ជាតិ
ចិន​លុប​បំណុល​ចំនួន ៦០០​លាន​យ័ន ដែល​កម្ពុជា​ជំពាក់​ក្នុង​ឆ្នាំ​២០១៥
13, Oct 2016 , 11:20 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​ចិន​បាន​លុបចោល​បំណុល​ចំនួន ៦០០​លាន​យ័ន ដែល​កម្ពុជា​បាន​ខ្ចី​អភិវឌ្ឍ​ប្រទេស​កាលពី​ក្នុង​ឆ្នាំ​២០១៥​។ លើសពីនេះ ចិន​បាន​បន្ថែម​ប្រាក់​ជំនួយ ១០០​លាន​យ័ន​ថែមទៀត សម្រាប់​ជួយ​វិស័យ​យោធា​កម្ពុជា​។ នេះ​បើតាម​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​នាយករដ្ឋមន្ត្រី​សម្តេច ហ៊ុន សែន​។​



​លោក អ៊ាង សុផល្លែត បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​ជំនួប​ពិភាក្សា​ការងារ​រវាង​សម្តេច ហ៊ុន សែន និង​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង ថា ចិន​សម្រេច​លុបចោល​បំណុល​ចំនួន​៦០០​លាន​យ័ន នៅ​ឆ្នាំ​២០១៥ និង​ផ្តល់ជំនួយ​លើ​វិស័យ​ការពារ​ចំនួន ១០០​លាន​យ័ន​ថែមទៀត ដល់​កម្ពុជា​។​

​ក្នុងជំនួប​ការងារ​នៅ​វិមាន​សន្តិភាព នា​ល្ងាច​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦​នេះ លោក អ៊ាង សុផល្លែត ដែលមាន​វត្តមាន​ក្នុងជំនួប​នោះ បាន​បន្ថែមថា ប្រធានាធិបតី​ចិន​បានប្រកាស​បង្កើន​អាហារូបករណ៍​៥០០​កន្លែង និង​១០០​កន្លែង​ទៀត សម្រាប់​យុវជន​។​

​លើសពីនេះ​ទៀត ចិន​នឹង​បង្កើន​ការហោះហើរ​ផ្ទាល់ មក​កម្ពុជា ដើម្បី​ជំរុញ​កំណើន​ភ្ញៀវទេសចរ​ពី​៧០​ម៉ឺន​នាក់ ទៅ​២​លាន​នាក់ ក្នុង​ឆ្នាំ​២០២០​។ នេះ​បើតាម លោក អ៊ាង សុផល្លែត ដដែល ហើយ​លោក ក៏បាន​បន្តទៀតថា ចិន​សម្រេច​ជួយ​ជួសជុល​ប្រាសាទព្រះវិហារ​។​

​ជាការ​ឆ្លើយតប​របស់​កម្ពុជា​ក្នុងជំនួប​នេះ លោក អ៊ាង សុផល្លែត បាន​បន្ថែមទៀតថា សម្តេច ហ៊ុន សែន បាន អរ​គុ​ណេ​ភាគី​ចិន ដែល​ជួយ​កម្ពុជា រហូតមក រួមទាំង​បង្កើន​ការទិញ​អង្ករ​ពី​កម្ពុជា​ពី​១០​ម៉ឺន​តោន ទៅ ២០​ម៉ឺន​តោន​សម្រាប់​ឆ្នាំ​២០១៦​នេះ​។ សម្តេច បន្ត​ស្នើ​ឲ្យ​ចិន ជួយ​ជំរុញ​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន ការផ្តួចផ្តើម​កិច្ចសហប្រតិបត្តិការ​ន​យោ​បាយ ការពារជាតិ ហិរញ្ញវត្ថុ សេដ្ឋកិច្ច វិនិយោគ ធនធានមនុស្ស​ភាគី​ទាំងពីរ​បន្ថែមទៀត​។​

​បើតាម​លោក អ៊ាង សុផល្លែត សម្តេច ហ៊ុន សែន ចាត់ទុកថា ចិន​បាន​ចូលរួម​យ៉ាងសំខាន់ ក្នុង​ការជំរុញ​កម្ពុជា​ពី​ប្រទេស​មាន​ចំណូល​ទាប ឲ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​។​

​សូម​ស្ដាប់​សំឡេង​៖




​គួរ​ជម្រាបជូន​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង រយៈពេល ពីរ​ថ្ងៃ នៅ​កម្ពុជា ចិន​និង​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង និង​ពិធីសារ​ចំនួន ៣១ ផងដែរ​។ កិច្ចព្រមព្រៀង និង​ពិធីសារ​ទាំងនោះ រួមមាន​៖

 ១, កិច្ចព្រមព្រៀង​ស្ដីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងដំណាក់កាល​ថ្មី​។ ២, អនុស្សារណៈ​យោគយល់​គ្នា ស្ដីពី​ការរៀបចំ​ចំណុច​នៃ​ផែនការ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដើម្បី​រួមគ្នា​បង្កើត កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ផ្លូវ​សូត្រ និង​កិច្ចសហប្រតិបត្តិការ​ផ្លូវ​សូត្រ​សមុទ្រ សតវត្ស​ទី​២១​។ ៣, កិច្ចព្រមព្រៀង​ស្ដីពី កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​ស្ដីពី ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ១,២០០​លាន​យ័ន​ចិន​។ ៤ អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​កិច្ចសហប្រតិបត្តិការ​ស​មុ​ទ្រ​។ ៥, កិច្ចព្រមព្រៀង​ស្ដីពី កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វិទ្យុ និង​ទូរទស្សន៍​។ ៦, អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អធិការកិច្ច​។ ៧, អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​កម្មវិធី​ផ្លាស់ប្ដូរ​ទស្សនកិច្ច​អ្នក​វិទ្យាសាស្ដ្រ​។ ៨, កិច្ចព្រមព្រៀង​ស្ដីពី ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​។ ៩, លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង សាងសង់​អាគារ​ពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​។

