កំណាព្យ បទពាក្យ៨
-រៀនរស់រៀនរករៀនរាប់រាក់ទាក់
រៀនចេះជឿជាក់រៀនជួយខ្លួនឯង
រៀនស្រាយកំហឹងរៀនកុំចំបែង
រៀនខំប្រឹងប្រែងរៀនក្រែងចិត្តគេ។
-រៀនរួមធ្វើការរៀនការចាត់ចែង
រៀនគ្រប់កន្លែងកុំបីទំនេរ
រៀនស្អប់ពាក្យឈ្លោះតែកុំរៀនជេរ
រៀនធ្វើឲ្យគេមានទំនុកចិត្ត។
-រៀនចេះរាប់អានរៀនកុំរើសអើង
រៀនរស់មិនឆ្មើងរៀនរស់ស្នាលស្និទ្ធ
រៀនកុំលោភលន់បំភាន់បាំងបិទ
រៀនឲ្យលម្អិតរបៀបរស់នៅ។
-រៀនដឹងរៀនដាស់ច្បាស់តួនាទី
រៀនដើររកស៊ីរៀនចាប់គោលដៅ
រៀនធ្វើអ្នកចេះកុំស្អប់អ្នកខ្លៅ
រៀនចៀសរណ្តៅអបាយតណ្ហា។
-រៀនបានធ្វើធំកុំស្អប់អ្នកតូច
រៀនកុំខិលខូចបំផ្លាញខេមរា
រៀនដើម្បីចេះជួយជាតិគ្រប់ការ
រៀនធ្វើយ៉ាងណាឲ្យស្រុកថ្កុំថ្កើង៕
និពន្ធដោយប៉ាកកាខ្មៅ!