ជាតិ
ឃុំ​ជង្រុក ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ រងគ្រោះ​ខ្លាំង ព្រោះ​បាក់​ទំនប់​ស្វាយ
18, Oct 2016 , 2:32 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បន្ទាប់ពី​បាក់​ទំនប់​ស្វាយ ពលរដ្ឋ​នៅ​ឃុំ​ជង្រុក កំពុង​រស់នៅ​ជាមួយ​ទឹកជំនន់ ព្រោះ​ទឹកបាន​កាត់ផ្តាច់​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត ព្រមទាំង​លិច​ផ្ទះ​កម្ពស់​ពី​កន្លះ​ម៉ែត្រ ទៅមួយ​ម៉ែត្រ​។ នេះ​បើ​យោងតាម លោក ថោង ថា​ត មេឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។  



​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាមរយៈ​ខ្សែ​ទូរ​សព្ទ​នៅ​ថ្ងៃទី​១៨ ខែតុលា​នេះ លោក ថោង ថា​ត បាន​ឲ្យ​ដឹងថា ពលរដ្ឋ​នៅ​ឃុំ​ជង្រុក បានរស់នៅ​ជាមួយ​ស្ថានភាព​ទឹកជំនន់​នេះ រយពេល​២​ថ្ងៃ​ហើយ បន្ទាប់ពី​ទំនប់​ស្វាយ​ស្ថិតក្នុង​ឃុំ​ស្រង់ បាន​បាក់ កាលពី​ថ្ងៃ​ម្សិលមិញ​។ លោក​បញ្ជាក់ថា ទឹកបាន​លិច​ផ្ទះ​តៀម និង​លិច​សសរផ្ទះ​ខ្ពស់ៗ ប្រហែល​ពី​កន្លះ​ម៉ែត្រ ទៅមួយ​ម៉ែត្រ​។ លោក ថោង ថា​ត បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ទឹកជំនន់​នេះ បាន​កាត់ផ្តាច់​ផ្លូវ​ក្នុងឃុំ​ចំនួន​១៥​កន្លែង និង​ផ្តាច់​ប្រព័ន្ធ​ស្ទាក់​ទឹក​របស់​ឃុំ​ជាច្រើន​ទៀត​។ ពលរដ្ឋ​ខ្លះ រស់នៅ​លើផ្ទះ តែ​អ្នករស់នៅ​ផ្ទះ​តៀម ទឹកបាន​លិច​គ្រែ​របស់​ពួកគេ​បាត់​»​។ លោក​បន្តថា នៅថ្ងៃនេះ មិនមាន​ភ្លៀង​ឡើយ ប៉ុន្តែ ទឹក​ហាក់​មិនសូវ​ស្រក​ប៉ុន្មាន​ទេ​។ យ៉ាងណាក៏ដោយ លោក​មេឃុំ​ខាងលើ អះអាងថា មិនមាន​ពលរដ្ឋ រើ​ទីលំនៅ ទៅរក​ទីទួល​សុវត្ថិភាព​ឡើយ​។  

​ចំណែក លោក ញ៉ា​ញ់ ជៀប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅមុន​បន្តិច​ថា ក្នុងចំណោម​៤​ឃុំ ដែល​រងគ្រោះ​ព្រោះ​ទឹកជំនន់​នេះ មានគ្រួសារ​មួយចំនួន បាន​ស្វែងរក​ទីទួល​សុវត្ថិភាព​កាលពី​ថ្ងៃ​ម្សិលមិញ ប៉ុន្តែ នៅថ្ងៃនេះ ពួកគេ​បាន​វិល​មក​ផ្ទះ​វិញ​ខ្លះ​ហើយ​។ 

​គួរ​បញ្ជាក់ថា មិនមែន​តែ​ឃុំ​ជង្រុក​នោះទេ ដែល​កំពុង​រងគ្រោះ ដោយសារ​ទឹកជំនន់​នោះ ប៉ុន្តែ​ឃុំ​បី​ទៀត រួមមាន ឃុំ​ព្រៃ​ញាតិ ឃុំ​ទឹកល្អក់ និង​ឃុំ​ស្រង់ ត្រូវបាន​លិចលង់ បន្ទាប់ពី​ទំនប់​ស្វាយ បាន​បាក់ កាលពី​ថ្ងៃទី​១៧ ខែតុលា ម្សិលមិញ​នេះ​៕   


Tag:
 ទឹកជំនន់​
 ​ កំពង់ស្ពឺ​
© រក្សាសិទ្ធិដោយ thmeythmey.com