១០, ពិធីសារ​ស្តីពី​ការ​លុប​ឥណទាន​ឥត​ការប្រាក់​។ ១១, កិច្ចព្រមព្រៀង​ក្របខណ្ឌ​ស្តីបី​ការសន្យា​ផ្តល់​ឥណទាន សម្បទាន​ជា​ប្រាក់​យ័ន​ចិន សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ​ជំហាន​ទី​២ ។ ១២, កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស ជា​ឥណទាន​ឥត​ការប្រាក់ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារ៉ា​សាស្ត្រ​វៃ​កូ ជំហាន​ទី​២ ។ ១៣, កិច្ចព្រមព្រៀង​ក្របខណ្ឌ​ស្តីពី​ការសន្យា​ផ្តល់​ឥណទាន ជា​ប្រាក់​យ័ន ចិន​សម្រាប់​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៥១ ។ ១៤, កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស ជា​ឥណទាន​ការប្រាក់​សម្រាប់​សាងសង់​ផ្លូវជាតិ​លេខ​៥១ ។ ១៥,  កិច្ចព្រមព្រៀង​ក្របខណ្ឌ​ស្តីពី​ការសន្យា​ផ្តល់​ឥណទាន​សម្បទាន ជា​ប្រាក់​យ័ន​ចិន សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២ ។ ១៦, អនុស្សារណៈ នៃ​ការ​យោ​គយល់​គ្នា សម្រាប់​សិក្សា​ប្លង់​មេ​ស្តីពី​ផែនការ​សម្រោង ធនធានទឹក​នៅ​កម្ពុជា និង​គម្រោង​រៀបចំ និង​គាំទ្រ​សម្ភារៈ​គម្រោង​វិទ្យាស្ថាន​ធនធានទឹក​។ ១៧, លិខិត​ប្តូរ​សារ​ស្តីពី​ប្រព្រឹត្ត​កម្ម មិន​ជាប់ពន្ធ​ចំនួន​៩៧​ភាគរយ នៃ​មុខទំនិញ​សរុប​។ ១៨, អនុស្សារណៈ​នៃ​ការយោគយល់ គ្នា​ស្តីពី​ការជំរុញ​គម្រោង​កិច្ចសហប្រតិបត្តិការ វិនិយោគ​ឧ​ស្សហកម្ម​គន្លឹះ​។ ១៩, អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ដំណើរការ​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ ព័ត៌មាន​ចារកម្ម​ពាក់ព័ន្ធ​លើ​វិស័យ​អនុវត្ត​ច្បាប់​សន្តិសុខ​ផ្ទៃ​ប្រទេស​។​

២០, កិច្ចព្រមព្រៀង​ស្តីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។ ២១, កិច្ចព្រមព្រៀង​សម្បទាន​សម្រាប់​ការអភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​។ ២២, កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ជា​ប្រាក់​យ័ន​ចិន សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រពន្ធ​ធារាសាស្ត្រ​វ៉ៃ​កូ ជំហាន​ទី​២ ។​២៣, កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ជា​ប្រាក់​យ័ន​ចិន សម្រាប់​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៥១ ។ ២៤, កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ជា​ប្រាក់​យ័ន​ចិន សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២ ។ ២៥, កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ជា​ប្រាក់​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​ជនបទ​ជំហាន​ទី​៥ និង​ទី​៦ ។ ២៦, កិច្ចសន្យា​សាងសង់​ផ្លូវជាតិ​លេខ​១១ អ្នក​លឿង ថ្នល់ទទឹង ។ ២៧, អនុស្សារណៈ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន Green Trade កម្ពុជា និង​ក្រុមហ៊ុន COFCO ចិន ស្តីពី​ការនាំ​អង្ករ ២​សែន​តោន ទៅ​ប្រទេស​ចិន​។ ២៨, កិច្ចសន្យា​សាងសង់​នៃ​គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់ ២៣០ KV ជំហាន​ទី​២ ២៩, អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​ការវិនិយោគ និង អភិវឌ្ឍ​ខ្សែបណ្តាញ​អគ្គិសនី​ជាតិ​។​

៣០, កិច្ចព្រមព្រៀង​ពិធីសារ សម្រាប់​គម្រោង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូ​វ​ថ្ម ៤៥០MV នៅ​ក្រុងព្រះសីហនុ និង​ទី​៣១, កិច្ចព្រមព្រៀង​ផ្តល់ប្រាក់​កម្ចី ៤០០​លាន​យ័ន​៕


Tag:
 ហ៊ុន សែន​
  ស៊ី ជិន​ពីង​
  ជំនួយ​
© រក្សាសិទ្ធិដោយ thmeythmey.com