ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ពលរដ្ឋ​មក​ចុះ​បោះឆ្នោត ថា មិន​ចង់ឃើញ​សំរាម ទឹក​លិច​ផ្លូវ ចោរកម្ម​…​នៅ​ភ្នំពេញ
16, Oct 2016 , 5:00 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ពលរដ្ឋ​ដែល​កំពុង​រស់នៅ​រាជធានី​ភ្នំពេញ បាននាំគ្នា​ទៅ​ចុះឈ្មោះ​បោះឆ្នោត ដោយ​ពួកគេ​រំពឹងថា សង្កាត់​របស់​ពួកគេ លែងមាន​សំរាម ចោរកម្ម ទឹក​លិច​ផ្លូវ និង​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​។ ពួកគេ​ម្នាក់ៗ រំពឹងថា សន្លឹកឆ្នោត​របស់​ពួកគេ នឹង​អាច​ជ្រើសរើស​ចៅសង្កាត់​មួយរូប ដែល​គិតគូរ​ពី​បញ្ហា​ខាងលើនេះ​។  


      
​លោក ហេន ម៉េង​ហួ ពលរដ្ឋ​នៅ​សង្កាត់​ទឹកថ្លា បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មូលហេតុ ដែល​លោក​មក​ចុះឈ្មោះ​បោះឆ្នោត​នៅពេលនេះ គឺ​ដើម្បី​ជ្រើសរើស​ចៅសង្កាត់ ដែល​លោក​ពេញចិត្ត និង​បម្រើ​ពលរដ្ឋ​ពិតប្រាកដ​។ បើតាម ម៉េង​ហួ សង្កាត់​ទឹកថ្លា មាន​កន្លែង​ខ្លះ នៅមាន​សំរាម ទឹក​លិច​ផ្លូវ ការកកស្ទះ​ចរាចរណ៍ និង​អំពើចោរកម្ម​ទៀតផង​។ កំពុង​ឈរ​ផ្តល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ នៅក្នុង​ទីធ្លា​សាលាបឋមសិក្សា​សន្តិភាព ដែលជា​ទីកន្លែង​ចុះឈ្មោះ​បោះឆ្នោត​នោះ បុរស​វ័យ​២២​ឆ្នាំ​រូបនេះ បាន​រៀបរាប់ថា លោក​នឹង​ប្រើ​សន្លឹកឆ្នោត​មួយ​សន្លឹក​នេះ ដើម្បី​កែប្រែ​ស្ថានភាព​សង្កាត់​ទឹកថ្លា ឲ្យ​បានល្អ​ប្រសើរ​។ ជា​អ្នក​ខេត្តកំពង់ចាម និស្សិត​ឆ្នាំ​ទី​១​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ការចុះឈ្មោះ​បោះឆ្នោត គឺមាន​សារសំខាន់​ណាស់​សម្រាប់​ខ្ញុំ ពីព្រោះ ខ្ញុំ​នឹងមាន​សិទ្ធិ​បោះឆ្នោត​នៅពេល​ខាងមុខ ដើម្បី​រើស​មេឃុំ​ដែល​ល្អ ដែល​អាច​ដោះស្រាយ​បញ្ហា​សំរាម ចរាចរណ៍ និង​ធ្វើ​ឲ្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​»​។ បើតាម ម៉េង​ហួ នៅក្នុង​សង្កាត់​ទឹកថ្លា​នេះ ទោះបី​បញ្ហា​លិច​ទឹក និង​សំរាម មាន​លក្ខណៈ​ល្អ​ជាង​មុន​បន្តិច​ក្តី ប៉ុន្តែ លោក​នៅតែ​ចង់​ឲ្យ​ចៅសង្កាត់​ថ្មី ដោះស្រាយ​កន្លែង​ខ្លះ ដែល​នៅមាន​បញ្ហា​នេះ​បន្តទៀត​។ ជាងនេះទៅទៀត បុរស​សម្បុរ​ស និង​សក់ស្លូត​រូបនេះ ក៏​មិន​ភ្លេច​រម្លឹក​ពី​បញ្ហា​សុវត្ថិភាព​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ផងដែរ ដើម្បី​ឲ្យ​តំណាង​របស់ខ្លួន​ធ្វើការ​ដោះស្រាយ បន្ទាប់​ពួកគេ​ជាប់ឆ្នោត​ជា​ចៅសង្កាត់​ទឹកថ្លា​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​បោះឆ្នោត គឺ​ដើម្បី​ឲ្យ​មេឃុំ​ធ្វើ​អ្វីដែល​ខ្ញុំ​ចង់បាន ដូចជា ខ្ញុំ​ចង់​រស់នៅ​ដោយមាន​សុវត្ថិភាព គ្មាន​ចោរកម្ម​»​។      
 


