាងដែល​ខ្ញុំ​នៅ​ម្នាក់ឯង​។ ប៉ុន្តែ​បើ​គាត់​សម្រេចចិត្ត​មិន​មក នៅតែ​យើង​ដឹកនាំ​បក្ស​ទៅមុខ​បាន​ព្រោះ​ដឹកនាំ​តាម​ប្រព័ន្ធ​យន្តការ​គណបក្ស​»​។​
 
​ងាក​មក​និយាយ​រឿងក្តី​ក្ដាំ​វិញ ឯកឧត្តម កឹម សុខា ដែល​កំពុង​ឃុំ​ខ្លួនឯង​នៅ​ទីស្នាក់ការ​បក្ស​ បាន​បញ្ជាក់ថា ទោះបីជា​លោក​មានការ​លំបាក បាត់បង់​សេរីភាព​ក៏ដោយ តែ​វា​ជាការ​លើកទឹកចិត្ត​អ្នកគាំទ្រ​ខ្លួន ដែល​ប្រសើរ​ជាង​លោករ​ត់ទៅ​ក្រៅប្រទេស​។ «​ខ្ញុំ​នៅទីនេះ បើតាម​ការពិសោធន៍​ខ្ញុំ គឺថា​ប្រជាពលរដ្ឋ​នៅ​រឹងមាំ​ជាមួយ​ខ្ញុំ បើសិន​ខ្ញុំ​ទៅ​បាត់ ប្រជាពលរដ្ឋ​បាក់​ទឹកចិត្ត​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​។​
 
​ឯកឧត្តម កឹម សុខា សម្រេចចិត្ត​ធ្វើ​កូដកម្ម​ឃុំខ្លួន​នៅ​បក្ស ដើម្បី​ប្រឆាំងនឹង​ប្រព័ន្ធតុលាការ ដែល​លោក​ចាត់ទុកថា ប្រព័ន្ធតុលាការ​ត្រូវបាន​ប្រើប្រាស់ មក​គាបសង្កត់​មតិ​រប​ស់គ​ណ​បក្សប្រឆាំង​។ រយៈពេល​ជាង​៤​ខែ​ហើយ ដែល​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា ឃុំខ្លួន​នៅ​ទីស្នាក់ការ​គណបក្ស ក្រោយពី​មានការ​តាម​ឃាត់ខ្លួន​ពី​សំណាក់​អាជ្ញាធរ កាលពី​ថ្ងៃទី​២៦ ឧសភា​កន្លងមក​។

ឯកឧត្តម កឹម សុខា ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៦ ខែ និង​ពិន័យ​ប្រាក់​៨​ សែន​រៀល ពីបទ​«​បដិសេធ​ក្នុងការ​ចូលខ្លួន​»​ក្នុងនាម​សាក្សី​ក្នុង​សំណុំរឿង​សញ្ចារកម្ម ។ ក្រុម​មេធាវី​លោក បាន​ដឹក​ពាក្យ​ប្ដឹងទៅ​ឧទ្ធរណ៍ ដើម្បី​ជំទាស់​នឹង​ការសម្រេច​របស់​តុលាការក្រុងភ្នំពេញ​នេះ​៕

Tag:
 កឹម សុខា​
  ​សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com