ជាតិ
សង្គមជាតិ
អគ្គនាយកដ្ឋាន​លំនៅឋាន និង​HFHC ចុះ​MOU ជំរុញ​ការទទួលបាន​លំនៅឋាន និង​កាន់កាប់​ដោយ​សុវត្ថិភាព​
19, Oct 2016 , 9:39 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
រូបភាពពីហ្វេសប៊ុកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​លំនៅឋាន  និង​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ ដើម្បី​គាំទ្រ​ការអនុវត្ត​គោលនយោបាយ​ជាតិ ស្ដីពី​លំនៅឋាន ក្នុងការ​ជំរុញ​ការទទួលបាន​លំនៅឋាន និង​ការកាន់កាប់​ប្រកបដោយ​សុវត្ថិភាព​។ ពិធី​ចុះហត្ថលេខា​នេះ បានធ្វើ​ឡើង នៅ​ថ្ងៃទី​១៩ ខែតុលា នា​ទីស្ដីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​



​អគ្គនាយកដ្ឋាន​លំនៅឋាន និង​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា (HFHC)  បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់ គាំទ្រ​ដល់​ការអនុវត្ត​គោលនយោបាយ​ជាតិ ស្តីពី​លំនៅដ្ឋាន​នៅ​កម្ពុជា​។ ពិធី​នេះ​ប្រារព្ធ​ឡើង​ក្រោម​ការចូលរួម​ពី លោក ឆាន់ សាផាន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង លោកស្រី ប៊ឺ​ណា​ដេ​ត បូ​ឡូ ឌ្យូ​ធី នាយក​ប្រចាំ​ប្រទេស នៃ​អង្គការ HFHC ។​

​បើតាម​សេចក្តី ប្រកាស​ព័ត៌មាន​របស់ HFHC ចេញផ្សាយ​នៅ​ថ្ងៃទី​១៩ តុលា អនុស្សរណៈ នៃ​ការយោគយល់​នេះ គឺ​ដើម្បី​ជំរុញ​កម្មវិធី​នានា​ដែល​នឹង​បង្កើន​ការ​មាន​លំនៅឋាន និង​ការកាន់កាប់​ប្រកបដោយ​សុវត្ថិភាព​។​

​លោក ឆាន់ សាផាន បាន​លើកឡើងថា ការចុះ​MOU​នេះ គឺជា​ឱកាស​ថ្មី​មួយទៀត ក្នុងការ​ចូលរួមចំណែក​អនុវត្ត​គោលនយោបាយ​ជាតិ ស្ដីពី​លំនៅឋាន និង​សារាចរ​លេខ​០៣ ស្ដីពី​ការដោះស្រាយ​សំណង់​បណ្ដោះអាសន្ន​លើដី​រដ្ឋ ដែល​ត្រូវបាន​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​តាម​រាជធានី ខេត្ត ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ លោក ឆាន់ សាផាន រំពឹងថា អង្គការ​លំនៅឋាន​មនុស្ស​ជាតិ នឹង​អនុវត្តបាន​ខ្ជាប់ខ្ជួន តាម​ស្មារតី​នៃ​អនុស្សរណៈ​យោគយល់​ដែល​បានចែង​»​។

​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កំណើនប្រជាជន​ខ្ពស់ និង​កំណើន​អត្រា​ចំណាកស្រុក​ទៅកាន់​ទីក្រុង បានធ្វើ​ឲ្យ​តម្រូវការ​លំនៅឋាន​នៅ​កម្ពុជា កាន់តែ​ខ្ពស់​ដែល​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង ដល់​គ្រួសារ​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម​។  នេះ​ជាការ​សង្កេត​របស់ អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា ដែល​លោកស្រី ប៊ឺ​រណា​ដេ​ត បូ​ឡូ ឌ្យូ​ធី បានលើកឡើង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​។​

​អនុស្សរណៈ​នៃ​ការយោគយល់​នេះ ជា​ផ្នែក​មួយ​នៃ​គម្រោង​គាំទ្រ​ការអនុវត្ត និង​ការបំពេញ​តាម​គោលនយោបាយ​ជាតិ ស្តីពី​លំនៅឋាន ដើម្បី​ជំរុញ​ការ​មាន​លំនៅឋាន និង​ការកាន់កាប់​ប្រកបដោយ​សុវត្ថិភាព SIANHPAAHST) ស្ថិតក្រោម​កម្មវិធី​ពិភពលោក​របស់​អង្គការ HFHC   ឈ្មោះថា Solid Ground សំដៅ​កែលម្អ​លទ្ធភាព មាន​ដីធ្លី​សម្រាប់ធ្វើ​ទីជម្រក​៕


Tag:
 ​លំនៅឋាន​
  MOU
  HFHC
© រក្សាសិទ្ធិដោយ thmeythmey.com