ពីនេះ ពីនោះ
ពាក្យ​ខ្មែរ​ដែល​ត្រូវបាន​គេ​សរសេរ​ខុស​៖ «​វី​រះ​បុរស​, វី​រះ​ជន​, វី​រះ​ភាព​, ទំរង់ និង ឧ​ប​ស័គ្គ​»
18, Oct 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កំហុស អ្នកណា​ក៏​ធ្លាប់មាន​ចំពោះ​ការសរសេរ​ពាក្យ​ក្នុង សំណេរ​អត្ថបទ ក៏ប៉ុន្តែ​កំហុស​ខ្លះ​កើតឡើង​ដោយ​អ​ចេតនា ចំណែក​កំហុស​ខ្លះ​គឺ​មិន​បានដឹង​តែម្ដង​។ ជាក់ស្ដែង​ដូចជា​ពាក្យ «​វី​រះ​បុរស​, វី​រះ​ជន​, វី​រះ​ភាព​, ទំរង់ និង ឧ​ប​ស័គ្គ​» ដែលជា​ពាក្យ​ខុស ប៉ុន្តែ​ត្រូវបាន​គេ​សរសេរ​ស្ទើរ​ជាទូទៅ​។ វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ទាំងនេះ​ត្រូវ​សរសេរ​ដូចខាងក្រោម​៖



​ពាក្យ «​វីរបុរស​, វីរជន​, វីរភាព​» ត្រូវបាន​គេ​សរសេរ​ខុស​ទៅជា «​វីរៈបុរស​, វីរៈជន​, វីរៈភាព​» ឬ​«​វី​រះ​បុរស​, វី​រះ​ជន​, វី​រះ​ភាព​»​ទៅវិញ​។ វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជូន ណាត ពាក្យ​ទាំងបី​នេះ សរសេរ​ដោយ​មិនមាន​យុគលពិន្ទុ (​ៈ​) ឬ​ហៅថា (​ចុច​ពីរ​) នោះទេ ពោលគឺ សរសេរ​ជា «​វីរបុរស​, វីរជន​, វីរភាព​» ទើប​ត្រឹមត្រូវ​។ ពាក្យ​«​វីរភាព​» ភាព​ដែល​អង់អាច​, ដំណើរ​អង់អាច​។ «​វីរជន​» ជន​អង់អាច​...​។ «​វីរបុរស​» បុរស​អង់អាច​...​។  ដោយ​ពាក្យ «​វីរ​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា អ្នក​អង់អាច​, ក្លៀវក្លា ដូចជា​អ្នក​ចម្បាំង អ្នកប្រាជ្ញ ។

​ចំពោះ​ពាក្យ «​ទម្រង់​» ជា​ញឹកញាប់ ត្រូវបាន​គេ​សរសេរ​ខុស​ទៅជា «​ទំរង់​»​វិញ​។ ពាក្យ​«​ទម្រង់​» នេះ​មាន​ថ្នាក់​ពាក្យ​ជា​នាម មានន័យថា សណ្ឋាន​, ទ្រង់​, ទ្រង់ទ្រាយ​, លំនាំ​។ ឧទាហរណ៍ របស់​នេះ​មាន​ទម្រង់​សមរម្យ​, ទម្រង់​វែង​ពុំ​សូវ​សម​។​

​ចំណែក​ពាក្យ «​ឧបសគ្គ​» ក៏ត្រូវ​បាន​គេ​សរសេរ​ខុស​ទៅជា​«​ឧ​ប​ស័គ្គ​» ដែល​វចនានុក្រម​ខ្មែរ​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ត្រូវ​សរសេរ​គឺ​គ្មាន​សញ្ញា «​័​» ឡើយ​។ ពាក្យ «​ឧបសគ្គ​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ឧបទ្រព​, ចង្រៃ​, គ្រឿង​ទើស​ទាក់​, គ្រឿង​ជំទាស់​, គ្រឿង​រារាំង​ដំណើរ​។  នៅក្នុង​ពាក្យកាព្យៈ ឧបសគ្គ​ជា​ថ្នាក់​នាំ​ជំទាស់ រារាំង​ឲ្យ​ងាស់​ស្ទោក​កិច្ចការ ទោះ​ជន​កំពុងកាន់​ធម៌អាថ៌ អាចារ្យ​ក៏ដោយ​ដូចជា​គ្នា​។ ជា ព​.​វ  ឈ្មោះ​សព្ទ​ពួក​មួយ​សម្រាប់​ប្រើ​ចំពោះតែ​ជា​បុព្វបទ​រៀង​ភ្ជាប់​ពី​ខាងដើម​នាមសព្ទ និង​កិរិយាសព្ទ​តាម​គូរ​ដល់​ការប្រកប​, ដូចជា អតិ​,​អនុ​, អភិ​, ជាដើមៈ អតិកល្យាណ​, អតិជាតបុត្ត​, អនុគ្រោះ​, អនុជ​, អនុជាតបុត្ត​, អភិរោធ​, អភិរោធ​, អភិវន្ទ​, អភិវាទ​។​ល​។ ឧបសគ្គការណ៍​ឬ​ការ មានន័យថា ហេតុ​ជា​គ្រឿង​ជំទាស់​។ ឧបសគ្គនិបាត មានន័យថា និបាតសព្ទ​ជា​ឧបសគ្គៈ​។ ឧបសគ្គសព្ទ មានន័យថា សព្ទ​ជា​ឧបសគ្គៈ​។​ល​។ អាច​សរសេរ ជា​ឧបសគ្គៈ ក៏បាន​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេច ព្រះសង្ឃរាជ ជួន ណាត​


Tag:
 ​ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com