ពីនេះ ពីនោះ
ពុំមាន​ទេពា​ក្យ​ថា​«​ភោ​ជ​នា​អាហារ​» មានតែ​ពាក្យ​«​ភោជនាហារ​»​ក្នុង​វចនានុក្រម​ខ្មែរ​
19, Oct 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​ផ្ដើម​ដោយ​ពាក្យ​ថា​«​ភោជន​»​មាន​ច្រើន ប៉ុន្តែ​ចំពោះ​ពាក្យ​ថា «​ភោ​ជ​នា​អាហារ​»​ដែល​កន្លងមក​មាន​សាធារណជន មួយចំនួន​លោក​បាន​សរសេរ គឺ​ពុំមាន​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន  ណាត ឡើយ​។ ប៉ុន្តែ​ត្រឹមត្រូវ គឺ​ពាក្យ​«​ភោជនាហារ​» ទើប​មាននៅ​ក្នុង វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ចងក្រង​៖



​ចំពោះ​ពាក្យ​ថា​«​ភោជន​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា វត្ថុ​សម្រាប់​បរិភោគ​, អាហារ​។ ភោគ​ជន​ទាន មានន័យថា ការ​ឲ្យ​ភោជន​(​ជា​ទាន​)​។ ភោជនភណ្ឌ មានន័យថា គ្រឿង​បរិភោគ​(​គ្រឿង​ស៊ី​)​។ ភោជនភ័ស្ដុ មានន័យថា គ្រឿង​បរិភោគ​ផ្សេងៗ​។ បន្ថែម​ពីនេះ​បើ​គេ​សរសេរថា​«​ភោជនាគារ​» គឺ​មានន័យថា ផ្ទះ​លក់​ភោជន​។

​ក្នុងនោះ​ផងដែរ​ពាក្យ​ថា​«​ភោជនីយ​» មាន​ថ្នាក់​ពាក្យ​ជា​គុណនាម មានន័យថា ដែល​គួរ​បរិភោគ​, សម្រាប់​បរិភោគ​។ ប៉ុន្តែ​បើសិន​ប្រើ​ជា​នាម​មានន័យថា អាហារ​ដែល​គរ​បរិភោគ​។ ក្នុងនោះ​ផងដែរ នៅពេល​ប្រកប​ជាមួយ​ពាក្យ «​ដ្ឋា​ន​» ទៅជា​«​ភោជនីយដ្ឋាន​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ទីកន្លែង​សម្រាប់​បរិភោគ​អាហារ​។

​ចំណែក​ពាក្យ «​ភោជនីយាហារ​» មាន​ថ្នាក់​ពាក្យ​ជានា​ម មកពី​ពាក្យ​ថា​(​ភោជនីយ​+​អាហារ​) មានន័យថា អាហារ​ដែល​គួរ​បរិភោគ​, អាហារ​សម្រាប់​បរិភោគ​។ វេ​វ​. ភោជនាហារ ច្រើន​និយាយថា ខាទ​នី​យ ភោជនីយាហារ បង្អែម​និង​ចម្អាប​។​

​ដោយឡែក​ចំពោះ​ពាក្យ​ថា «​ភោ​ជ​នា​អាហារ​» ដែល​កន្លងទៅ​មាន​សាធារណជន​មួយចំនួន លោក​បាន​សរសេរ ដោយ​ច្រឡំ​ថា​ពាក្យ​នោះ​ជា​ពាក្យ​ត្រឹមត្រូវ​នោះ គឺ​មិនត្រូវ​សរសេរ​បែប​នោះ​បន្តទៀត​នោះទេ ប៉ុន្តែ​ត្រូវ​សរសេរ​ជា​«​ភោជនាហារ​»​វិញ​ទើប​ត្រឹមត្រូវ ដែល​ពាក្យ​នេះ​មាន​ថ្នាក់​ពាក្យ​ជា​នាម មានន័យថា អាហារ​សម្រាប់​បរិភោគ​។​

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេច ព្រះសង្ឃរាជ ជួន ណាត​


Tag:
 ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com