កីឡាជាតិ
ជាតិ
កម្ពុជា និង​ព្រុយ​ណេ​សុទ្ធ​តែមាន​ក្តី​រំពឹង​ខ្ពស់​ក្នុងជំនួប​វគ្គ​ជម្រុះ AFF Suzuki Cup ល្ងាច​នេះ​
18, Oct 2016 , 12:34 pm        
រូបភាព
ដោយ:
​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup 2016 ដែល​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ល្ងាច​នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវ​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​ព្រុយ​ណេ ចំណែក​ក្រុមទី​ម័​រ​ខាងកើត ត្រូវ​តទល់​ជាមួយ​ក្រុម​ជម្រើសជាតិ​ឡាវ​។ ទាំង​គ្រូបង្វឹក​កម្ពុជា និង​ព្រុយ​ណេ​សុទ្ធ​តែមាន​ក្តី​រំពឹង​ខ្ពស់​នឹងធ្វើ​បានល្អ​ក្នុងជំនួប​ល្ងាច​នេះ​។



​ក្រុម​ជម្រើសជាតិ​កម្ពុជា​បន្ទាប់​ពី​យកឈ្នះ​ក្រុម​ឡាវ ២-១ ក្នុង​ថ្ងៃ​ប្រកួត​បើកឆាក​កាលពី​សប្តាហ៍​មុន នៅវេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ នឹង​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ស្វាគមន៍​ក្រុម​ភ្ញៀវ​ព្រុយ​ណេ​ក្នុង​វគ្គ​ជម្រុះ​នៃ​ពានរង្វាន់ AFF Suzuki Cup 2016​។ ក្រុម​ព្រុយ​ណេ ក៏​ជា​ក្រុម​ដែល​បាន​យកឈ្នះ​ក្រុមទី​ម័​រ​ខាងកើត ២-១ ក្នុង​ថ្ងៃ​ប្រកួត​បើកឆាក​ផងដែរ​។​



​បើតាម​ប្រវត្តិ​នៃ​ការជួបគ្នា​តាំងពី​ឆ្នាំ​២០០៦ រហូតដល់ ឆ្នាំ​២០១៥ ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​៥​លើក​រួចមកហើយ ដោយ​លទ្ធផល​កម្ពុជា​ឈ្នះ​៣​លើក ស្មើ​១​លើក និង​ចាញ់​១​លើក​។ ហើយ​កាលពី​ចុងឆ្នាំ​២០១៥ កន្លងទៅ​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្រុម​កម្ពុជា​បាន​លត់​ក្រុម​ព្រុយ​ណេ​ក្នុង​លទ្ធផល ៦-១​។

​លោក Lee Tae Hoon គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​រំពឹងថា កូនក្រុម​របស់លោក​នឹងធ្វើ​បានល្អ​ក្នុងជំនួប​ជាមួយ​ក្រុម​ព្រុយ​ណេ​ល្ងាច​នេះ ទោះបី​លោក​គិតថា​ព្រុយ​ណេ​បាន​ត្រៀមខ្លួន​រួច​ក៏ដោយ​។ ទោះបី​លោក​មិន​ហ៊ាន​ដាក់​ភាគរយ​ក្នុងការ​ឈានឆ្ពោះ​ទៅកាន់​វ​គ្គ​ចែក​ពូ​ល​ក៏ដោយ ប៉ុន្តែ​លោក​រំពឹង​កម្ពុជា​នឹង​អាច​ឡើងទៅ​កាន់​វគ្គ​បន្ត​ក្នុង​វគ្គ​ជម្រុះ​មួយ​នេះ​។ ជាមួយគ្នានេះ លោក​គិតថា ការរង​របួស​ច្រើន​របស់​កីឡាករ​ព្រុយ​ណេ​ក្នុងជំនួប​ថ្ងៃ​ដំបូង​ជាមួយ​ទី​ម័​រ​ខាងកើត វា​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​កម្ពុជា​ក្នុងការ​យកឈ្នះ​លើ​ក្រុម​ព្រុយ​ណេ​ល្ងាច​នេះ​។



​ទន្ទឹមនឹងនេះ លោក Mike Wong Mun Heng គ្រូបង្វឹក​ក្រុម​ព្រុយ​ណេ​ទោះបី​ទទួលស្គាល់​កម្ពុជា​ជា​ក្រុម​ខ្លាំងជាងគេ​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup និង​មាន​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​ចាំ​ជួយ​លើកទឹកចិត្ត​ក៏ដោយ ប៉ុន្តែ​លោក​គិតថា​អ្នកគាំទ្រ​មិនមែនជា​ឧបសគ្គ​សម្រាប់​ព្រុយ​ណេ​នោះទេ ហើយ​លោក​រំពឹងថា កូនក្រុម​របស់លោក​នឹង​ប្រឺ​ង​ប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងជំនួប​ជាមួយ​ក្រុម​កម្ពុជា​ល្ងាច​នេះ​។​



 ជាមួយគ្នានេះ នា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នេះ ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត​ក្រោយពី​បរាជ័យ​ក្នុងជំនួប​ថ្ងៃ​ដំបូង​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ព្រុយ​ណេ​ត្រូ វ​តទល់​ជាមួយ​ក្រុម​ជម្រើសជាតិ​ឡាវ ដែល​បាន​បរាជ័យ​ក្នុង​ថ្ងៃ​ប្រកួត​បើកឆាក​ដូចគ្នា​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​៕  


Tag:
 Lee Tae Hoon
  Mike Wong Mun Heng
  AFF Suzuki Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com