ពីនេះ ពីនោះ
ពាក្យ​ខ្មែរ​សាមញ្ញៗ​ទាំងបី​នេះ សាធារណជន​មួយចំនួន​តែងតែ​សរសេរ​ខុស​
16, Oct 2016 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សំណេរ​ភាសា​ខ្មែរ រាល់ថ្ងៃនេះ​អ្នកណា​ក៏​សរសេរ​ខុស គ្រាន់​តែមាន​សាធារណជន​ខ្លះ​សរសេរ​ពាក្យ​ខុស​តិច និង​សាធារណជន​ខ្លះ​សរសេរ​ពាក្យ​មួយចំនួន គឺ​មិនដែល​ត្រឹមត្រូវ​។ នៅក្នុង​កំហុស​ទាំងនោះ អ្នកខ្លះ​អាច​ថា​មកពី​ការខ្វះ​ការប្រុងប្រយ័ត្ន ប៉ុន្តែ​អ្នកខ្លះ​គឺ​មិនបាន​ដឹងថា ពាក្យ​ទាំង​សរសេរ​បែបណា​ឲ្យ​ប្រាកដ​ពិតមែន​ព្រោះតែ​មិនបាន​ពិនិត្យ និង​សិក្សា​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​។ ខាងក្រោម​នេះ មាន​ពាក្យ​ខ្មែរ​សាមញ្ញៗ​បី ដែល​គេ​និយម​សរសេរ​ខុស​៖


 
​ពាក្យ «​ឲ្យ និង ឱ្យ​» ត្រូវបាន​គេ​សរសេរ​ខុស​ទៅជា «​អោយ និង ឱយ​»​។ ព្រោះតែ​ពាក្យ «​អោយ និង ឱយ​» វចនានុក្រម​ខ្មែរ​មិនបាន​អនុញ្ញាត​ឲ្យ​សរសេរ ដោយ​អនុវត្តតាម​ការពិភាក្សា និង​សម្រេច​ដោយ​គណៈកម្មការ​រៀបចំ​វចនានុក្រម​ខ្មែរ​គ្រា​ដំបូង​បំផុត​ក្នុង​កាល ព​.​ស​.២៤៥៩ គ​.​ស​.១៩១៥ គឺ​តម្រូវ​ប្រើ ពាក្យ​«​ឱ្យ និង ឲ្យ​» វិញ​។  
 
​ឧទាហរណ៍​៖ ធ្វើ​អំណោយ គឺ​លះ​អ្វីៗ​ដល់​អ្នកដទៃៈ ឲ្យ​ប្រាក់​, ឲ្យ​ស្បៀង​, ឲ្យ​ទ្រព្យសម្បត្តិ​, ឲ្យ​គ្រឿង​ស្លៀកពាក់​...​ជាដើម​។ ប្រសិនបើ​ប្រើ​ក្នុងន័យ​បង្គាប់ៈ ឲ្យ​ធ្វើ​, ឲ្យ​រៀន​, ឲ្យ​ទៅ​, ឲ្យ​មក​...​។ ឲ្យ​កាន់ការ មានន័យថា ឲ្យ​ទ​ទួ​កាន់​មុខការ​។ ឲ្យ​ការណ៍ មានន័យថា ប្រាប់​ដំណើរ​ការណ៍​, ប្រាប់​រឿងហេតុៈ សាក្សី​ឆ្លើយ​ឲ្យ​ការណ៍​តាមពិត​។  ពាក្យ​នេះ​គេ​អាច​សរសេរ​ដូចជាៈ ឲ្យ​ជើង​, ឲ្យ​ដៃ​, ឲ្យ​តម្រួយ​, ឲ្យ​ន័យ​, ឲ្យ​នាម​, ឲ្យ​ឧបាយ​,​ឲ្យ​អំណាច​...​។ 
 
​បញ្ជាក់ថា​៖ ពាក្យ​«​ឱ្យ និង ឲ្យ​» គឺជា​ប្រភេទ​អញ្ញត្រសព្ទ “​សព្ទ​ដោយឡែក គឺ​ពាក្យ​ខ្លះ​ដែល​សរសេរ​ខុសពី​បែប​ប្រើ​អក្សរ ខុសពី​សំឡេង​និយាយ​។ ឧទាហរណ៍ «​អញ​, អ្នក​, នេះ​, នោះ​, ឲ្យ​, ហោង​» ដែល​មិនត្រូវ​សរសេរ​តាម​សូរ​ថា «​អា​ញ់​, នាក់​, និះ​, នុះ​, ឱយ​, អ្ហ​ង​»​។​”
 
​ពាក្យ «​ហិង្សា​» ត្រូវបាន​គេ​សរសេរ​ខុស​ទៅជា «​ហឹ​ង្សា​, ហឹ​ង​សា​»​។ ពាក្យ «​ហិង្សា​»​នេះ មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ការ​បៀតបៀន​, ការ​ពាធា​, ការធ្វើ​អាក្រក់​រកគ្នា​, ការធ្វើ​ទុក្ខ​គ្នា​។ មនុស្ស​ត្រូវ​កុំ​ឲ្យ​មាន​ហិង្សា​រកគ្នា​។​
​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​

Tag:
 ​ភាសា​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com