ជាតិ
សេដ្ឋកិច្ច
អគារ​42ជាន់ នឹង​ចាប់ផ្តើម​សង់​ឡើងវិញនៅ​ដើមឆ្នាំ​២០១៧
24, Oct 2016 , 9:39 pm        
រូបភាព
​គម្រោង​អគារ Gold Tower អគារ នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់ឡើង​វិញ នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៧​ខាងមុខ​។ គម្រោង​នេះ បាន​ផ្អាក​ដំណើរការ​សាងសង់​ជាច្រើនលើក ច្រើនសារ​មកហើយ បន្ទាប់ពី​ចាប់ផ្តើម​សង់​លើកដំបូង​នៅក្នុង​ឆ្នាំ​២០០៨។​



​ក្រុមហ៊ុន Yon Woo Cambodia Co. Ltd នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់​អគារ Gold Tower ៤២​ជាន់​ឡើងវិញ នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៧​ខាងមុខ​។ នាយកដ្ឋាន​សំណង់ នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​បានបញ្ជាក់​ព័ត៌មាន​ស្តីពី​ការសាងសង់​អគារ​អគារ​នេះ​។

​លោក ហ៊ុយ ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សំណង់ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ  យ៉ាងនេះ​ថា ៖«​គេ​(​ម្ចាស់​គម្រោង​) បានដាក់​លិខិត​មក​អ៊ីចឹង ប៉ុន្តែ​ដំណើរការ​យ៉ាងណា យើង​នឹង​ពិនិត្យមើល​»​។ លោក ហ៊ុយ ណា​រ៉ា មិនបាន​ប្រាប់​លម្អិត​ជុំវិញ​លិខិតបញ្ជាក់​របស់​ម្ចាស់​គម្រោង ពី​ផែនការ​សាងសង់​នេះឡើយ ដោយ​លោក​ប្រាប់ ថា រវល់​ប្រជុំ​។​

​ក្រុមហ៊ុន Yon Woo Cambodia Co. Ltd បានចាប់ផ្តើម​សាងសង់ គម្រោង Gold Tower ៤២​ជាន់​នៅ​ឆ្នាំ​២០០៨ តែ​ក្រោយមក​គម្រោង​នេះ​បាន​ផ្អាក​សកម្មភាព​វិញ​។ បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​នានា   គម្រោង Gold Tower ៤២​ជាន់ ដែល​ស្ថិតនៅ​ចំណុចប្រសព្វ​រវាង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ព្រះ​នរោត្តម​សីហនុ​នេះ បាន​ផ្អាក​ការសាងសង់​ជា​លើកដំបូង​នៅ​ឆ្នាំ​២០០៩ ក្រោយមក​នៅ​ឆ្នាំ​២០១២ ហើយ​ចុងក្រោយ​នៅ​ឆ្នាំ​២០១៥ បន្ទាប់ពី​បើក​ឲ្យ​ដំណើរ​ការសាងសង់​វិញ​នៅ​ឆ្នាំ​២០១៣ ។ ជា​លទ្ធផល ក្រុមហ៊ុន Yon Woo របស់​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​កូរ៉េ​នេះ ទើប​សម្រេច​ការសាងសង់​របស់ខ្លួន​ត្រឹម​កម្ពស់ ៣២​ជាន់​ប៉ុណ្ណោះ​។

​ទាក់ទង​នឹង​ការផ្អាក​ដំណើរការ​សាងសង់​ជា​ញឹកញាប់​នេះ ក្រសួង​រៀបចំ​ដែនដី បាន​កោះអញ្ជើញ​ក្រុមហ៊ុន​ជាច្រើនលើក ដើម្បី​ជំរុញ​ការសាងសង់​បញ្ចប់​គម្រោង រហូតដល់​មាន​ព័ត៌មាន​ចុងក្រោយ​នេះ ដែល​ក្រុមហ៊ុន​អះអាងថា នឹង​ផ្តើម​សាងសង់​ឡើងវិញ នៅ​ដើមឆ្នាំ​២០១៧ ៕


Tag:
 អចលនទ្រព្យ​
  ​អគារ​42​ជាន់​
  Gold Tower
© រក្សាសិទ្ធិដោយ thmeythmey.com