​មិនមែន​តែ​ម៉េង​ហួរ​ម្នាក់​ទេ ដែល​ចង់​ឲ្យ​តំណាង​របស់ខ្លួន ធ្វើការ​ដោះស្រាយ​បញ្ហា​ខាងលើ នោះ អ្នកស្រី មាស យ៉ាំ ក៏​ជួបនឹង​បញ្ហា​ខាងលើ​នេះដែរ​។ បើតាម​អ្នកស្រី មាស យ៉ាំ នៅ​សង្កាត់​អូរ​បែក​ក្អែ​ម ក៏មាន​បញ្ហា​លិច​ទឹក​ជារឿយ​ផងដែរ​។ អ្នកស្រី​បន្តថា អ្នកស្រី​នឹង​ប្រើ​សន្លឹកឆ្នោត​មួយ​សន្លឹក​នេះ ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ទឹក​លិច​ផ្លូវ និង​ការ​ស្ទះលូ ដែល​ធ្វើ​ឲ្យ​សង្កា​ត់របស់​អ្នកស្រី​បាត់បង់​សោភ័ណភាព​។ «​បច្ចុប្បន្ន ថ្នល់ សំរាម និង​ស្ទះលូ គឺ​មិនសូវ​ល្អ​ទេ​» នេះ​ការបញ្ជាក់​របស់​អ្នកស្រី មាស យ៉ាំ ចំពោះ​ការមើលឃើញ​បញ្ហា​នៅក្នុង​សង្កាត់​អូរ​បែកក្អម ដោយ​បន្ថែមថា អ្នកស្រី​នឹង​ជ្រើសរើស​ចៅសង្កាត់​ណា ដែលមាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ខាងលើនេះ​។ កំពុង​បណ្តើរគ្នា​ជាមួយ​ស្វាមី​របស់ខ្លួន ចេញពី​ការិយាល័យ​បោះឆ្នោត​ក្នុង​សាលាបឋមសិក្សា​សន្តិភាព អ្នកស្រី មាស យ៉ាំ មិន​ចង់ឃើញ​សង្កាត់​របស់ខ្លួន ក្លាយជា​សង្កាត់​ដែល​សម្បូរ​អំពើ​ឃាតកម្ម ចោរកម្ម សំរាម និង​ទឹកជំនន់​ឡើយ បើទោះបី​បច្ចុប្បន្ន​បញ្ហា​ទាំងនេះ មាន​ភាពល្អ​ជាមុន​បន្តិច​ក៏ដោយ​។   
 
​បន្ទាប់ពី​សាកសួរ​ពល​រដ្ឋ​នៅ​សង្កាត់​ទឹកថ្លា និង​អូ​បែកខ្អម​រួចមក ងាក​មក​ចាប់អារម្មណ៍​ជាមួយ អ្នករស់នៅ​សង្កាត់​កា​កាប ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ​វិញ​ម្តង​។ លោក អេង ម៉េង​នាង ពលរដ្ឋ​នៅ​សង្កាត់​ពោធិ៍​សែន​ជ័យ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​មក​ចុះ​បោះឆ្នោត ព្រោះ វា​ជាការ​បំពេញ​តួនាទី​ក្នុងនាម​ជា​ពលរដ្ឋ​ល្អ​ម្នាក់​នៅ​សង្គម​ខ្មែរ ដែល​ត្រូវ​ជ្រើសរើស​អ្នកដឹកនាំ​សង្កាត់​ប្រកបដោយ​សមត្ថភាព និង​មាន​ភាពឈ្លាសវៃ ក្នុងការ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​។ កំពុងផ្តល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ នៅក្បែរ​របង​ការិយាល័យ​បោះឆ្នោត និស្សិត​វ័យ​២១​ឆ្នាំ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​រំពឹងថា ខ្ញុំ​នឹង​បោះឆ្នោត​ជ្រើស​ចៅសង្កាត់​ដែល​ខ្ញុំ​ពេញចិត្ត ហើយ​អ្វីដែល​ខ្ញុំ​ចង់បាន​ពី​ចៅសង្កាត់​វិញ​នោះ គឺ​ចង់​ឲ្យ​គាត់​បម្រើ​ពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ មិន​ប្រកាន់​បក្សពួក និង​ធ្វើ​ឲ្យ​សង្កាត់​មានការ​រីកចម្រើន​»​។ ជាងនេះទៅទៀត អ្នក​ខេត្តកំពង់ចាម​រូបនេះ អះអាងថា ក្នុង​សង្កាត់​កា​កាប មានការ​ប្រមូល​សំរាម​យឺតយ៉ាវ ។ ប៉ុន្តែ​បុរស​វ័យ​២១​ឆ្នាំ​រូបនេះ ក៏​មិន​ភ្លេច​លើក​ពី​ចំណុច​វិជ្ជមាន​ខ្លះ​នៅក្នុង​សង្កាត់​កា​កាប​ខ្លួន​ដែរ ដោយ ម៉េង​នាង បាន​មើលឃើញថា ការសង់​សំណង់​ផ្សេងៗ មាន​ផ្លូវថ្នល់ លូ និង​ចរាចរណ៍ គឺមាន​លក្ខណៈ​ល្អ​ជាង​មុន ដោយ​មិនសូវមាន​កន្លែង​លិច​ទឹក​ទៀត​នោះទេ​។    
 


