អន្តរជាតិ
ក្មេងស្រី​រុស្ស៊ី​អាយុ​៤​ឆ្នាំឈ្មោះ Bella និយាយបាន​៧​ភាសា​យ៉ាង​ស្ទាត់ជំនាញ​
27, Oct 2016 , 7:39 am        
រូបភាព
ដោយ: ធីតា
 
 
​កុមារី​រុស្ស៊ី Bella Devayatkina អាយុ​៤​ឆ្នាំ កំពុងមាន​ឈ្មោះ​ល្បី​រន្ទឺ​យ៉ាងខ្លាំង បន្ទាប់ពី​នាង​បាន​ចូលរួម​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ ដោយ​បង្ហាញ​សមត្ថភាព​និយាយបាន​រហូតដល់​ទៅ​៧​ភាសា​ផ្សេងៗ​គ្នា ក្នុងនោះ​មាន​រុស្ស៊ី​ដែលជា​ភាសា​កំណើត រួមទាំង​៦​ភាសា​ទៀត គឺ​អង់គ្លេស បារាំង អាល្លឺម៉ង់ អេ​ស្ប៉ា​ញ ចិន និង​អារ៉ាប់​។​

 
​ក្នុង​កម្មវិធី «Udivitelniye Lyundi» (​មនុស្ស​អស្ចារ្យ​) របស់​ស្ថានីយ៍ទូរទស្សន៍​មួយ នៅ​ទីក្រុង​មូ​ស្គូ កុមារី Bella Devayatkina បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ នាង​ត្រូវបាន​តម្រូវ​ឲ្យ​និយាយ​ភាសា​ផ្សេងៗ​គ្នា ដើម្បី​ទទួលបាន​កាដូ​មួយ​ពី​កម្មវិធី​។​
 
​ក្រៅពី​និយាយ​ភាសា​រុស្ស៊ី​ជាមួយ​ពិធីករ នា​រយៈពេល​៥​នាទី Bella ត្រូវ​ជួប​និយាយ​ជាមួយ​អ្នកជំនាញ​ភាសា​ជា​បន្តបន្ទាប់ ក្នុងនោះ​មាន​អង់គ្លេស បារាំង អាល្លឺម៉ង់ អេ​ស្ប៉ា​ញ ចិន និង​អារ៉ាប់​។ Bella បាន​និយាយ​ភាសា​ទាំងនោះ​ដោយ​គ្មាន​ការរអាក់រអួល​។ បន្ថែម​ពីលើ​នេះ នាង​បានបង្ហាញ​សមត្ថភាព​អាន​ភាសា​អង់គ្លេស និង​បារាំង ហើយ​ច្រៀង​ភាសា​អេ​ស្ប៉ា​ញ​ផងដែរ​។​
 
​យោងតាម RT.com អ្នកស្រី Yulia ដែលជា​ម្តាយ​របស់ Bella បាន​អះអាងថា ដំបូង​ឡើយ គាត់ និង​ស្វាមី​បង្រៀន​កូន​តែ​ភាសា​រុស្ស៊ី និង​អង់គ្លេស ប៉ុណ្ណោះ នៅពេលដែល​នាង​អាយុ​បាន​២​ឆ្នាំ ប៉ុន្តែ​បន្ទាប់មក​ពួកគាត់​សង្កេតឃើញថា Bella មាន​ជំនាញ​ផ្នែក​ភាសាវិទ្យា ទើប​សម្រេចចិត្ត​ឲ្យ​នាង​រៀន​បន្ថែម​ភាសា​ផ្សេងទៀត​៕
  
​ទស្សនាវីដេអូ





 

Tag:
 ភាសាវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com