ពីនេះ ពីនោះ
ពាក្យ«នៅ» និង«នូវ» តែងក្លាយជាកំហុសក្នុងអត្ថបទសំណេរ
× ភ្នំពេញ៖ ពាក្យ«នៅ» និង«នូវ» ត្រូវបានសាធារណជនជាច្រើនសរសេរស្ទើររៀងរាល់ថ្ងៃ ប៉ុន្តែនៅតែមានការច្រឡំក្នុងការប្រើប្រាស់នៅក្នុងសំណេរអត្ថបទ ដែលនាំឲ្យសំណេរនោះមានអត្ថន័យផ្ទុយពីអ្វីដែលខ្លួនចង់បាន។ ដើម្បីយល់ច្បាស់ពីអត្ថន័យ និងទួនាទីពាក្យទាំងនេះនៅក្នុងអត្ថបទសំណេរ វចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ដូចខាងក្រោម៖
ពាក្យ«នៅ» ប្រើជាកិរិយាសព្ទ មានន័យថា ឋិត, ស្ថិត, មានៈ នៅឯណា?, នៅផ្ទះ, នៅក្នុងបន្ទប់...។ ប៉ុន្តែបើជាកិរិយាវិសេស មានន័យថា ដែលមិនទាន់, ដែលមានទៀតៈ អស់ហើយឬនៅ? នៅ, នៅឡើយ, នៅទេ។
ចំណែកពាក្យ«នូវ» មានថ្នាក់ពាក្យជានាម មានន័យថា នឹង, ហើយនឹង។ ឧទាហរណ៍ៈ ព្រះរាជវង្សានុវង្ស និងមន្ត្រីធំតូច នូវអស់ប្រជាជនទាំងពួង។ ប៉ុន្តែន័យម្យ៉ាងទៀត គឺជាពាក្យប្រាប់ដំណើរសម្រេចអំពើដែលគេត្រូវធ្វើៈ បុគ្គលធ្វើនូវអំពើល្អ ដោយកាយ វាចា ចិត្ត នឹងបាននូវផលល្អ...។
ជារួមមក នៅក្នុងការប្រើប្រាស់ រវាងពាក្យទាំងពីរនេះ សាធារណជន ត្រូវចំណាំថាចំពោះពាក្យ«នៅ» គឺគេប្រើសំដៅដល់ទីតាំងដែលអ្វីមួយកំពុងស្ថិតនៅ និងប្រើសម្រាប់បញ្ជាក់ពីស្ថានភាពដែលមិនទាន់បានសម្រេចជាដើម(នៅឡើយ, នៅទេ)។ ដោយឡែកចំពោះពាក្យ «នូវ» វិញ គឺប្រើសម្រាប់បញ្ជាក់ពីអ្វីដែលត្រូវធ្វើ ជាធ្វើជាដើម។
ឧទាហរណ៍៖ ក្រោយពេលទទួលបានអាហាររូបករណ៍មកសិក្សានៅភ្នំពេញ សុភ័ក្រ បានទៅរស់នៅជាមួយម្ដាយមីង ដើម្បីបន្តការសិក្សា។ រយៈពេលបួនឆ្នាំ សុភ័ក្រ បានខិតខំធ្វើនូវកិច្ចការជាច្រើន ដើម្បីតបស្នងនូវទឹកចិត្តម្ដាយមីងរបស់ខ្លួនដែលបានឲ្យខ្លួនស្នាក់អាស្រ័យជាមួយដោយមិនគិតថ្លៃ ហើយថែមទាំងជួយផ្គត់ផ្គង់ដល់ការសិក្សារបស់ខ្លួនផងនោះ៕
ដកស្រង់ពីវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត
© រក្សាសិទ្ធិដោយ thmeythmey.com