​កន្លងមក នៅពេល​ជិត​បោះឆ្នោត​ម្តងៗ អាជ្ញាធរ និង​ចៅសង្កាត់ តែងតែ​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដោះស្រាយ​បញ្ហា​សំរាម ទឹក​លិច​ផ្លូវ និង​សេវាកម្ម​ធ្វើលិខិត​ស្នាម​ផ្សេងៗ​ឲ្យ​បានល្អ​ជាង​មុន ដើម្បី​ទាក់ទាញ​ទឹកចិត្ត​ពលរដ្ឋ ឲ្យ​បន្ត​គាំទ្រ​ពួកគេ​នៅ​អាណត្តិ​បន្តបន្ទាប់​ទៀត​។​
 
​ទាក់​នឹង​ការសាងសង​ហេដ្ឋារចនាសម្ព័ន្ធ​នៅពេល​ជិត​បោះឆ្នោត​នេះដែរ ត្រូវបាន លោក សូ ចន្ថា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ស្វាគមន៍ និង​គាំទ្រ ដោយ​លោក​អះអាងថា ផ្លូវ លូ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត គឺជា​តម្រូវ​ការចាំបាច់​របស់​ពលរដ្ឋ​។ យ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវ​រូបនេះ បាន​បង្ហើប​ថា ការធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅពេល​ជិត​បោះឆ្នោត គឺ​លែងមាន​ប្រសិទ្ធភាព​សម្រាប់​ទាក់ទាញ​ការគាំទ្រ​ទៀតហើយ ពីព្រោះ ពលរដ្ឋ​បានដឹង​យ៉ាងច្បាស់​ថា ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នោះ គឺជា​ហេដ្ឋារចនាសម្ព័ន្ធ​មិន​រ៉ឹង​មាំ​នោះទេ​។ លោក​បន្តថា «​គណបក្ស​នីមួយៗ គួរ​បង្កើត​គោលនយោបាយ ដែលជា​តម្រូវការ​អាទិ​ភាព​របស់​ពលរដ្ឋ ដូចជា រក​ទីផ្សារ​ជូន​កសិករ ការបង្កើត​ការងារ​ដល់​យុវជន និង​គោលនយោបាយ​ជាតិ​សំខាន់ៗ​ដទៃទៀត ទើប​អាច​ទាក់ទាញ​ការគាំទ្រ​ពី​ពលរដ្ឋ​បាន​»​។ 
 


​សូមបញ្ជាក់ថា  ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ គឺមាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ចំនួន​ជាង ៥,៤​លាន​នាក់ ស្នើ​ជាង​៥៦​ភាគរយ នៃ​ចំនួន​អ្នកបោះឆ្នោត​ជាង​៩​លាន​នាក់​។ នេះ​បើតាម​របាយការណ៍ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​ជ​.​គ​.​ប​) ចុះផ្សាយ​នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦៕                  

Tag:
 ចុះឈ្មោះ​បោះឆ្នោត​
 ​សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com