ជាតិ
​​​ន​យោ​បាយ​ជាតិ​
​ឯកឧត្តម សម រង្ស៊ី ថា «​ខ្ញុំ​អត់​ខ្លាច​ទេ​» តែ​លោក សុខ ឥសាន ចំអក​វិញ​ថា បើ​ក្លាហាន​ចូល​ស្រុក​មក​
20, Oct 2016 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ឯកឧត្តម សម រង្ស៊ី បានប្រកាសថា លោក​ហ៊ាន​ជាប់ពន្ធនាគារ និង​បូជាជីវិត ដើម្បី​ជា​ថ្នូរ​ដោះលែង​អ្នកនយោបាយ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​មន្ត្រី​សង្គម​ស៊ីវិល ដែល​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​។ ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី ត្រូវបាន​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សើចចំអក​មេបក្ស​ប្រឆាំង​រូបនេះ​ថា និយាយ​ឲ្យ​តែ​រួចពីមាត់​។​



«​ខ្ញុំ​នឹង​វិល​ត្រឡប់មក​កម្ពុជា ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ ចង់​ចាប់​ដាក់គុក​ក៏បាន ចង់​យកទៅ​សម្លាប់​ក៏បាន ប៉ុន្តែ​សូម​ឲ្យ​ដោះលែង​អ្នកស្នេហាជាតិ​»​។ នេះ​ជាការ​ប្រកាស​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម សម រង្ស៊ី ដែល​អះអាងថា បើ​មន្ត្រី​បក្សប្រឆាំង រួមទាំង​មន្ត្រី​សង្គម​ស៊ីវិល ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ ពេលនោះ​រូបលោក​នឹង​វិល​មក​កម្ពុជា ដោយ​ឥត​ស្ទាក់ស្ទើរ​ឡើយ​។​

​តាមរយៈ Video Conference ជាង​៣​នាទី ដែល​បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​នោះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ សម រង្ស៊ី អត់​ខ្លាច​អ្វី​ទេ ហ៊ាន​បូជាជីវិត​សម្រាប់​ប្រទេសជាតិ​។ ខ្ញុំ ត្រូវតែ​ជួយ​ប្រជារាស្ត្រ ដែល​រងទុក្ខវេទនា​។ ខ្ញុំ សុខចិត្ត​ជាប់គុក​ជំនួស ឲ្យ​តែ​ដោះលែង​អ្នក​ទាំងអស់នោះ​»​។​

​តែ​យ៉ាងណា​ឯកឧត្តម សម រង្ស៊ី បាន​បន្ថែមថា ប្រសិនបើ​អ្នក​ដែល​កំពុង​ជាប់ពន្ធនាគារ មិនទាន់​ត្រូវបាន​ដោះលែង​នោះ លោក​ក៏​មិនអាច​ចូលខ្លួន​ក្នុង​ពន្ធនាគារ​បានដែរ ព្រោះ​វា​នាំ​ឲ្យ​ការតស៊ូ​របស់លោក​បរា​ជ័យ​។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ប្រតិកម្ម​តប​ថា ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម រង្ស៊ី គឺ​ដើម្បី​បោកប្រាស់​ប្រជាជន​និង​អ្នកគាំទ្រ​របស់​ខ្លូន​។ លោក សុខ ឥសាន បន្ថែមថា ឯកឧត្តម សម រង្ស៊ី ដឹង​យ៉ាងច្បាស់​ថា អ្វីដែល​ខ្លួន​ស្នើឡើង គឺ​មិនអាច​ទៅរួច​នោះទេ​។  បើតាម​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ ឯក​ត្ត​ម សម រង្ស៊ី  គ្រាន់តែ​និយាយ​ឲ្យ​ល្អ​ស្តាប់ និង​ចង់​បង្ហាញថា​ខ្លួន​ក្លាហាន ដើម្បី​កុំ​ឲ្យ​អ្នកគាំទ្រ​បាក់​ទឹកចិត្ត​តែប៉ុណ្ណោះ​។ លោក សុខ ឥសាន លើក​ជា​សំនួរ​ដូច្នេះ​ថា​៖«​សួរថា​តើ​លើ​ពិភពលោក​នេះ ប្រទេស​ណា ដែល​អនុញ្ញាត​ឲ្យ​មាន​អ្នកផ្សេង​ជាប់គុក​ជំនួស​អ្នកទោស​នោះ​?​។ អ្នកណា​ប្រព្រឹត្ត គឺ​អ្នកនោះ​ទទួល​»​។

​អ្នកនាំពាក្យ​រូបនេះ សុខ ឥសាន បាន​ថ្លែង​បែប​ចំអក​វិញ​ថា ប្រសិនបើ​ឯកឧត្តម សម រង្ស៊ី ក្លាហាន​មែន​នោះ គួរតែ​វិល​មក​កម្ពុជា ដើម្បី​ទទួលទោស​របស់ខ្លួន ដែល​តុលាការ​បានសម្រេច​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​មិនចាំបាច់​ជាប់ពន្ធនាគារ ជំនួស​អ្នក​ទៃ​ទេ​។

​សូមបញ្ជាក់ថា ឯកឧត្តម សម រង្ស៊ី ត្រូវបាន​តុលាការ កាត់ទោស​រួចទៅហើយ ដោយ​ឲ្យ​អ្នកនយោបាយ​ចាស់វស្សា​រូបនេះ ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ដែល​ប្តឹង​ដោយ​លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រី​នៃ​ក្រសួងការបរទេស​។ ក្រៅពី​បទល្មើស​ខាងលើ ឯកឧត្តម សម រង្ស៊ី នៅមាន​បទល្មើស​មួយចំនួនទៀត ដែល​តុលាការ​កំពុងតែ​ចាត់ការ​៕


Tag:
 សម រង្ស៊ី​
  សុខ ឥសាន​
  ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com