ជាតិ
កម្ពុជា រៀបចំ​ទទួល​លោក​ប្រធានាធិបតី​ចិន​យ៉ាង​ឱឡារិក
11, Oct 2016 , 6:50 pm        
រូបភាព
ដោយ: ថ្មីៗ
កម្ពុជា​កំពុង​ត្រៀម​ទទួល​ប្រធានាធិបតី​នៃ​ប្រទេស​មហាមិត្ត​ចិន លោក ស៊ី ជីន​ពីង ដែល​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃទី១៣ និង១៤ ក្នុង​សប្តាហ៍​នេះ។



នា​រសៀល​ថ្ងៃ​អង្គា​រ៍​ទី១១ខែតុលា​នេះ រូបថត​របស់លោក​ប្រធានាធិបតី​ចិន និង​ព្រះឆាយាល័ក្ខណ៍​របស់​ព្រះមហាក្សត្រ​ព្រះបាទ​ព្រះបរមនាថ​នរោត្តម សីហមុនី ត្រូវ​បានរៀបចំ​ដាក់តាំង​តាម​មហាវិថីសំខាន់ៗ ដែល​លោក​ប្រធានាធិបតី​ចិន​នឹងធ្វើ​ដំណើរ​ឆ្លងកាត់។

នៅលើ​វិថី​ព្រះ​សុធារស ក្បែរ​សួនច្បារ​វិមានឯករាជ្យ រូបថត និង​រូប​ព្រះឆាយាល័ក្ខណ៍ ត្រូវបាន​ដាក់តាំង​ដោយមាន​អមដោយ​ផ្ទាំង​រូបភាព​ប្រាសាទ​អង្គ​វត្ត និង​រូបភាព​ផ្នែក​មួយ​នៃ​ទីលាន​ធាន​អាន​មែន​ដែល​តំណាង​ប្រទេស​ចិន។ ការដាក់​តាំង​រូបភាព​និមិត្តសញ្ញា​តំណាង​ជាតិ​នៃ​ប្រទេស​ទាំងពីរ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ គឺជា​រឿង​ដ៏​កម្រ​បំផុត។

បើ​គ្មានអ្វី​ប្រែប្រួល​ទេ ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ កម្ពុជា-ចិន នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​ពិធីសារ​មិនតិចជាង២៨នោះទេ ពោលគឺ​ចាប់តាំងពី​កិច្ចព្រមព្រៀង​ដែល​សម្ដេច ហ៊ុន សែន បានធ្វើ​ទស្សនកិច្ច​នៅ​ចិន តាំងពី​ឆ្នាំ២០០៤មក។

កន្លងមក​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ឲ្យ​សារព័ត៌មានថ្មីៗថា សមត្ថកិច្ច​បានរៀបចំ​វិធានការ​រឹតបន្តឹង​សន្តិសុខ​ជូន​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង រួចរាល់​ហើយ។ អ្នកនាំពាក្យ និង​ជា​អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ផង​នោះ បាន​ប្រាប់ថា កម្លាំងចម្រុះ​ពី​ជាង ៦ ទៅ៧ពាន់​នាក់ ក្នុងនោះ រួមមាន កម្លាំង​កងទ័ព នគរបាលជាតិ កងរាជអាវុធហត្ថ និង​កម្លាំង​កង​អង្គរក្ស​ជាដើម ដែល​បាន​ត្រៀម​សហការគ្នា រឹតបន្តឹង​ការពារ​សន្តិសុខ​នាពេល​ខាងមុខនេះ។

គួរ​បញ្ជាក់ថា លោក ស៊ី ជិន​ពីង ធ្លាប់​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ម្តង​ដែរ​នៅ​ចុងឆ្នាំ២០០៩ ក្នុងពេល​លោក​បំពេញការងារ​ជា​អនុ​ប្រធានាធិបតី​ចិន៕


Tag:
 ស៊ី ជីនពីង
 កម្ពុជា-ចិន
© រក្សាសិទ្ធិដោយ thmeythmey.com